ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីប្រកាសតែងតាំង
នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីប្រកាសតែងតាំង និងចូលកាន់តំណែងមេបញ្ជាការកងរាជអាវុធហត្ថថ្មីខេត្តពោធិ៍សាត់ បន្ទាប់លោកឧត្ដមសេនីយ៍ត្រី សូ សុវណ្ណឌីមេបញ្ជាការចាស់ បានទទួលមណភាពនាថ្មីៗនេះ។
ពិធីប្រកាសមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ខាងលើនេះ ធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតនៅភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត មេបញ្ជាការ មេបញ្ជាការង ឯកឧត្ដម ប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងពលតូចលេខ១៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កំពង់ឆ្នាំង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក ប្រធានក្រុមប្រឹក្សាក្រុងស្រុក និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ជាច្រើនទៀត។
យោងប្រកាសលេខ ៩៥ត.ត ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងការពារជាតិ ត្រូវបានតែងតាំងផ្លាស់ប្តូរមុខតំណែង លោកវរសេនីយ៍ឯក ពុទ្ធ លី អត្តលេខ០១២៩៤៧ មេបញ្ជាការរង ជាមេបញ្ជាការបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់៕