រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ណែនាំ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​បាតុភាព​អវិជ្ជមាន​ក្នុង​សង្គម ដើម្បី​បន្ត​ធានា​បរិយាកាស​បោះ​ឆ្នោត​ឆ្នាំ​២០២៤

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ សម្រាប់​ការ​បោះ​ឆ្នោត បាន​ស្នើ និង​ណែនាំ​ទៅ កាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​មូលដ្ឋាន ឲ្យ​បង្កើន​ការ​យកចិត្តទុកដាក់ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស រួម​ទាំង​បាតុភាព​អ​វិ​ជ្ជ មាន​នានា​ក្នុង​សង្គម ដើម្បី​ធានា​រក្សា​បរិយាកាស សន្តិសុខ​ជា​ទូទៅ​ផង និង​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ឆ្នាំ​២០២៤ ខាង​មុខ​នេះ ផង​ដែរ ។   ការ​លើក​ឡើង​របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ ស្តី​ពី​ការ​បង្កើត​គណៈ​បញ្ជាការ សន្តិសុខ​អចិន្ត្រៃយ៍ សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ប្រព្រឹត្ត​ទៅ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៣ ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​សហ​អធិបតី​ពី​ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​.) និង​មន្ត្រី​ពាក់ព័ន្ធ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ជា​ច្រើន​រូប​ទៀត ។  ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា ទោះបី​បរិយាកាស​ជា​រួម​នៅ​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ ប៉ុន្តែ​បទល្មើស​ចោរកម្ម​នានា អំពើ​មនុស្សឃាត អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ក្នុង​សង្គម ព្រមទាំង​សកម្មភាព​អនាធិបតេយ្យ រួម​ទាំង​ទំនាស់​ផ្សេង​ៗ នៅ​តែ​បន្ត​កើតឡើង ដែល​ជះ​ឥទ្ធិពល​ដល់​ចិត្តសាស្ត្រ និង​ជីវភាព​សង្គម ជា​ពិសេស​អាច​ក្លាយជា​កម្មវត្ថុ នៃ​ការ​ចោទប្រកាន់ អំពី​ការ​គំរាមកំហែង និង​រិះគន់​ផ្នែក​នយោបាយ​ពី​សំណាក់​មជ្ឈដ្ឋាន​អគតិ ដែល​មាន​ទស្សនៈ​ទុទ្ទិដ្ឋិនិយម​លើ​រាជរដ្ឋាភិបាល ។  ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ​អាជ្ញា​ធរមាន​សមត្ថកិច្ច បន្ត​ចាត់វិធានការ បង្ការ ទប់ស្កាត់ តាម​គ្រប់​មធ្យោបាយ និង​គ្រប់​រូបភាព ស្រប​តាម​ច្បាប់ ព្រមទាំង​បង្ក្រាប​ឱ្យ​បាន​ទាន់​ពេលវេលា​ចំពោះ​បទល្មើស​ទាំងនោះ ហើយ​រាល់​បទល្មើស ដែល​កើត ឡើង ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ ត្រូវ​ខិតខំ​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​ជន​ប្រព្រឹត្ត​បទល្មើស ដើម្បី​នាំ​ខ្លួន​យក​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន បញ្ចៀស​ឱ្យ​បាន​នូវ​និ​រ​ទណ្ឌ​ភាព​ក្នុង​សង្គម ។   ថ្លែង​ដោយ​ភ្ជាប់​ទៅ​នឹង​កិច្ចការ​បោះ​ឆ្នោត ក្នុង​នាម​ជា​ប្រធាន​គណៈ​បញ្ជាការ​សន្តិសុខ អចិន្ត្រៃយ៍​សម្រាប់​ការ​បោះ​ឆ្នោត ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏​បាន​ណែនាំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​ថ្នាក់​ឱ្យ​យកចិត្តទុកដាក់​សហការ​ផ្តល់​សេវា​សន្តិសុខ​ឱ្យ​បាន​ល្អ ជា​ពិសេស​ត្រូវ​សហការ​ជាមួយ គ​.​ជ​.​ប​. គ្រប់​ថ្នាក់ និង​ភាគី​ពាក់ព័ន្ធ ដើម្បី​មាន​វិធានការ​អប់រំ បំភ្លឺ​ជូន​មហាជន​ឱ្យ​បាន​យល់​ពី​ឧបាយកល​ញុះញង់ ប៉ុនប៉ង​រំខាន​ការ​បោះ​ឆ្នោត សំដៅ​រួម​គ្នារ ក្សា​ភាព​ស្ងប់ស្ងាត់ និង​ត្រូវ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ចាត់​វិធាន​ឱ្យ​បាន​ស្រប ទៅ​តាម​ច្បាប់ ។  សូម​រំលឹក​ថា ការ​បោះ​ឆ្នោត​សកល និង​អ​សកល​ជា​ច្រើន​លើក​នៅ​កម្ពុជា នា​ពេល​កន្លង​មក គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ប្រកបដោយ​មោទនភាព​ជាតិ និង​ជា​សក្ខីភាព នៃ​ឆន្ទៈ​នយោបាយ​របស់​រាជរដ្ឋាភិបាល និង​ស្ថាប័ន​នីតិប្បញ្ញត្តិ ឈរ​លើ​ការ​សហការ​ចូលរួម​ពង្រឹង លទ្ធិ​ប្រ ជា​ធិ​ប​តេ​យ្យ សេរី​ពហុបក្ស ការ​គោរព​សិទ្ធិ​មនុស្ស ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ប្រកបដោយ​កិត្យានុភាព​ទាំង​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ ។  ការ​លើក​របស់​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៥ ឆ្នាំ​២០២៤ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​ឆ្នាំ​២០២៤ ។   គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត បាន​ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា មាន​គណបក្ស​នយោបាយ​ចំនួន​៤ បាន​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត មាន​ដូច​ជា ៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច និង​គណបក្ស​កម្លាំង​ជាតិ ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង