ក្រសួងទេសចរណ៍ ប្រកាសគាំទ្រព្រឹត្តិការណ៍ «បុណ្យភ្នំ» ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍

ខេត្តពោធិ៍សាត់៖ ក្រសួងទេសចរណ៍កម្ពុជា កាលពីថ្ងៃទី២៤ធ្នូ ឆ្នាំ២០២៣ បានប្រកាសគាំទ្រព្រឹត្តិការណ៍បុណ្យភ្នំ ដែលរៀបចំឡើងជាលើកដំបូងនៅលើភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់ ក្រោមកិច្ចសហការរៀបចំដោយមន្ទីរទេសចរណ៍ខេត្ត ជាមួយវិស័យឯកជន ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក…។  ក្រសួងអះអាងថា ព្រឹត្តិការណ៍«បុណ្យភ្នំ [Phnom Festival]» ត្រូវបានរៀបចំឡើងក្នុងគោលបំណង ជំរុញចលនាទេសចរណ៍ក្នុងស្រុកស្របតាមស្មារតីរបស់ក្រសួងទេសចរណ៍ «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ក៏ដូចជាការវិនិយោគតំបន់ភ្នំ១៥០០ ស្រុកវាលវែង ជាពិសេសផលិតផលទេសចរណ៍ថ្មីៗ រមណីយដ្ឋានទេសចរណ៍ប្រណិត និងធម្មជាតិដ៏ស្រស់បំព្រងសមជាគោលដៅ «បុប្ផាលាក់ខ្លួន» នៃខេត្តពោធិ៍សាត់។ ម៉្យាងវិញទៀតព្រឹត្តិការណ៍នេះ នឹងភ្ជាប់ទំនាក់ទំនងរវាងវិស័យរដ្ឋាភិបាល និងឯកជន ជាពិសេសលើកទឹកចិត្តដល់អ្នកវិនិយោគគោលដៅទេសចរណ៍នៅក្នុងតំបន់ភ្នំ១៥០០ និងបង្ហាញពីការយកចិត្តទុកដាក់ របស់ក្រសួងទេសចរណ៍ តាមរយៈការរៀបចំព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍នានា។ ជាមួយគ្នានោះ ក្រសួងទេសចរណ៍ ក៏បានបង្ហាញគោលបំណងចង់ជំរុញលើកកម្ពស់បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ តាមរយៈការផ្សព្វផ្សាយឌីជីថល និងការកក់សំបុត្រចូលរួមតាមប្រព័ន្ធ Wonderpass Technology ផងដែរ។  គួរជម្រាបថា ព្រឹត្តិការណ៍ «បុណ្យភ្នំ» ជាលើកដំបូងនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុន Wonderpass Technology, Solo Landscapes និង Kai Creative Station ដោយទទួលបានការគាំទ្រពីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់។ ពិធីនោះធ្វើឡើងនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមវត្តមានលោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាអភិបាលរងខេត្តពោធិ៍សាត់ ព្រមទាំងរដ្ឋបាលស្រុកវាលវែង និងវិស័យឯកជន តំណាងហាងកាហ្វេភ្នំ និងទេសចរប្រមាណ៣០០នាក់៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង