កសិករ​ក​ចិញ្ចឹម​ក្របី ត្អួ​ញ​ត្អែ​រថា «​ក្របី​រាប់​ពាន់​ក្បាល​លក់​មិន​ចេញ អត់​ទីផ្សារ​»

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ចិញ្ចឹមសត្វ​គោ ក្របី មានការ​ត្អូញត្អែ​ថា «​ឈ្មួញ​វៀតណាម​ឈប់​មក​ទិញ​គោក្របី​ផ្ទាល់​ហើយ បើ​មក​ទិញ​គឺ​ទម្លាក់​តម្លៃ​ទាប​ជាង​ពី​មុន​»​។ ខណៈ​ករណី​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុង​ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។  បើ​តាម​ប្រជា​កសិករ​អ្នក​ចេញ្ចឹម​ក្របី រស់នៅ​ភូមិ​បា​សាក់ ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ បាន​លើក​ឡើង​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​ថា «​ដោយសារ​សត្វ​គោក្របី​បច្ចុប្បន្ន​មាន​តម្លៃ​ទាប ជា​ពិសេស​សត្វ​ក្របី​របស់​ពួក​គាត់ លក់​មិន​ចេញ កកស្ទះ​រាប់​ពាន់​ក្បាល ដោយ​ឈ្មួញ​ទម្លាក់​តម្លៃ​ក្របី​១​ក្បាល (​ក្របី​កាច់ធ្មេញ​១) តម្លៃ​ត្រឹមតែ​១​លាន​៥​សែន​រៀល​ប៉ុណ្ណោះ ហើយ​កាលពីមុន តម្លៃ​១​ក្បាល គឺ​ចាប់ពី​៣​លាន​រៀល ទៅ​៤​លាន​រៀល​»​។   ប្រភព​ដដែល​បន្ត​ថា «​ចំពោះ​សាច់​គោ សាច់​ក្របី គឺ​នៅ​មាន​តម្លៃ​ខ្ពស់​ដដែល បើ​ងៀត​ក្របី គេ​លក់​នៅ​ទីផ្សារ​១​គីឡូ តម្លៃ​១២​ម៉ឺន​រៀល ងៀត​គោ​១​គីឡូ​តម្លៃ​៨​ម៉ឺន​រៀល​»​។  ប្រជា​កសិករ​ជា​អ្នក​ចិញ្ចឹម​ក្របី បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា «​ពួក​គាត់​រស់នៅ​ជិត​បន្ទាត់​ព្រំ​ដែន ហើយ​រំពឹង​ទៅ​លើ​ការ​ចិញ្ចឹម​ក្របី ដោយ​ក្នុង​១​គ្រួសារ មាន​ចាប់ពី​២០​ក្បាល រហូត​ដល់​ទៅ​៤៥​ក្បាល ហើយ​គ្រួសារ​ខ្លះ​ចិញ្ចឹម​ចាប់ពី​៥០​ក្បាល​ទៅ​១០០​ក្បាល ខណៈ​ពេល​សត្វ​ក្របី​លក់​មិន​ចេញ គ្មាន​ទីផ្សារ​បែប​នេះ គឺ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​យ៉ាង​ខ្លាំង​។ ប្រជាពលរដ្ឋ ក៏​បាន​សំណូមពរ សូម​ឲ្យ​រាជរដ្ឋា​ភិបាល មេត្តា​ពិនិត្យ ជួយ​រក​ទីផ្សារ​សត្វ​គោ ក្របី ឲ្យ​ប្រជា​កសិករ​ដែល​ជា​អ្នក​ចិញ្ចឹមសត្វ​ផង​» ។   ប្រជា​កសិករ​ជា​អ្នក​ចិញ្ចឹម​ក្របី បន្ត​ថា «​កន្លង​មក សត្វ​គោ ក្របី រំពឹង​ទៅ​លើ​ការ​លក់​ចេញ​ទៅ​ប្រទេស​វៀតណាម​តែ​មួយ​គត់ ដោយ​គេ​ចូល​មក​ទិញ​ផ្ទាល់ ក៏​ប៉ុន្តែ​ចាប់ពី​ដើមខែ​វស្សា​ឆ្នាំ​២០២៣​នេះ សត្វ​ក្របី មាន​ជំងឺ​អុតក្តាម សា​ទឹក​មក ឈ្មួញ​វៀតណាម​ក៏​ឈប់​ចូល​មក​ទិញ​តែ​ម្ដង បង្ក​ឲ្យ​ក្របី​លក់​លែង​ចេញ​។ ហើយ​បើសិនជា​មាន​អ្នកទិញ គឺ​ឈ្មួញ​ក្នុងស្រុក គេ​មក​ទិញ​បួន​ប្រាំ​ក្បាល និង​ទិញ​កា​.​ប់​សា​.​ច់​លក់​១​ក្បាល ឬ​២​ក្បាល​តែ​ប៉ុណ្ណោះ​»​។  ប្រជា​កសិករ​ជា​អ្នក​ចិញ្ចឹម​ក្របី បន្ត​ទៀត​ថា «​ដូច្នេះ សូម​ឲ្យ​រាជរដ្ឋាភិបាល​មេ​តា្ត​ជួយ​រក​ទីផ្សារ​ឲ្យ​ប្រជា​កសិករ​ផង ដោយ​បច្ចុប្បន្ន​នេះ ទីផ្សារ​សត្វ​ក្របី និង​គោ នៅ​លើ​ពិភពលោក ត្រូវការ​ច្រើន ជា​ពិសេស​មាន​ឈ្មួញ​នាំ​សត្វ​ក្របី​ពី​បរទេស​ឆ្លងកាត់​ប្រទេស​កម្ពុជា ឆ្លង​ដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​រាល់ថ្ងៃ រាប់រយ​ក្បាល ក៏​ប៉ុន្តែ​ក្របី​ប្រជា​កសិករ​ខ្មែរ បែរជា​គ្មាន​ទីផ្សារ​»​។  គួរ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ចម្លង ស្រុក​ស្វាយ​ជ្រំ ក៏​បាន​នាំ​គ្នា​ដេញ​សត្វ​ក្របី​មក​ឃ្វាល​នៅ​តាម​បន្ទាត់​ព្រំដែន​នេះ​ដែរ ដោយ​មាន​ក្របី​ប្រមាណ​ជាង​២០០​ក្បាល ។ ហើយ​ពលរដ្ឋ​បាន​ដេញ​ក្របី​មក​ឃ្វាល​រាល់ថ្ងៃ គឺ​ព្រឹក​ម៉ោង​៨​និង​១០​នាទី​ដេញ​ចេញពី​ភូមិ​មក​ឃ្វាល លុះដល់​ម៉ោង​៤​រសៀល ទើប​ដេញ​ក្របី​ត្រឡប់​ទៅ​ផ្ទះ​វិញ​។  បើ​តាម​បុរស​ខាងលើ និង​ជា​អ្នក​ឃ្វាលក្របី បាន​ត្អូញត្អែរ​ដែរ​ថា «​ចាប់តាំងពី​ខែ​ម​សា ឆ្នាំ​២០២៣​មក ឈ្មួញ​វៀតណាម​ឈប់​មក​ទិញ​សត្វ​ក្របី​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ផ្ទាល់​ដូច​មុន ដោយ​សមត្ថកិច្ច​ខាង​វៀតណាម គេ​បិទ​ឈប់​ឲ្យ​នាំ​សត្វ​ក្របី​ចូល​ប្រទេស​វៀតណាម​»​។  បុរស​រូប​នោះ​បន្ត​ថា​« បច្ចុប្បន្ន គឺ​មាន​តែ​ឈ្មួញ​ខ្មែរ​ដើរ​ប្រមូល​ទិញ​យក​ទៅ​ប្រោះ​ទុក (​យក​ទៅ​បំប៉ន​) ក៏​ប៉ុន្តែ​ឈ្មួញកណ្តាល​ខ្មែរ​យើង​ទិញ​ថោក ដោយ​ក្របី​ធំ​១​ក្បាល តម្លៃ​១​លាន​៥​សែន​រៀល​តែ​ប៉ុណ្ណោះ​។ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​មុន និង​ដើមឆ្នាំ​២០២៣ ក្របី​ធំ ឬ​ក្របី​ឡើង​.​ក ក្នុង​១​ក្បាល​គឺ​តម្លៃ​៣,៥០០,០០០​រៀល ទៅ​៤​លាន​រៀល ចំណែក​ក្របី​ញី គឺ​តម្លៃ​៣​លាន​រៀល ទៅ​៣​លាន​៥​សែន​រៀល​»​។  បុរស​រូប​នោះ​បន្ត​ទៀត​ថា «​ក៏​ប៉ុន្តែ​បច្ចុប្បន្ន ឈ្មួញ​វៀតណាម​លែង​ចូល​មក​ទិញ​ផ្ទាល់ មាន​តែ​ឈ្មួញ​ខ្មែរ​មក​ប្រមូល​ទិញ​ឲ្យ​តម្លៃ​ថោក ហើយ​ប្រាប់​ថា ឈ្មួញ​វៀតណាម គេ​ផ្អាក​ទិញ​ក្របី ដោយសារ​សត្វ​ក្របី​ស្រុក​ខ្មែរ ខេត្តស្វាយរៀង ផ្ទុះ​ជំងឺ​ដុំ​ពក​លើ​ស្បែក និង​កើត​ជំងឺ​អុតក្តាម ចាប់ពី​ខែមេសា ឆ្នាំ​២០២៣​មក ហើយ​ឈ្មួញ​ខ្មែរ​ដើរ​ប្រមូល​ទិញ​នេះ គឺ​យក​ទៅ​ប្រោះ​ទុក ព្យាបាល និង​បំប៉ន រួច​បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ដោយ​មាន​សមត្ថកិច្ច​វៀតណាម គេ​ត្រួតពិនិត្យ​លើ​សុខភាព​សត្វ បើ​គ្មាន​ជំងឺ​ទើប​ឲ្យ​នាំ​ចូល​ទៅ​ប្រទេស​គេ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ ឈ្មួញ​វៀតណាម​មិន​ទិញ​ក្របី​ខ្មែរ​យើង​តែ​ម្តង​»​។  បើ​តាម​បុរស​ម្នាក់​ទៀត​មាន​អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​តា​នូ ឃុំ​ចំបក់ ស្រុក​ស្វាយ​ជ្រំ ក៏​បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ដែរ​ថា «​គាត់​ចិញ្ចឹមសត្វ​គោ​ចំនួន​២៥​ក្បាល និង​បាន​ដេញគោ​មក​ឃ្វាល​នៅ​ជិត​ព្រំ​ដែន​ដែរ​។ គាត់​ចិញ្ចឹម​គោ​ក្តាម កាលពី​ឆ្នាំ​មុន និង​ដើមឆ្នាំ​២០២៣ ហើយ​គោ​ឈ្មោល លក់​បាន​១​ក្បាល តម្លៃ​១​លាន​២​សែន​រៀល ប៉ុន្តែ​បច្ចុប្បន្ន​នេះ​លក់​បាន​តែ​១​ក្បាល តម្លៃ​៨​សែន​រៀល​តែ​ប៉ុណ្ណោះ ។ ចំពោះ​សត្វ​គោ​ញី​មេ​ក្រមុំ ឬ​មេ​កូន​វិញ ពី​មុន​១​ក្បាល​តម្លៃ​១​លាន​រៀល ប៉ុន្តែ​បច្ចុប្បន្ន​លក់​បាន​តែ​តម្លៃ​៧​សែន​​ទៅ​៨​សែន​រៀល​ប៉ុណ្ណោះ ក្នុង​១​ក្បាល ហើយ​គ្មាន​អ្នកទិញ​ទៀត គឺ​មាន​តែ​អ្នកទិញ​កា​.​ប់​សា​.​ច់​លក់​ក្នុង​មួយ​ថ្ងៃ ១​ក្បាល ឬ​២​ក្បាល​តែ​ប៉ុណ្ណោះ​»​។  ប្រភព​ដដែល​បន្ត​ទៀត​ថា «​អ្នក​ចិញ្ចឹមសត្វ​គោក្របី បច្ចុប្បន្ន​នេះ​ខាតបង់ ដោយសារ​ការ​ចិញ្ចឹម​ត្រូវ​ចំណាយ​ច្រើន កន្លែង​ឃ្វាល​ចង្អៀត ខ្វះ​ស្មៅ ហើយ​ត្រូវ​ទិញ​ចំ​ប៉ើង​ពី​ប្រទេស​វៀតណាម ដើម្បី​យក​មក​ឲ្យ​សត្វ​គោក្របី​ស៊ី​ទៀត ដោយ​ចំ​ប៉ើង​១​ដុំ តម្លៃ​៥​ពាន់​រៀល​ទៅ​៧​ពាន់​រៀល​ឯណោះ​។ ហើយ​ពេល​ជួប​បញ្ហា ផ្ទុះ​ជំងឺ​ដុំ​ពក​លើ​ស្បែក សា​ទឹក ឬ​អុតក្តាម ក៏​ត្រូវការ​ចំណាយ​ប្រាក់ ហៅ​ពេទ្យសត្វ​ឲ្យ​មក​ព្យាបាល ថែម​ទាំង​បច្ចុប្បន្ន​នេះ ឈ្មួញ​វៀតណាម​ឈប់​មក​ទិញ​ផ្ទាល់​ទៀត គឺ​ពិបាក​រក​ទីផ្សារ​សត្វ​គោក្របី​ខ្លាំង​ណាស់»៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង