បង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​ នៅ​ព្រំប្រទល់​៣​ខេត្ត​ជាប់​គ្នា

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​រដ្ឋបាល​ជលផល​ចំនួន​៣​ខេត្ត រួម​នឹង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៣ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ព្រំ​ប្រទល់​ជាប់​គ្នា​៣​ខេត្ត គឺ​ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ធំ។  លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បានប្រាប់​​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ចម្រុះ​ទាំង​៣​​ខេត្ត រួម​មាន​ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ធំ សរុប​ចំនួន​៦៧​នាក់ ដឹកនាំ​ដោយ​ឯកឧត្តម ប៉ែន ផ​ល្លិ​កា អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម និង​លោក សុង ហុង អនុប្រធាន​រដ្ឋបាល​ជលផល​បាន​ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​​ដោយ​កាណូត​ចំនួន​១៥​គ្រឿង ចុះ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​បឹង​ទន្លេសាប នៅ​ចំណុច​ព្រំប្រទល់​៣​ខេត្ត គឺ​ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និង​ខេត្តពោធិ៍សាត់ ។  ជា​លទ្ធផល​នៃ​ការ​ចុះ​បង្ក្រាប​ទ​ល្មើស​ទ្រង់ទ្រាយ​ធំ​ខាងលើ​នេះ ជាក់ស្តែង​គឺ​បាន​រុះរើរ​បាំងសាច់​អួន​​ចំនួន​២៤​កន្លែង ដែល​មាន​​ប្រវែង​៦.៩០០​ម៉ែត្រ, លប លូ សាច់​អួន​​ចំនួន​២៤​មាត់, បង្គោល​៦៥០​ដើម និង​ចាក់​លែង​ត្រី​ចម្រុះ​ចំនួន​២៦០​គីឡូក្រាម​ចូល​ទន្លេ​វិញ ។   នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​សហការ​គ្នា​រវាង​មន្ត្រី​ជំនាញ​ទាំង​​៣​​ខេត្ត ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​ព្រំប្រទល់​ជាប់​គ្នា ដែល​ជា​ចំណុច​សំខាន់​សម្រាប់​ការ​​ចរាចរណ៍​របស់​ត្រី​ក្នុង​រដូវរំហើយ​ខាង​មុខ​នេះ ៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង