ជាង២០ប្រទេសចូលរួមគុនខ្មែរពិភពលោកចុងសប្តាហ៍នេះ
កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរពិភពលោក លើកទី៤ នៅថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទឹកដីអង្គរ ខេត្តសៀមរាប ដើម្បីពង្រីកសក្តានុពលគុនខ្មែរទៅលើឆាកអន្តរជាតិឲ្យកាន់តែរីកចម្រើន។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ប្រទេសជាង២០មកពីជុំវិញពិភពលោកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតគុនខ្មែរពិភពលោក Kun Khmer World Championship លើកទី៤ នៅខេត្តសៀមរាប។ ប្រទេសភាគច្រើនបានបញ្ជូនអត្តពលិករបស់ខ្លួនមកចូលរួមប្រកួត ហើយប្រទេសខ្លះបានបញ្ជូនសមាជិកមកចូលរួម ពីព្រោះព្រឹត្តិការណ៍នេះមិនមែនផ្តោតលើតែការប្រកួតម្យ៉ាងនោះទេ ប៉ុន្តែក៏មានកិច្ចប្រជុំសំខាន់ៗផ្សេងទៀតដើម្បីជំរុញការផ្សព្វផ្សាយពីគុនខ្មែរលើពិភពលោក។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការប្រកួតនេះមានការបែងចែកជា៣ប្រភេទគឺកម្រិតស្ម័គ្រចិត្ត កម្រិតពាក់កណ្តាលអាជីព និងកម្រិតអាជីព។ ក្នុងនោះមានខ្សែក្រវាត់៤គ្រឿង និងមេដាយមាស ប្រាក់ សំរិទ្ធគ្រប់វិញ្ញាសា។ ជាមួយគ្នានេះ លោក មៀម រ៉ា ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ (KKIF) បានឲ្យដឹងថា ព័ត៌មានជាក់លាក់គឺមាន១៥ប្រទេសបានបញ្ជូនអត្តពលិកចូលរួមប្រកួតដែលសរុបកីឡាករ កីឡាការិនីរបស់ម្ចាស់ផ្ទះកម្ពុជាមានជាង៦០នាក់។ ក្នុងចំណោមវិញ្ញាសា និងការប្រកួតខ្សែក្រវាត់ មានវិញ្ញាសាខ្លះមានបេក្ខភាពច្រើននាក់ដែលត្រូវប្រកួតជម្រុះច្រើនវគ្គ ប៉ុន្តែវិញ្ញាសាខ្លះមានបីទៅបួននាក់។
ប្រទេសបានបញ្ជូនអត្តពលិកចូលរួមប្រកួត
- រុស្ស៊ី មានអត្តពលិក៦នាក់
- ឥណ្ឌា អត្តពលិក៦នាក់
- កាហ្សាស្ថាន មានអត្តពលិក៤នាក់
- អ៉ីរ៉ង់ មានអត្តពលិក៤នាក់
- ជប៉ុន មានអត្តពលិក៣នាក់
- ហ្វីលីពីន មានអត្តពលិក៥នាក់
- ឥណ្ឌូណេស៊ី មានអត្តពលិក៤នាក់
- កាមេរ៉ូន មានអត្តពលិក១នាក់
- អូស្ត្រាលី មានអត្តពលិក១នាក់
- ម៉ាឡេស៊ី មានអត្តពលិក១នាក់
- អាហ្សង់ទីន មានអត្តពលិក១នាក់
- វៀតណាម មានអត្តពលិក១នាក់
- ឡាវ មានអត្តពលិក១នាក់
- កម្ពុជា មានអត្តពលិក២៥នាក់
សម្រួលដោយ ទៀង បុណ្ណរី