ជនមានពិការភាពនៅកម្ពុជាជាង ៤ ពាន់នាក់ កំពុងបម្រើការងាររដ្ឋចំនួន ៣៩ ស្ថាបន

នៅក្នុងឆ្នាំ ២០២៣ នេះ ជនដែលមានពិការភាពចំនួន ៣,៨៧៦ នាក់ បានបម្រើការងារនៅក្នុងក្រសួងស្ថាបនរដ្ឋ សរុប មានចំនួន ៣៩ ស្ថាបន ដោយក្នុងនោះស្រ្ដីមានចំនួន ៨៦៩ នាក់ និងពិការភាពកម្រិតធ្ងន់ចំនួន ២,៣៥១ នាក់ ស្មើនឹង ២,០៥ ភាគរយ។ នេះបើតាមការលើកឡើងរបស់លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា។   ក្រៅពីបម្រើការងារនៅក្នុងស្ថាបនរដ្ឋ នៅក្នុងវិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ សរុបចំនួន ២៤២ រោងចក្រ ជនមានពិកាភាពបានចូលរួមបម្រើការចំនួន ៣,៧៥៩ នាក់ ក្នុងនោះស្រ្តីចំនួនជាង ៣,៦៣១ នាក់។  ថ្លែងនៅក្នុងទិវាអបអរសាទរជនមានពិការភាពលើកទី ២៥ និងអន្តរជាតិលើកទី ៤១ នៅថ្ងៃទី ៤ ខែធ្នូ លោក ជា សុមេធី បានឱ្យដឹងថា ចំនួនអ្នកដែលមានពិការភាពសរុបប្រមាណ ៧,៥៣៥ នាក់ បាននិងកំពុងបម្រើការងារទាំងនៅតាម ស្ថបន រដ្ឋ និងវិស័យឯកជននៅទូទាំងប្រទេស។  បើតាមលោករដ្ឋមន្រ្តី បច្ចុប្បន្ន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងដំណើរការកំណត់អត្ត សញ្ញាណ ជនមានពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ក្នុងនោះជនមានពិការភាព ២៨៨,៦៩០ នាក់​ ត្រូវបានកំណត់អត្តសញ្ញាណកម្ម ដោយជនបង្គោល ឃុំ សង្កាត់ ទូលទាំងប្រទេស ហើយបានផលិតបណ្ណសម្គាល់ ជូនដល់ជនទាំងអស់មានចំនួន ២២២,១៤៨ បណ្ណ។   នៅក្នុងឆ្នាំសិក្សា ២០២២-២០២៣​ កុមារដែលមានពិកាភាពខ្សោយបញ្ញា បានចូលរៀនថ្នាក់អប់រំ ពិសេស របស់រដ្ឋ​ និងឯកជន សរុបចំនូន ១,០៦៣នាក់។ ក្នុងនោះ សិក្សាទៅលើភាសាសញ្ញា អក្សរស្ទាប តាមរយៈកម្ម វិធីសិក្សារបស់ដៃគូមជ្ឈមណ្ឌលអភិវឌ្ឃន៍សង្គមពោធិ៍សែនជ័យ និងមជ្ឈមណ្ឌុលបណ្ដុះបណ្ដាលវិជ្ជជីវៈបន្ទាយប្រៀប មានចំនួន ២,១៦៧ នាក់ ទៅលើជំនាញ ដូចជា កាត់ដេរសម្លៀកបំពាក់ កាបូប អេឡិចត្រូនិក អ៊ុតសក់ សម្អាងការ ជួសជុលទូរសព្ទ និងជំនញគ្រប់គ្រងអាជីវកម្ម ជាដើម។  សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ជនមានពិការភាព គឺជាតួអង្គមួយដ៏សំខាន់ នៅក្នុងការចូលរួមអភិវឌ្ឍគ្រួសារ និងសហគមន៍។ ការលើកកម្ពស់សហគ្រិនភាព គឺជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជនមានពិការភាពចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច លើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមអភិវឌ្ឍសង្គមឱ្យកាន់តែមានភាពល្អប្រសើរ។  បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាព និងកំពុងអនុវត្តការផ្តល់កម្មវិធីជំនួយ សង្គមសម្រាប់ជនងាយរងគ្រោះ ពិសេសជនមានពិការភាព ខណៈរដ្ឋបាន​ចំណាយថវិកាអស់ជាង ១ ៣០០លានដុល្លារ សម្រាប់ជនងាយរងគ្រោះចំនួនប្រមាណ ១,៥លានគ្រួសារ៕   សម្រួលដោយ   ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង