ផលនេសាទ នៅខេត្តស្ទឹងត្រែង ទទួលបានជាង ៤ ២០០ តោន កើនឡើងជាងឆ្នាំមុន
មន្ត្រីជំនាញរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានឱ្យដឹងថា ផលនេសាទត្រីធម្មជាតិ បើគិតមកដល់ខែធ្នូឆ្នាំ ២០២៣ នេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ លើសពីរឆ្នាំ ២០២២ ប្រមាណ ១០០តោន។ លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានឲ្យដឹងនៅថ្ងៃទី ២៥ ខែធ្នូនេះថា ផលនេសាទសម្រាប់ខេត្តស្ទឹងត្រែងគិតត្រឹមចុងឆ្នាំ ២០២៣ មានបរិមាណជាង ៤ ២០០ តោន កើនឡើងជាងឆ្នាំ ២០២២ ប្រមាណ ១០០តោន។ លោកថា ផលត្រីនេះគឺបានផ្ដត់ផ្គង់ចែកចាយនៅក្នុងខេត្តខ្លះ និងលក់ទៅបណ្ដាខេត្តផ្សេងៗ តាមរយៈភ្ញៀវទេសចរ និងតម្រូវការប្រជាជនតាមបណ្ដារាជធានីខេត្តផ្សេងៗ ដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប រតនៈគីរី និងខេត្តព្រះវិហារជាដើម ហើយជាពិសេសគឺទិញតាមប្រព័ន្ធទំនាក់ទំនងសង្គម (online)។ លោកនាយខណ្ឌជលផលបានបញ្ជាក់ថា លទ្ធផលដែលយើងទទួលបានច្រើននៅឆ្នាំនេះក៏ដោយសារការខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធគ្រប់ស្ថាប័ន ទាំងអាជ្ញាធរ កងកម្លាំង ឆ្មាំទន្លេ និងសហគមន៍នេសាទ រួមផ្សំនឹងការខិតខំបង្ក្រាប និងទប់ស្កាត់បទល្មើសជលផលនៅបឹងទន្លេសាប និងខេត្តផ្សេងៗ ក្នុងរយៈពេលបិទនេសាទ និងពេលត្រីធ្វើចរាចរឡើងមកតំបន់ទន្លេមេគង្គប៉ែកខាងលើនៃខេត្តក្រចេះ និងស្ទឹងត្រែង។ លោកនាយខណ្ឌរដ្ឋបាលជលផល កោតសរសើរ លើកទឹកចិត្ត និងសំណូមពរដល់អាជ្ញាធរ កងកម្លាំង ឆ្មាំទន្លេ និងសហគមន៍នេសាទ ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀត បន្តចូលរួមទប់ស្កាត់បទល្មើសជលផលគ្រប់ប្រភេទដោយស្មារតីទទួលខុសត្រូវ ជួយការពារកន្លែងអភិរក្សផ្សេងៗ កុំនេសាទផ្ទុយពីច្បាប់ស្ដីពីជលផល និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ រួមគ្នាលែងនូវត្រីមេពូជ និងប្រភេទធនធានជលផលកម្រកំពុងរងគ្រោះថ្នាក់ចូលទៅក្នុងដែនទឹកធម្មជាតិវិញ ដើម្បីឲ្យធនធានជលផលយើងមាននិរន្តរភាពដល់កូនចៅជំនាន់ក្រោយតម្រូវការអាហារប្រចាំថ្ងៃ។ អ្នកលក់ត្រីនៅផ្សារសាមគ្គីខេត្តស្ទឹងត្រែងបាននិយាយស្រដៀងគ្នាថា ត្រីទន្លេខេត្តស្ទឹងត្រែងមានរសជាតិឆ្ងាញ់ដោយសារវារស់តាមបែបធម្មជាតិត្រីតូចធំតម្លៃក៏មិនខុសគ្នាពីតម្លៃសាច់ជ្រូក សាច់គោប៉ុន្មានដែរវាប្រហាក់ប្រហែលគ្នា ដូចជាត្រីឆ្ពិន ១គីឡូ ១០.០០០ ម៉ឺន ទៅ ១៥.០០០រៀល ត្រីព្រួល ២០.០០០ ម៉ឺន ទៅ៣០០០០រៀលក្នុងមួយគីឡូក្រាម។ លើកលែងតែត្រីប៉ាវ៉ាមុខពីរ និងត្រីប៉ាសុីអ៊ីធំៗទេវាមានតម្លៃខ្ពស់។ លោក ពក វណ្ណៈ សហគមន៍កោះសំពាយ ស្រុកសៀមបូក បានរៀបរាប់ឲ្យដឹងថា បច្ចុប្បន្ននេះក្នុងសហគមន៍របស់លោកសង្កេតឃើញមានវត្តមានត្រីច្រើនជាងឆ្នាំកន្លងទៅលេចមុខប្រភេទត្រីឆ្ពិន ត្រីព្រួល និងត្រីប៉ាវ៉ាមុខពីរជាពិសេសត្រីប៉ាស៊ីអ៊ីក៏មានធំដែរ។ ចំពោះការកើនឡើងត្រីបែបនេះលោកយល់ថា អាចបណ្ដាលមកពីកក្តាជាច្រើន សមត្ថកិច្ចពាក់ព័ន្ធមានវិធានការតឹងរឹងនៅពេលរដូវបិទនេសាទ។ ប្រជាពលរដ្ឋនៅក្នុងសហគមន៍យល់ដឹងកាន់តែច្រើនពីការប្រើប្រាស់ឧបករណ៍ល្មើសច្បាប់បំផ្លាញធនធានជលផល។ លោក ពក វណ្ណៈបាននិយាយទៀតថា ក្នុងនាមលោកផ្ទាល់ក៏ធ្លាប់ប្រើឧបករណ៍ឆក់ត្រីផងដែរកាលពីច្បាប់នៅធូររលុងប៉ុន្តែក្រោយមកលោកបោះបង់ការនេសាទខុសច្បាប់ហើយងាកមកចូលរួមដោយស្ម័គ្រចិត្តការពារសម្បត្តិធនធានធម្មជាតិដើម្បីឲ្យវាសម្បូរគង់វង្សរក្សាទុកដល់ក្មេងជំនាន់ក្រោយ។ ម្យ៉ាងវិញទៀតកន្លងមកនេះ មន្ត្រីជំនាញជលផលដឹកនាំការងារដោយផ្ទាល់ជាមួយសហគមន៍ចុះល្បាតបានច្រើនលើកហើយក៏មានការសហការល្អជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនៅតាមមូលដ្ឋាន។ក្រៅពីនេះអង្គការក៏បានជួយជ្រោមជ្រែងជាថវិកា ប្រេងដែលជាមធ្យោបាយដ៏សំខាន់បំផុតទៅដល់សហគមន៍ទើបធ្វើឲ្យមានលទ្ធភាពចុះល្បាតញឹកញាប់នៅក្នុងរដូវបិទនេសាទត្រីបន្តពូជ។ ការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងការល្បាតញឹកញាប់ធ្វើឲ្យបទល្មើសមានការថយចុះ។ ផលត្រីក៏ចាប់ផ្ដើមមានសន្ទុះកើតឡើងវិញក្នុងឆ្នាំនេះ។ លោក ពក វណ្ណៈ រំពឹងយ៉ាងមុតមាំថា បើសិនជាមានការចូលរួមទាំងអស់គ្នាមិនប្រើប្រាស់នូវឧបករណ៍ល្មើសច្បាប់ផ្សេងៗធ្វើឲ្យប៉ះពាល់ទៅដល់ធនធានជល និងមានការចូលរួមអភិរក្សទាំងអស់គ្នានោះត្រីធម្មជាតិនឹងកាន់តែសម្បូរឡើងវិញនៅឆ្នាំបន្តបន្ទាប់ទៀត។ ធនធានធម្មជាតិនេះបានជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារនិងសង្គមរបស់អ្នកខេត្តស្ទឹងត្រែង៕ សម្រួលដោយ ទៀង បុណ្ណរី