ស្ទើរ​ស្រក់​ទឹកភ្នែក​! ក្មេង​ស្រី​កំព្រា​ខ្ចប់​បាយ​១​ដុំ សាច់​១​ចំណិត​មក​សាលា​ដូរ​ចំណេះដឹង

ខេត្ត​បាត់​ដំបង ៖ បាយ​មួយ​ចាន​ដូរ​ចំណេះ​មួយ​ថ្ងៃ​…! ក្មេង​ស្រី​កំព្រា​ម្នាក់​បាន​ខ្ចប់​បាយ​យក​មក​សាលារៀន ពិតជា​អង្រួន​ចិត្ត​មហាជន​ជា​ខ្លាំង ព្រោះតែ​ជីវិត​ខ្វះខាត សូ​ម្បី​តែ​គ្រូ​ដែល​ជា​ម្តាយ​ទី​២ ក៏​ស្ទើរតែ​ស្រក់​ទឹកភ្នែក នៅ​ពេល​បានឃើញ​ពី​ការ​តស៊ូ​របស់​ក្មេង​ស្រី​រូប​នេះ​។  ពិតមែន​ហើយ ជីវិត​មនុស្ស​ម្នាក់​ៗ​កើតមក​គ្មាន​នរណា​ចង់​ក្រ​នោះ​ឡើយ ដូច​ជា​ក្មេង​ស្រី​ដែល​កំព្រា​ឪពុក​រូប​នេះ ទោះបីជា​នាង​ខ្វះខាត ទោះបីជា​នាង​គ្មាន​ឪពុក ហើយ​មិន​ទទួល​បានការ​ថ្នាក់ថ្នម​ពី​ម្តាយ​ក៏​ពិតមែន ប៉ុន្តែ​នាង​នៅ​តែ​ជម្នះ និង​តស៊ូ​ដើម្បី​ការ​សិក្សា យក​បាយ​មួយ​ដុំ សាច់​មួយ​ចំណិត ដាក់​ចាន​ច្រក​ថង់​មក​សាលា​រៀប​ហូប​ពេល​ម៉ោង​ចេញលេង ដើម្បី​ចម្អែត​ក្រពះ និង​ប្រឹង​សិក្សា​ក្រេប​យកចំណេះ​ពី​គ្រូបង្រៀន​។   ប្រាកដ​ណាស់ ពាក្យ​គ្រូ​មួយ​ម៉ាត់ ពិតជា​មាន​តម្លៃ​ណាស់ ដូច​ពាក្យចាស់​ពោល​ថា «​នៅផ្ទះ​ម្ដាយ​ទីទៃ នៅ​ព្រៃ​ម្ដាយ​តែ​មួយ​»​។ ដោយ​នាង​តូច​រូប​នេះ ទោះបីជា​ម្តាយ​មានគ្រួសារ​ថ្មី ឪពុក​ស្លា​.​ប់​ចោល​ក៏​ពិតមែន ប៉ុន្តែ​នាង​នៅ​តែ​ទទួល​បានការ​សន្តោស​ប្រណី និង​ផ្តល់​ការ​ថ្នាក់ថ្នម​ពី​គ្រូ ផ្តល់​ចំណេះដឹង ជួយ​ជា​សម្ភារៈ​ផ្សេង​ៗ​ដល់​ប្អូន​ផង​ដែរ​។  ទឹកចិត្ត​គ្រូ មិន​ខុស​ពី​ទឹកចិត្ត​ម្តាយ​នោះ​ឡើយ ដោយ​ឃើញ​កូនសិស្ស​ខ្វះខាត លំបាក ក៏​គ្រូ​មិន​មើល​នឹង​ភ្នែក​ដែរ ដូច្នេះ​នៅ​ពេល​ដែល​រៀន​ចប់ ទទួល​បានការ​ងារ​ល្អ ប្រាក់ខែ​ច្រើន កុំ​ភ្លេច​នឹក​ដល់​មនុស្ស​ម្នាក់​ជា​ម្តាយ​ទី​២ ដែល​តែងតែ​កាន់​ដៃ​ប្អូន​សរសេរ​អក្សរ បារម្ភ​ពី​ប្អូន​។ ហើយ​ទឹក​ចិត្តជា​គ្រូ​មិន​ចង់បាន​អ្វី​ពី​កូន​នោះ​ឡើយ គឺ​ចង់បាន​ត្រឹម​ឃើញ​កាលដែល​ចាប់ដៃ​កូនសរ​សេរ​អក្សរ​ជា​លើក​ដំបូង គឺ​ម្តាយ​រូប​នេះ​ហើយ ជា​អ្នក​បាន​ផ្តល់​ការ​ថ្នាក់ថ្នម​ដល់​កូន​មុនគេ​នៅ​ក្នុង​សាលារៀន​នោះ​។  តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ អ្នកគ្រូ រិ​ន ថា​វី ត្រូវជា​គ្រូ​របស់​ប្អូន​ផ្ទាល់ បាន​ប្រាប់​អោយ​ដឹង​ថា «​ប្អូន​គឺជា​ក្មេង​ស្រី​ដែល​ឧស្សាហ៍​ព្យាយាម​ជាមួយ​ការ​សិក្សា ទោះបី​ជា​ចម្ងាយ​ដែល​ប្អូន​ធ្វើ​ដំណើរ​មក​សាលា​រៀង ឆ្ងាយ​បន្តិច​មែន ក៏​ប្អូន​មិន​ដែល​ត្អូញត្អែរ​នោះ​ដែរ​»​។  អ្នកគ្រូ រិ​ន ថា​វី ជា​គ្រូបង្រៀន​នៅ​ក្នុង​សាលា​បឋម​សិក្សា «​ពីងពង់​» ស្ថិត​នៅ​ក្នុងភូមិ​ពីងពង់ ឃុំ​ល្វា ស្រុក​បរ​វិល ខេត្តបាត់ដំបង បាន​ប្រាប់​បន្ត​ថា «​កូនសិស្ស​របស់​អ្នកគ្រូ​ដែល​ខ្វះខាត​នេះ មានឈ្មោះ មេត្តា សុខ​នី រៀន​ថ្នាក់​ទី​២ អាយុ​៧​ឆ្នាំ នាង​តែងតែ​ដាក់​បាយ​មក​សាលារៀន ដោយពេល​ខ្លះ​មាន​លុយ​៥០០​រៀល ពេល​ខ្លះ​ទៀត​មាន​១០០០​រៀល​។ ហើយ​នាង​ជួនកាល​គ្មាន ក៏​បាន​ដាក់​បាយ​មក​សាលា​ក៏​មាន​ដែរ ដូច​បងប្អូន​បានឃើញ​ស្រាប់​ហើយ បាយ​មួយ​ដុំ ដូរ​ចំណេះ​មួយ​ថ្ងៃ ទោះបីជា​មាន​ត្រឹម​អំបិល ឬ​សាច់​មួយ​ដុំ​ក៏​អាច​អោយ​ប្អូនរ​ស់បាន និង​ធំធាត់​ឡើង​ដែរ​»​។  អ្នកគ្រូ ថា​វី ត្រូវជា​គ្រូ បាន​បន្ត​ថា «​កាលពី​កន្លង​ទៅ នាង​បាន​និយាយ​ប្រាប់​អ្នកគ្រូ​ថា នាង​ជា​កូនកំព្រា ឪពុក​ស្លា​.​ប់​ចោល ម្តាយ​មានគ្រួសារ​ថ្មី ដោយ​នា​ពេល​បច្ចុប្បន្ន​នេះ នាង​រស់នៅ​ជាមួយ​យាយ តែ​មិនមែន​ជា​យាយ​ប​ង្តើ​ត​នោះ​ឡើយ​។ សុខ​នី ក្មេង​ស្រី​ដ៏​កម្សត់ នាង​តែងតែ​ឧស្សាហ៍​ជាមួយ​ការ​សិក្សា​របស់​នាង ទោះ​នាង​កើតមក​ខ្វះខាត ពុំ​សូវ​ទទួល​បានការ​ថ្នាក់​ក៏​ពិតមែន តែ​នាង​ក៏​នៅ​តែ​ប្រឹងប្រែង​ជាមួយ​ការ​សិក្សា ពោល​គឺ​មាន​តែ​ចំណេះ​ទេ ដែល​ជា​ស្ពាន ហើយ​អាច​ចម្លង​ប្អូន​បាន​នោះ​»​។   អ្នកគ្រូ រិ​ន ថា​វី ដែល​បង្រៀន​នៅ​បឋម​សិក្សា​ពីងពង់ បាន​បន្ត​ទៀត​ថា «​ថ្នាក់​ដែល​អ្នកគ្រូ​បង្រៀន កឺ​មានកូន​សិស្ស​ចំនួន​៣២​នាក់ ហើយ​ក្រៅពី សុខ​នី ដ៏​កម្សត់ ក៏​នៅ​មាន​សិស្ស​២​នាក់​ទៀត​ដែល​កំព្រា និង​ខ្វះខាត​ដូច​គ្នា​»​។  ដូច្នេះ​ជា​ធម្មតា អ្នកគ្រូ​តែងតែ​បង្ហើប​ប្រាប់​អោយ​ដឹង​ថា ពេល​ឃើញ​សិស្ស​ខ្វះខាត​ដូច្នេះ ក៏​អ្នកគ្រូ​បាន​ជួយ​ជា​សម្ភារៈ ចំណីអាហារ និង​ជួនកាល​អង្ករ​ទៀត​ផង​»៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង