អាជ្ញាធរខណ្ឌទួលគោក ចុះប្រតិបត្តិការរុសរើតូបអាជីវកម្ម និងដកហូតសម្ភារក្រុមអាជីវករលក់ដូរឥតសណ្តាប់ធ្នាប់លើចិញ្ចើមផ្លូវជាប់របងមន្ទីរពេទ្យកុមារជាតិ
រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយ លោក ស៊ឹប សុផង់ បានចុះអនុវត្តកិច្ចការរដ្ឋបាល ដោយរុះរើ និងដកហូតរាល់សម្ភារដែលមានការដាក់លក់ដូរលើចិញ្ចើមផ្លូវសងខាងជាប់របងមន្ទីរពេទ្យកុមារជាតិ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក….។ ការប្រើវិធានការក្ដៅនេះ បន្ទាប់ពីអាជ្ញាធរជូនដំណឹងជាលើកចុងក្រោយដោយទុករយៈពេលឱ្យ៧ថ្ងៃ និងបន្តលើស២ថ្ងៃទៀតទើបចុះអនុវត្ត។ លោក ស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោក ក្នុងនាមរដ្ឋបាលខណ្ឌទួលគោក បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ បញ្ឈប់ការយកចិញ្ចើមផ្លូវមកប្រកបអាជីវកម្មលក់ដូរដែលធ្វើឱ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់ និងបង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ បញ្ហាសណ្តាប់ធ្នាប់ អាជ្ញាធរនឹងចុះរៀបចំជាប្រចាំធ្វើយ៉ាងណា ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពរាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ កន្លងមក អាជ្ញាធរខណ្ឌទួលគោក បានចុះបិទសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌទួលគោកជាលើកចុងក្រោយនៅជុំវិញមន្ទីរពេទ្យកុមារជាតិ។ អាជ្ញាធរមូលដ្ឋាននៃខណ្ឌទួលគោក បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ ឱ្យបញ្ឈប់ការយកចិញ្ចើមផ្លូវមកប្រកបអាជីវកម្មលក់ដូរ បង្កភាពរញ៉េរញ៉ៃដល់សណ្តាប់ធ្នាប់សាធារណៈ…៕ សម្រួលដោយ ទៀង បុណ្ណរី