បុណ្យអុំទូក៖អាជ្ញាធរខេត្តសៀមរាបអំពាវនាវអាជីវករប្រើស្លឹកចេកស្លឹកត្នោតធ្វើកន្ទោងដើម្បីលើកតម្លៃជាតិ

ខេត្តសៀមរាប៖ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលឈានមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ខេត្តសៀមរាបនឹងរៀបចំកម្មវិធីជាច្រើនជាពិសេសមានការបាញ់កាំជ្រួចអបអរសាទរ និងការដង្ហែប្រទីបទៅបណ្ដែតក្នុងស្ទឹងសៀមរាប។ ទន្ទឹមគ្នានោះអាជ្ញាធរខេត្តក៏បានអំពាវនាវដល់អាជីវករដែលរៀបចំធ្វើកន្ទោងអំពីជ័រ ឬស្នោក្នុងរយៈពេលកន្លងមក ត្រូវជំនួសដោយការរៀបចំពីស្លឹកចេក ស្លឹកត្នោត ឬប្រភេទស្លឹកឈើ ធម្មជាតិផ្សេងៗវិញ ដើម្បីលើកតម្លៃជាតិ តម្លៃវប្បធម៌ដូនតា និងបរិស្ថានសង្គម។  ផ្អែកតាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក ខេត្តសៀមរាបនិងមានការរៀបចំពិធីអកអំបុក និងសំពះព្រះខែ នៅបរិវេណសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប នៅថ្ងៃទី២៧ វិច្ឆិកា ចាប់ពីវេលាម៉ោង១៨ ដល់ម៉ោង២៤។ ជាមួយគ្នានោះក៏មានការដង្ហែប្រទីបយកទៅបណ្ដែត ក្នុងស្ទឹងសៀមរាប ដើម្បីសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅចំពោះព្រះគង្គា ដែលបានផ្ដល់ដីដ៏មានជីវជាតិល្អផូរផង់ បម្រើដល់វិស័យកសិកម្ម និងជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។  ក្នុងន័យនោះដើម្បីជាសេចក្តីគោរព និងដឹង គុណដល់គុណវិសេសនៃព្រះគង្គា ក៏ដូចជាដើម្បីថែរក្សាអនាម័យបរិស្ថាន ប្រព័ន្ធអេកូឡូស៊ីឱ្យបានល្អប្រសើរ នៅតាមដងស្ទឹងសៀមរាប ដែលជាស្ទឹងប្រវត្តិសាស្ត្រហូរនាំទឹកអម្រិតពីភ្នំគូលែនមកស្រោចស្រពដល់ទំនាបកណ្តាលផង និងតម្លៃ កិត្តិយសមុខមាត់ប្រទេសជាតិយើងលើឆាកអន្តរជាតិផង រដ្ឋបាលខេត្តបានសង្កត់ធ្ងន់ថា៖«ខ្ញុំសូមអំពាវនាវដល់បងប្អូន ក្មួយៗអាជីវករ ដែលរៀបចំធ្វើ កន្ទោងអំពីជ័រ ឬស្មោក្នុងរយៈពេលកន្លងមក ត្រូវជំនួសដោយការរៀបចំពីស្លឹកចេក ស្លឹកត្នោត ឬប្រភេទស្លឹកឈើ ធម្មជាតិផ្សេងៗ។ ទាំងនេះបង្ហាញពីការចូលរួមរបស់បងប្អូន ក្មួយៗ អាជីវករយើងក្នុងការរួមចំណែកលើកតម្លៃជាតិ តម្លៃ វប្បធម៌ដូនតា និងបរិស្ថានសង្គមរបស់យើង»។  គួរជម្រាបថា ក្នុងឱកាសនោះ រដ្ឋបាលខេត្តក៏នឹងមានការបាញ់កាំជ្រួច នៅខាងកើតគល់ស្ពានវត្តរាជបូណ៍នាថ្ងៃទី២៦ វេលាម៉ោងប្រមាន ១៨:៣០ នាទីល្ងាចផងដែរ។ រីឯថ្ងៃទី២៧ នឹងមានការបាញ់កាំជ្រួចនៅខាងកើតគល់ស្ពានវត្តរាជបូណ៌ វេលាម៉ោងប្រហែល ១៩:០០នាទី ព្រមទាំងបាញ់កាំជ្រួចនៅមុខមហាសណ្ឋាគារអង្គរវេលាម៉ោង ២៤:០០នាទីអាធ្រាត្រផងដែរ៕    សម្រួលដោយ  ទៀង  បុណ្ណរី

SONY DSC

អត្ថបទដែលជាប់ទាក់ទង