ប្រទេសថៃភាគខាងត្បូងរងការវាយប្រហារដោយទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់
ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់រយៈពេលពីរថ្ងៃនៅភាគខាងត្បូងប្រទេសថៃ បានបណ្តាលឱ្យមានទឹកជំនន់រីករាលដាលនៅក្នុងខេត្តណារ៉ាធីវ៉ាត់ និងខេត្តយ៉ាឡា ដោយបង្កផលប៉ះពាល់ដល់៦៧ភូមិក្នុង១៦ស្រុក។ នៅខេត្តណារ៉ាធីវ៉ាត់ ស្រុកចំនួនប្រាំបួនត្រូវបានជន់លិចនៅព្រឹកថ្ងៃចន្ទទី២៥ ខែធ្នូនេះ ដែលប៉ះពាល់ដល់គ្រួសារចំនួន៩៥៥៨ និងមានប្រជាជនចំនួនជាង៣ម៉ឺន៨ពាន់នាក់ ក្នុង៤៤ភូមិ។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺស្រុក យីងហ្គោ Yingo ដែលមានប្រជាជនជាង៣ពាន់គ្រួសារ មានមនុស្សជាង១ម៉ឺននាក់បានរងផលប៉ះពាល់ បន្ទាប់មកគឺស្រុក ឆានែ Chanae មានប្រជាជនជាង២ពាន់គ្រួសារ និងមនុស្សជាង១ម៉ឺននាក់បានរងផលប៉ះពាល់ និងសាលារៀនមួយបានខូចខាត និងស្រុករាំងហ្គែ Rangae មានប្រជាជនជាង២ពាន់គ្រួសារ និងមនុស្សជាង៨ពាន់នាក់ និងសាលារៀនចំនួន៧កន្លែងទៀតបានខូចខាត។ នៅខេត្តយ៉ាឡា ទឹកជំនន់បានវាយប្រហារភូមិចំនួន២៣ ក្នុងស្រុកចំនួន៧ គឺស្រុកថាន់តូ យ៉ាហា កាបាង បាណងសាតា រ៉ាម៉ាន់ ក្រាំងពីង និងស្រុកមឿង។ ផ្លូវថ្នល់ និងផ្ទះសម្បែងក្នុងក្រុងយ៉ាឡា ជាពិសេសតំបន់ទំនាប ត្រូវបានជន់លិចដោយទឹកកម្ពស់ប្រហែល១ម៉ែត្រនៅព្រឹកថ្ងៃចន្ទ ហើយមិនអាចធ្វើដំណើរបានសម្រាប់រថយន្តធុនតូច។ សហគមន៍ Talad Kao និង Withoon Uthit ត្រូវបានជន់លិចដោយទឹកពីវាលភក់ Bae Mo។ សាលារៀន៥កន្លែងនៅតំបន់ Talad Kao ត្រូវបានជន់លិចយ៉ាងខ្លាំង និងបានបិទទ្វាររយៈពេលពីរថ្ងៃ ឬរហូតដល់ស្ថានភាពត្រឡប់មកធម្មតាវិញ។ ជុំវិញបញ្ហានេះ លោក ឆៃវ៉ាត់ ជុនធីរ៉ាផុង (Chaiwat Junthirapong) អគ្គនាយកនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានលើកឡើងថា ការិយាល័យខេត្តកំពុងធ្វើការជាមួយរដ្ឋបាលមូលដ្ឋាន ដើម្បីបង្ហូរទឹកចេញពីតំបន់លិចទឹក និងធ្វើការស្ទង់មើលការខូចខាតជារួម ដើម្បីផ្តល់ជំនួយ និងសំណង។ លោកបន្តថា សម្រាប់ជំនួយ ប្រជាជនអាចទូរសព្ទទៅមជ្ឈមណ្ឌលបណ្តឹងរបស់នាយកដ្ឋាន ហើយពួកគេក៏អាចតាមដានការព្រមានអំពីគ្រោះមហន្តរាយនៅលើកម្មវិធី THAI DISASTER ALERT ផងដែរ៕ សម្រយលដោយ ទៀង បុណ្ណរី