ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្តជូនគ្រួសារសពរងគ្រោះក្នុងឧបទ្ទេវហេតុដោយគ្រោះធម្មជាតិ
TNM(ខេត្តមណ្ឌលគិរី) ៖ ភ្លាមៗក្រោយទទួលដំណឹងករណីគ្រោះធម្មជាតិរន្ទះបាញ់មនុស្សបណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិកាេសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងសហការី បានចុះពិនិត្យទីកន្លែងកើតហេតុ និងចូលរួមបុណ្យសពជនរងគ្រោះក្នុងឧបទ្ទេវហេតុនេះ នាព្រឹកថ្ងៃទី១៦ មេសា ២០២១។
ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ពិតជាមានក្តីរន្ឋត់តក់ស្លុតជាខ្លាំងក្រោយទទួលបានព័ត៌មានគ្រោះថ្នាក់ធម្មជាតិពីរករណីក្នុងពេលតែមួយ បណ្តាលឲ្យមានប្រជាពលរដ្ឋម្នាក់បាត់បង់ជីវិត និងមន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់។ ឯកឧត្តម បាននាំយកការផ្តាំផ្ញើរំលែកទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេច មានការសោកស្តាយជាខ្លាំង ចំពោះហេតុការដែលបានកើតឡើងលើបងប្អូនអ្នកភូមិ និងបានចូលរួមឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគដល់គ្រួសាររងគ្រោះទាំងពីរ ដើម្បីរំលែកការលំបាកចំពោះមុខ។
សូមបញ្ជាក់ថា នារីវ័យ១៨ឆ្នាំម្នាក់បានស្លាប់នៅតាមផ្លូវ អំឡុងសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអូរអាម រួមទាំងលោកអធិការរងនគរបាលស្រុកកែវសីមាម្នាក់ទៀត ក៏បានរងរបួសក្នុងហេតុការណ៍រន្ទះបាញ់ ដែលបានកើតឡើង នៅវេលាម៉ោង៩:២០នាទីព្រឹក នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ។
សមត្ថកិច្ចមូលដ្ឋានបានរាយការថា មានភ្លៀងមួយមេធំបានបង្អុរនៅព្រឹកថ្ងៃកើតហេតុ ស្រាប់តែមានករណីរន្ទះបាញ់កើតឡើងនៅចំនុចគីឡូលេខ៣៧ ស្ថិតនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បណ្តាលឲ្យជនរងគ្រោះឈ្មោះ គង់ ច្រិច ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំខាងលើបានស្លាប់។
ក្នុងពេលជាមួយគ្នានេះដែរ សមត្ថកិច្ចប្រចាំការនៅចំនុចគោលដៅព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ក៏ជួបគ្រោះថ្នាក់រន្ទះបាញ់នេះ បណ្តាលឲ្យមន្ត្រីនគរបាល និងអាវុធហត្ថជាច្រើននាក់ត្រូវចំហាយបណ្តាលឲ្យរងរបួស ប៉ុន្តែលោកអធិការរងម្នាក់ដែលស្ថិតក្នុងហេតុការនោះ ត្រូវរបួសធ្ងន់ជាងគេកំពុងសម្រាកនៅមន្ទីរពេទ្យ។ ជនរងគ្រោះម្នាក់ឈ្មោះ កែវ សាវុធ ហៅមុត ភេទប្រុស អាយុ៥២ មុខរបរ អធិការរងស្រុកកែវសីមា( របួសស្រាល)ដែលកើតឡើងនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕