កូរ៉េ​ខាង​ជើង​​បាញ់​មីស៊ីល​ផ្លោងពីរគ្រាប់ ខណៈនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាម៉េរិក ចូលដល់កំពង់ផែកូរ៉េខាងត្បូង

ប្រទេសកុម្មុយនីស្ដផ្តាច់ការកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយនៅថ្ងៃចន្ទទី១៨ ខែធ្នូនេះ ខណៈរដ្ឋធានីព្យុងយ៉ាង បានថ្កោលទោសបងធំសហរដ្ឋអាម៉េរិក ជុំវិញការសាបព្រោះមនោគមន៍វិជ្ជាប្រឆាំងនឹងខ្លួន។ ការបាញ់បង្ហោះរបស់កូរ៉េខាងជើង ធ្វើឡើងស្របជាមួយនឹងវត្តមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក នៅទីក្រុងកំពង់ផែប៊ូសានរបស់កូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ…។  អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា មីស៊ីលរយៈចម្ងាយឆ្ងាយនេះត្រូវបានបាញ់ចេញពីតំបន់មួយនៅជិតរដ្ឋធានីព្យុងយ៉ាងឆ្ពោះទៅកាន់សមុទ្ទនៃឆ្នេរសមុទ្ទភាគខាងកើតរបស់កូរ៉េខាងជើង ហើយហោះបានចម្ងាយប្រហែល១ពាន់គីឡូម៉ែត្រ។ ការបាញ់បង្ហោះមីស៊ីលនៅថ្ងៃចន្ទនេះ បានកើតឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីកាលពីយប់ថ្ងៃអាទិត្យទី១៧ ខែធ្នូ ដោយហោះបានចម្ងាយប្រហែល៥៧០គីឡូម៉ែត្រ ហើយធ្លាក់ចូលទៅក្នុងមហាសមុទ្ទ។ ការទៅដល់នៃនាវា USS Missouri ដែលត្រូវបានគេស្គាល់ថា SSN-780 កើតឡើងបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សានុយក្លេអ៊ែរលើកទីពីររបស់ពួកគេនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រសប្តាហ៍មុន។ សេចក្តីថ្លែងការណ៍រួមរវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ពីកិច្ចប្រជុំ បានបញ្ជាក់ច្បាស់ៗថា៖«ការវាយប្រហារនុយក្លេអ៊ែរណាមួយដោយកូរ៉េខាងជើង ប្រឆាំងនឹងសហរដ្ឋអាម៉េរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួន គឺមិនអាចទទួលយកបាន ហើយនឹងនាំឱ្យមានការបញ្ចប់នៃរបបលោក គីម ជុងអ៊ុន»។  ជុំវិញការបាញ់បង្ហោះនេះ កូរ៉េខាងត្បូង បានថ្កោលទោសការបាញ់មីស៊ីលថា ជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង។ យ៉ាងណា ក្រសួងការពារជាតិរបស់កូរ៉េខាងជើងបានរិះគន់ សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ចំពោះការបង្កើនភាពតានតឹងជាមួយនឹងសមយុទ្ធ ការសម្ញែងកម្លាំងសាច់ដុំយោធា និងការធ្វើផែនការសង្គ្រាមនុយក្លេអ៊ែរ។ គួរបញ្ជាក់ថា កូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាម៉េរិក ចំពោះកាគំរាមសង្គ្រាមនុយក្លេអ៊ែរ រួមទាំងការមកដល់នៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសកូរ៉េខាងត្បូង៕   សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង