រឿងមិនចប់ត្រឹមដកតំណែង លោក កឹម ជាតិ ទេ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកោះហៅបំភ្លឺលើករណីទារប្រាក់ក្រុមហ៊ុនស្រា១០ម៉ឺនដុល្លារ
រាជធានីភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលនគរបាលជាតិ បានចេញលិខិតកោះហៅលោក កឹម ជាតិ ដែលទើបត្រូវបានព្រះមហាក្សត្រ បញ្ចប់មុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឱ្យចូលខ្លួនបំភ្លឺលើបណ្ដឹងពាក់ព័ន្ធរឿងស៊ីលុយចំនួន១០ម៉ឺនដុល្លារ និងស្រាថ្លៃៗជាច្រើនដប…។ ផ្អែកតាមលិខិតកោះហៅលើកទី១ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលនគរបាលជាតិ ដែលត្រូវបានគេទម្លាយតាមបណ្ដាញសង្គម នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា៖«យើងជាមន្ត្រីនគរបាលយុត្តិធម៌ កោះហៅឈ្មោះ កឹម ជាតិ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ៣៩E0 ផ្លូវលេខ៤៤០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ចូលមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង៨និង៣០នាទី ដើម្បីមកបំភ្លឺបណ្ដឹងរបស់ក្រុមហ៊ុន ឈីវទីម៉ិច គ្រុប »។ លិខិតដដែលឱ្យដឹងបន្ថែមថា ចំពោះទីកន្លែង គឺនៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ(បន្ទប់លេខ២៨) ដោយលោក កឹម ជាតិ ត្រូវភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ។ គួរជម្រាបថា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ រូបនេះ ត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង កាលពីថ្ងៃតី១៥ ខែធ្នូ កន្លងទៅ។ បន្ទាប់ពីលេចធ្លាយរឿងអាស្រូវ ត្រូវក្រុមហ៊ុនលក់ស្រា ប្ដឹងទៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក្រោយពាក់ព័ន្ធនឹងការគាបស៊ីលុយក្រុមហ៊ុនចំនួន១០ម៉ឺនដុល្លារ និងស្រាថ្លៃៗចំនួន៤៨ដប។ បណ្ដឹងរបស់លោក កឹម ជាតិ ត្រូវបានក្រសួងមហាផ្ទៃ កំពុងបើកការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ហើយផ្ទេរភារកិច្ចពីអគ្គាធិការដ្ឋាន ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយរកឃើញរឿងរ៉ាវមួយចំនួន ជាបទល្មើសព្រហ្មទណ្ឌ៕ សម្រួលដោយ ទៀង បុណ្ណរី