តំបន់មួយចំនួននៅកម្ពុជា បន្តចុះត្រជាក់ដល់១៦អង្សាសេ ដូច្នេះសូមថែទាំសុខភាព
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ឲ្យដឹងថា នៅក្នុងថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ តំបន់មួយចំនួនរបស់ប្រទេសកម្ពុជា នៅបន្តមានអាកាសធាតុត្រជាក់រហូតដល់១៦អង្សាសេ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នេះបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែធ្នូ ប្រព័ន្ធសម្ពាធខ្ពស់នៅលើប្រទេសចិន បន្តឥទ្ធិពលគ្របដណ្ដប់ទៅលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសាន បក់ពីបង្គួរទៅខ្លាំង ហើយចាប់ពីថ្ងៃទី២៧ ខែធ្នូ ឥទ្ធិពលប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសាន នឹងចុះខ្សោយ។ ក្រសួងធនធានទឹក បានលើកឡើងបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសនៅតាមបណ្តាខេត្តជាប់ក្បែរនឹងភូមិសាស្ត្រជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន បន្តត្រជាក់នៅពេលព្រឹក។ ហើយចាប់ពីថ្ងៃទី២៧ ខែធ្នូ ធាតុអាកាសត្រជាក់ថមថយ ជាមួយនឹងសីតុណ្ហភាពកើនឡើង។ ក្រសួងធនធានទឹក បានលើកឡើងទៀតថា តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមា ចាប់ពី១៧អង្សាសេ-២២អង្សាសេ និងសីតុណ្ហភាពអតិបរមា ចាប់ពី២៧អង្សាសេ-២៩អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនចាប់ពី៤ម៉ែត្រ-៦ម៉ែត្រ/វិនាទី។ នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែធ្នូ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាប សីតុណ្ហភាពអប្បបរមា ចាប់ពី ១៧អង្សាសេ-១៩អង្សាសេ។ ចំណែកនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា ចាប់ពី១៦អង្សាសេ-២១អង្សាសេ និងសីតុណ្ហភាពអតិបរមា ចាប់ពី២៦អង្សាសេ-២៨អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនចាប់ពី៥ម៉ែត្រ-៧ម៉ែត្រ/វិនាទី។ នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែធ្នូ ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមា ចាប់ពី១៦អង្សាសេ-១៨អង្សាសេ។ ក្រសួងធនធានទឹក បានលើកឡើងបន្តទៀតថា ដោយឡែកនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ចាប់ពី២១អង្សាសេ-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមា ចាប់ពី២៨អង្សាសេ-៣០អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនចាប់ពី៥ម៉ែត្រ-៧ម៉ែត្រ/វិនាទី និងរលកសមុទ្រ មានកម្ពស់ចាប់ពី១,៥០ម៉ែត្រ-២,០០ ម៉ែត្រ។ ក្រសួងបានបន្ថែមថា អាស្រ័យពីស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យបានសមរម្យ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុណាមួយ៕ សម្រួលដោយ ទៀង បុណ្ណរី