តើប្រទេសថៃទៅជាយ៉ាងណា!! មនុស្ស ៦នាក់ស្លា.ប់ និងរាប់ម៉ឺននាក់រងទុក្ខវេទនាដោយសារគ្រោះទឹកជំនន់វាយប្រហារភាគខាងត្បូងប្រទេសថៃ
អាជ្ញាធរថៃ បានឱ្យដឹងនៅថ្ងៃពុធ ទី២៧ធ្នូនេះថា ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ និងបង្កផលប៉ះពាល់ដល់រាប់ម៉ឺនគ្រួសារ…។ មន្ត្រីក្នុងតំបន់ បានបញ្ជាក់ថា ទឹកជំនន់ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២២ ខែធ្នូ បានវាយប្រហារផ្ទះប្រជាពលរដ្ឋថៃជាង ៧ម៉ឺនខ្នង នៅទូទាំងខេត្ត សាទុន (Satun), សង់ក្លា (Songkhla), ប៉ាថានី (Pattani), យ៉ាឡា (Yala) និង ណារ៉ាធីវ៉ាត (Narathiwat)។ អភិបាលរងខេត្ត លោក ព្រីឆា ណូលណយ (Preecha Nualnoi) បានប្រាប់សារព័ត៌មាន AFP ថា មនុស្ស ៦នាក់ រួមទាំងស្ត្រីអាយុ ៨៩ឆ្នាំម្នាក់ និងក្មេងទើបចេះដើរតេះតះម្នាក់ត្រូវបានស្លាប់នៅក្នុងខេត្ត ណារ៉ាធីវ៉ាត។ លោកបន្តថា មនុស្សម្នាក់ទៀតនៅតែបន្តបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលបានបង្កឱ្យមានគ្រោះទឹកជំនន់ជន់ឡើងដល់កម្ពស់ ៣ម៉ែត្រនៅកន្លែងខ្លះ។ ក្រុមសង្គ្រោះបានធ្វើការមិនស្គាល់ថ្ងៃ មិនស្គាល់យប់ដើម្បីចែកទឹក អាហារសម្រន់ និងពិនិត្យមើលអគារដែលរងការខូចខាត និងស្វែងរកជនរងគ្រោះ។ យ៉ាងណា លោក ព្រីឆា បញ្ជាក់ថា សេវាកម្មផ្លូវដែកមួយចំនួននៅក្នុងខេត្តណារ៉ាធីវ៉ាត់ ដែលមានព្រំប្រទល់ជាប់ប្រទេសម៉ាឡេស៊ីបានដំណើរការឡើងវិញបន្ទាប់ពីប៉ុន្មានថ្ងៃនៃការបិទ ដោយសារតែផ្លូវរថភ្លើងស្ថិតក្រោមផ្ទៃទឹក។ មែនទែនទៅ រដូវវស្សារបស់ព្រះរាជាណាចក្រថៃតែងតែនាំមកនូវទឹកជំនន់ជាច្រើនខែ ប៉ុន្តែអ្នកវិទ្យាសាស្ត្រលើកឡើងថា ការប្រែប្រួលអាកាសធាតុដែលបង្កើតឡើងដោយមនុស្ស អាចធ្វើឱ្យមានភ្លៀងធ្លាក់កាន់តែខ្លាំងឡើង។ គួរំឭកថា ក្នុងឆ្នាំ ២០១១ ទឹកជំនន់ហូរច្រោះពាសពេញប្រទេសបានសម្លាប់មនុស្សរាប់រយនាក់ និងបំផ្លាញផ្ទះរាប់លានខ្នងនៅទូទាំងប្រទេស៕ សម្រួលដោយ ទៀង បុណ្ណរី