ផ្ទុះការតវ៉ា ប្រជាពលរដ្ឋជាង១០០គ្រួសារនៅតំបន់ព្រះស្នែង ស្នើឱ្យម្ចាស់ស្ថានីយបូមទឹកដាក់ប្រឡាយបង្ហូរចូលស្រែ ក្រោយអាជ្ញាធរស្រុកកំពង់ស្វាយចុះហាមឃាត់
ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋជាង១០០គ្រួសារ បាននាំគ្នាតវ៉ានៅស្ថានីយក្បាលប្រឡាយបង្ហូរទឹកព្រះស្នែង និងបានស្នើសុំឱ្យលោក ហង់ សុគន្ធ ដែលជាម្ចាស់សហកម្មសិទ្ធិគ្រប់គ្រងស្ថានីយប្រឡាយព្រះស្នែង និងព្រះគន្លង បូមទឹកស្ទឹងសែនដាក់បញ្ចូលទៅក្នុងប្រឡាយ ដើម្បីឱ្យប្រជាកសិករប្រើប្រាស់ និងបូមទឹកបញ្ចូលស្រែរបស់ពួកគេដែលកំពុងប្រឈមនឹងការងាប់។ ប៉ុន្តែលោក ឡាង សារូ អភិបាលរងស្រុកកំពង់ស្វាយ បានអនុវត្តបទបញ្ជាផ្ទុយពីលិខិតបង្គាប់ការដែលចេញដោយលោកអភិបាលស្រុក ដឹកនាំកម្លាំងចម្រុះចុះទៅហាមឃាត់មិនឱ្យមានការបូមទឹកបញ្ចូលប្រឡាយឡើយ…។ បន្ទាប់ពីឃើញប្រជាពលរដ្ឋជាច្រើនរយនាក់ផ្ទុះការតវ៉ាទាមទារឱ្យមានការបូមទឹកស្ទឹងបង្ហូរចូលប្រឡាយ លោក ហង់ សុគន្ធ ម្ចាស់សហកម្មសិទ្ធិគ្រប់គ្រងស្ថានីយប្រឡាយព្រះស្នែង និងព្រះគន្លង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានចុះទៅសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងបានសាកសួរទៅអាជ្ញាធរស្រុកកំពង់ស្វាយ ដឹកនាំដោយលោក ឡាង សារូ ដែលបានចុះទៅធ្វើការហាមឃាត់មិនឱ្យក្រុមការងាររបស់លោកបូមទឹកបង្ហូរបញ្ចូលប្រឡាយមេព្រះស្នែង កាលពីថ្ងៃពុធទី២៧ធ្នូនោះ ដោយបានធ្វើការសាកសួររកលិខិតបញ្ជាបេសកកម្ម និងលិខិតបង្គាប់ការ ចំពោះការចុះមកហាមឃាត់ការបូមទឹករបស់ពួកគាត់នេះ។ លោកអភិបាលរងស្រុក ឡាង សារូ មិនមានលិខិតផ្លូវច្បាប់ណាមួយយកមកបង្ហាញដល់ប្រជាពលរដ្ឋ និងលោក ហង់ សុគន្ធ ក្រៅតែលិខិតបង្គាប់ការមួយចេញដោយ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ដែលបានចាត់តាំងក្រុមការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យស្រាវជ្រាវ ទប់ស្កាត់បង្ក្រាបបទល្មើសបំផ្លាញធម្មជាតិ និងការទន្ទ្រានឈូសឆាយដីព្រៃលិចទឹក មានសមាសភាព២២រូប ក្រោមការដឹកនាំរបស់លោក ឡាង សារូ ខ្លួនឯងផ្ទាល់នោះឡើយ។ ក្នុងលិខិតបង្គាប់ការដដែលនេះ បានបញ្ជាក់យ៉ាងច្បាស់ថា៖«ក្រុមការងារត្រូវចុះពិនិត្យស្រាវជ្រាវ ទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ និងការទន្ទ្រានឈូសឆាយដីព្រៃលិចទឹក យកដីធ្វើជាកម្មសិទ្ធិ និងទប់ស្កាត់ការបង្កើនផលលើដីរបស់រដ្ឋក្រៅពីតំបន់ឆ្វៀលក្នុងដែនសមត្ថកិច្ចស្រុកកំពង់ស្វាយ ចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ចប់ភារកិច្ច»។ ប៉ុន្តែលិខិតបង្គាប់ការនោះ មិនបានបញ្ជាក់ពីការហាមឃាត់មិនឱ្យលោក ហង់ សុគន្ធ ម្ចាស់សហកម្មសិទ្ធិគ្រប់គ្រងស្ថានីយប្រឡាយព្រះស្នែង និងព្រះគន្លង បូមទឹកដាក់ប្រឡាយនោះឡើយ ហើយក៏មិនដឹងថា លោកអភិបាលរងស្រុក ឡាង សារូ ទទួលបានសិទ្ធិពីនរណាទើបហ៊ានចុះអនុវត្តច្បាប់ហាមឃាត់ លើសពីបទបញ្ជាថ្នាក់ដឹកនាំរបស់ខ្លួនបែបនេះឡើយ? ជាមួយគ្នានេះ លោក ឡាង សារូ នៅតែបញ្ជាក់ប្រាប់ថា លោកបានទទួលបទបញ្ជាពីលោកអភិបាលស្រុកកំពង់ស្វាយ និងឯកឧត្តមម្នាក់(ប៉ុន្តែមិនបញ្ជាក់ឈ្មោះឯកឧត្តមណាឡើយ) ថាឱ្យមកចុះហាមឃាត់ស្ថានីយបូមទឹកព្រះស្នែងនេះ ហើយលោកជាថ្នាក់ក្រោម ធ្វើតែតាមបទបញ្ជាថ្នាក់លើបញ្ជាប៉ុណ្ណោះ ដូច្នេះ បើចង់ដឹងច្បាស់ សួរទៅលោកអភិបាលស្រុកទៅ។ ដោយមិនអាចឆ្លើយតបទៅនឹងសំណួររបស់ម្ចាស់ស្ថានីយបូមទឹកព្រះស្នែងបាន និងដោយមើលឃើញប្រជាពលរដ្ឋមកជួបជុំគ្នាច្រើនផង លោក ឡាង សារូ និងមន្ត្រីចម្រុះប៉ុន្មាននាក់នោះ បានភាសខ្លួនចេញពីស្ថានីយបូមទឹកព្រះស្នែង ភ្លាមៗតែម្ដង។ ដោយឡែក ប្រជាពលរដ្ឋធ្វើស្រែប្រាំងនៅតំបន់កាត់ឆ្វៀលដែលរួមមាន៖ បឹងធ្នឹម,អន្សោម,បឹងមូល,ក្រពើសំ,ក្អែកដំបង,វាលស្រង៉ែ,វាលតាប៉ុក ប្រមាណជាង១០០គ្រួសារ ដែលបាននាំគ្នាមកតវ៉ាចំពោះការបិទមិនឱ្យបូមទឹកបញ្ចូលប្រឡាយនោះ បានឱ្យដឹងស្របគ្នាថា ពួកគាត់មិនយល់ព្រមលើការហាមឃាត់របស់អាជ្ញាធរស្រុកដែលមានលោក ឡាង សារូ ដឹកនាំនេះទេ ព្រោះស្រូវរបស់ពួកគាត់នៅឯតំបន់ខាងក្រោមកំពុងត្រូវការទឹកស្រោចស្រពជាចាំបាច់។ ការចុះមកហាមឃាត់ម្ចាស់ស្ថានីយមិនឱ្យបូមទឹកដាក់ប្រឡាយនេះ គឺអាជ្ញាធរចង់សម្លាប់ប្រជាពលរដ្ឋតែម្ដង ព្រោះម្នាក់ៗបានជំពាក់បំណុលធនាគារយកប្រាក់មកធ្វើស្រែ បើគ្មានទឹកបែបនេះ តើស្រូវនឹងរស់ម្តេចបានទៅ? ហើយពួកគាត់ទៅរកប្រាក់ឯណាទៅសងធនាគារ? ប្រជាពលរដ្ឋបានបញ្ជាក់ច្បាស់ៗថា បើអាជ្ញាធរស្រុកចុះមកហាមឃាត់ទៀត ពួកគាត់នឹងទៅប្តឹងដល់រដ្ឋបាលខេត្ត ឬរដ្ឋបាលរាជធានីតែម្ដង។ អ្នកស្រី ថៃ នាង រស់នៅកោះគ្របបាយ, លោក ឈឿង ឈឹម រស់នៅភូមិអូរគន្ធរ, អ្នកនាង ភឿ ពិសិដ្ឋ រស់នៅភូមិខ្សាច់ជីរស់ និងលោក ហ៊ឹម ហៀង រស់នៅភូមិអូរសំបួរ បានឱ្យដឹងបន្ថែមថា ពួកលោកទាំងអស់គ្នា មិនទទួលយកក្រុមណាផ្សេងដែលចាត់តាំងដោយរដ្ឋបាលខេត្តកំពង់ធំ ចុះមកបូមទឹកប្រឡាយនេះជំនួសលោក ហង់ សុគន្ធ នោះឡើយ ព្រោះក្រុមដែលរដ្ឋបាលខេត្តដាក់មកលើកមុនៗ គឺបានធ្វើបាបប្រជាពលរដ្ឋខ្លាំងណាស់ ទាំងការបូមទឹកឱ្យប្រជាពលរដ្ឋប្រើប្រាស់មិនគ្រប់គ្រាន់ និងទារថ្លៃបូមខ្ពស់កប់ពពក ដោយដំបូងថាយកថ្លៃដូចម្ចាស់ស្ថានីយដើម(លោក ហង់ សុគន្ធ) គឺ១១០ដុល្លារក្នុងការប្រើប្រាស់មួយរដូវ តែដល់ពេលប្រជាពលរដ្ឋប្រមូលផលរួចបែរជាទាមទារឡើងថ្លៃដល់១៥០ដុល្លារទៅវិញ។ ទោះជាយ៉ាងណា ក្រោយពីអភិបាលរងស្រុកចាកចេញពីកន្លែងដែលប្រជាកសិករប្រមូលផ្តុំគ្នានោះ ម្ចាស់ស្ថានីយបូមទឹកប្រឡាយព្រះស្នែង លោក ហង់ សុគន្ធ បានចាត់តាំងឱ្យក្រុមការងាររបស់លោកបូមទឹកបញ្ចូលប្រឡាយវិញជាធម្មតា ធ្វើឱ្យប្រជាកសិករនាំគ្នាទះដៃអបអរសាទរលោកជាខ្លាំង ព្រោះស្រូវរបស់ពួកគាត់ដែលបាននិងកំពុងរង់ចាំទឹកប្រឡាយនេះទៅសង្គ្រោះ នឹងរស់ឡើងវិញមិនខាន ខណៈដែលផ្ទៃដីស្រូវកង្វះទឹកមានដល់ទៅរាប់រយហិកតាឯណោះ។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃ២០ ខែមករា ឆ្នាំ២០២៣ អាជ្ញាធររដ្ឋបាលខេត្តដឹកនាំដោយ លោក សុក ហៃ ដែលជាអភិបាលរង និងលោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំមួយជាមួយលោក ហង់ សុគន្ធ និងមន្ទីរពាក់ព័ន្ធ ដោយលោក ម៉ាក់ ប៊ុនហុង បានលើកឡើងថា «ប្រព័ន្ធប្រឡាយទឹកដែលបងប្អូនធ្វើអាជីវកម្មទាំងអស់គឺថា រដ្ឋនឹងទិញយកស្ថានីយ និងប្រឡាយទឹកទាំងអស់ត្រឡប់មកវិញ ដើម្បីរដ្ឋគ្រប់គ្រង យោងតាម សជណ លេខ៧៧ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី»។ ជាមួយគ្នានោះ លោក ហង់ សុគន្ធ ក៏បានឯកភាពរង់ចាំការទិញស្ថានីយ និងប្រឡាយតាមការបញ្ជាក់របស់រដ្ឋបាលខេត្តផងដែរ។ ប៉ុន្តែភ្លាមនោះ ស្រាប់តែលេចចេញឈ្មោះ ជុំ វាសនា ជាមេខ្លោងជាមួយបក្ខពួក៤នាក់ទៀត មកគ្រប់គ្រងជំនួសលោក ហង់ សុគន្ធ ទៅវិញ។ ក្រោយមកឈ្មោះ ជុំ វាសនា និងបក្ខពួកទាំង៤នាក់ទៀតនោះ បានបង្កើតគំនិតទុច្ចរិតមួយដោយបានគប់គិតគ្នាបង្កើតល្បែងសហគមន៍ខុសច្បាប់មួយ និងបានទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅស្ថានីយព្រះគន្លង ប៉ុន្តែក្រោយមកត្រូវបានតុលាការផ្តន្ទារទោស និងបានចេញដីការក្សាការពារ ហាមក្រុមនេះមិនឱ្យធ្វើសកម្មភាពផ្សេងៗនៅលើប្រឡាយព្រះគន្លង។ ក្នុងអំឡុងក្រុមនេះគ្រប់គ្រងបានមួយរយៈពេល គឺបានធ្វើឱ្យប្រជាកសិករក្ដៅក្រហាយជាខ្លាំង ដោយប្រជាកសិករទាំងនោះលើកឡើងថា ពួកគេបានទារថ្លៃបូមទឹកខ្ពស់កប់ពពក និងបូមទឹកបញ្ចូលស្រែមិនគ្រប់គ្រាន់តាមកិច្ចសន្យាឡើយ ធ្វើឱ្យស្រូវប្រជាកសិករមួយចំនួនធំងាប់អស់ជាច្រើនហិកតា…៕ សម្រួលដោយ ទៀង បុណ្ណរី