ការចុះ​អនុស្សរណៈ​​ប្រមូល​ទិញ​ផលកសិកម្ម​ពីកសិករខ្មែរ​មាន​ពោត ដំឡូង​ ស្រូវ​ កន្ទក់​មួយ​ឆ្នាំ​ជិត ៥០ ម៉ឺន​តោនផលិត​ជាចំណីសត្វ

ក្រសួងពាណិជ្ជកម្ម បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នាជា​មួយ​ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា សំដៅ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ប្រមូល​ទិញ​កសិផល​ពីកសិករខ្មែរ​សម្រាប់​ផលិតជា​​ចំណី​សត្វ និង​លើក​កម្ពស់​សុវត្ថិភាព​ម្ហូបអាហារ។​  ការ​ចុះហត្ថ​លេខា​លើអនុស្សរណៈ​នៃ​ការយោគ​យល់នេះ បង្ហាញពីកិច្ចសហការគ្នារវាងរដ្ឋាភិបាលនិង​ផ្នែកឯកជន ពាក់ព័ន្ធ​នឹង​ការស្វែងរក​យន្តការ​​សម្របសម្រួល និង​កម្មវិធីហិរញ្ញប្បទានសំដៅ​ធ្វើ​ឲ្យមានស្ថិរភាព​ថ្លៃលក់រាយ​ផលិតផល​កសិកម្ម​នៅ​លើទីផ្សារ​ក្នុង​រយៈ​ពេល​មធ្យម ក្នុង​គោលដៅ​បង្កើនផលិត​ភាព​របស់កសិករ និង​កាត់បន្ថយ​ហានិភ័យ​​នានា ដែល​អាចធ្វើ​ឲ្យ​កសិផល​ជន់ជោរ​នៅលើទីផ្សារ និងធា្លក់ថ្លៃនៅ​រដូវកាល​ប្រមូលផល​ស្របគ្នា។  លោក​ស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម​បាន​គូស​បញ្ជាក់​ថា ការ​ចូលរួម​ប្រមូល​ទិញ​ពោត​ក្រហម ដំឡូងមី កន្ទក់ និង​កញ្ជុង​អង្ករ ដែល​សុទ្ធសឹង​ជា​ធាតុ​​ចូល​កសិកម្ម​សក្ដានុពល​នៅ​ក្នុង​ប្រទេស​​កម្ពុជា​​របស់​ក្រុមហ៊ុនស៊ី.ភី គឺ​ជាការចូលរួមក្នុងការកាត់​បន្ថយសម្ពាធ​នៃ​ការ​ផ្គត់ផ្គង់​កសិផល​នៅ​លើទីផ្សារ ការ​​ធ្វើ​ពិពិធកម្ម​​សេដ្ឋកិច្ច ការ​ពង្រឹង​ភាព​​ប្រកួត​ប្រជែង និង​ការ​លើក​កម្ពស់​ផលិតភាព​ដែល​អនុស្សរណៈ​នៃ​ការ​យោគយល់គ្នាចំនួន ៣ នេះ នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមូលទិញ​ពោត​ក្រហមប្រមាណ ២៥ ម៉ឺនតោន ក្នុងមួយឆ្នាំ ដំឡូង​មីប្រមាណ ១៥ ម៉ឺនតោន ក្នុងមួយឆ្នាំ ស្រូវ​ប្រមាណ ២ ម៉ឺនតោន ក្នុងមួយឆ្នាំ កន្ទក់ ប្រមាណ ៥ម៉ឺនតោន ក្នុងមួយឆ្នាំ និង​កញ្ចុង​​អង្ករ​ប្រមាណ ១ម៉ឺនតោន ក្នុង​មួយឆ្នាំផងដែរ។   លោកស្រីបន្ត​ថា កា​រជំរុញ​ផលិតកម្ម​ចំណី​សត្វនឹង​ជួយជំរុញ​ផលិតភាព​ និង​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​ក្នុងស្រុកមិន​ត្រឹម​តែ​​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​របស់ផលិតករ​ក្នុងស្រុកក្នុងតម្លៃ​ប្រកួតប្រជែងប៉ុណ្ណោះទេ ផលិតករ​ថែម​ទាំង​អាចទទួលបាន​ប្រាក់​​ចំណេញ​​មួយ​កម្រិត​បន្ថែម​ទៀត​លើការ​ចំណាយ​លើធាតុចូលកសិកម្ម។ ការវិនិយោគទាំងនេះបានបង្កើតការងារ និង​ពង្រឹង​ឲ្យ​បាន​រឹងមាំ​នូវខ្សែច្រវាក់​តម្លៃ​នៅគ្រប់​ដំណាក់កាល ប្រកប​ដោយ​ចីរភាព បរិយាបន្ន និង​មានគុណ​តម្លៃខ្ពស់ គិត​ចាប់តាំង​ពីការ​ប្រមូលទិញ​ធាតុ​ចូល​ក្នុងតម្លៃ​ប្រកួត​ប្រជែង ការ​ពង្រីក​តម្រូវការ​ទីផ្សារ​វត្ថុធាតុ​ដើម​នៃ​ផលិតផល​កសិកម្ម ការ​បង្កើត​ និង​ការកែច្នៃ​ផលិតផល​ថ្មី​​ជា​​ដើម។  លើស​ពី​នេះ​ទៀត​ ផលិតករ​ក៏​អាច​ទទួល​បាន​ប្រាក់​ចំណេញ​មួយ​កម្រិត​បន្ថែមទៀត​នៅពេលដែល​តម្លៃធាតុចូល​កសិកម្ម ជា​ពិសេស​ចំណាយ​លើចំណីសត្វមានតម្លៃសមរម្យ ដែល​នេះជាកត្តា​មួយ​អាចជួយ​សម្រាល​ដល់​ការ​កើន​ឡើង​​ថ្លៃ​ចំណីសត្វ​ផង​ដែរ  ការ​ចុះ​អនុស្សរណៈរវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​ជំរុញ​ការ​ប្រមូល​ទិញ​ផលិតផល​កសិផល​សម្រាប់​ផលិត​ចំណី​សត្វ និង​កិច្ច​សហប្រតិបត្តិការ​ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​ម្ហូបអាហារ ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​សាច់​សត្វ និង​ផលិតផល​ផ្សំពី​សាច់ ៣​ សំខាន់​នោះ​រួម​មាន​៖    ១). កិច្ច​សហប្រតិបត្តិការ​ជំរុញ​ការ​ប្រមូលទិញ​ផលិតផល​ពោត​ក្រហម ដំឡូងមី និង​វត្ថុធាតុ​ដើ​ម​ដទៃ​ទៀត​ក្នុងស្រុក សម្រាប់​ផលិត​ចំណីសត្វ រវាង​អគ្គនាយកដ្ឋានពាណិជ្ជកម្ម​ក្នុង​ប្រទេស នៃ​ក្រសួង​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា  ២).កិច្ច​សហប្រតិបត្តិការ​ជំរុញ​ការប្រមូលទិញផលិតផលស្រូវ កន្ទក់ និង​កញ្ជុង​អង្ករ សម្រាប់​ផលិត​ចំណី​​សត្វ រវាង​ក្រុមហ៊ុន​ហ្រ្គីន​ត្រេដ នៃ​ក្រសួង​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន​ស៊ី.ភី. ខេមបូឌា  ៣).កិច្ច​សហប្រតិបត្តិការ​លើក​កម្ពស់​សុវត្ថិភាព​ម្ហូប​អាហារ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​សាច់​សត្វ និង​ផលិតផល​ផ្សំ​ពីសាច់​រវាង​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្រ្គាប​ការក្លែងបន្លំ “ក.ប.ប” នៃ​ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនស៊ី.ភី. ខេមបូឌា៕   សម្រួលដោយ  ទៀង  បុណ្ណរី

 

 

អត្ថបទដែលជាប់ទាក់ទង