ក្រុមហ៊ុនផលិតកង់ធំមួយរបស់ចិនស្នើរដ្ឋាភិបាលកម្ពុជាបញ្ចូនបុគ្គលិកជំនាញទៅបណ្តុះបណ្តាលនៅចិន
ក្រុមហ៊ុនកង់ XDS Bicycle បានស្នើសុំឱ្យមានការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា លើគោលបំណងដែលក្រុមហ៊ុនចង់បញ្ជូនបុគ្គលិកជំនាញពីកម្ពុជាទៅទទួលវគ្គបណ្ដុះបណ្តាលខ្លី នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងទីក្រុងសិនជិននៃប្រទេសចិន។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងជំនួបរវាងថ្នាក់ដឹកនាំក្រុមហ៊ុនកង់ XDS និងថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៣។ អនុប្រធានក្រុមហ៊ុនចិនមួយដែលជាក្រុមហ៊ុមមេរបស់ក្រុមហ៊ុនកង់ XDS Bicycle គឺលោកស្រី Chuqiao Li បានស្នើទៅឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យជួយសម្រួលដល់ការបញ្ជូនបុគ្គលិកជំនាញពីកម្ពុជា ទៅបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ជំនាញបន្ថែមទៀត នៅឯទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនកង់ខាងលើ ស្ថិតនៅក្នុងប្រទេសចិន។ ស្នើបែបនេះទៀតសោតធ្វើឡើងនៅស្របពេលដែលក្រុមហ៊ុនផលិតកង់ខាងលើកាលពីខែតុលា ធ្លាប់បានបង្ហាញពី ពីបំណងពង្រីករោងចក្រ និងពង្រីកច្រវាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជាឱ្យធំជាងនេះបន្ថែមទៀត ពោលគឺចង់ពង្រីកឱ្យធំដូចក្រុមហ៊ុន និងរោងចក្រមេរបស់ខ្លួន ដែលមានទីតាំងក្នុងក្រុងស៊ិនជិន (Shenzhen)។ ជាការឆ្លើយតប នឹងបំណងរបស់ក្រុមហ៊ុន ឯកឧត្តម ស៊ុន ចាន់ថុល ដែលជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងនោះ បានអនុញ្ញាតឱ្យក្រុមហ៊ុនលើកជាសំណូមពរ និងបង្ហាញបញ្ហាប្រឈមដែលក្រុមហ៊ុនកំពុងជួប ដើម្បីឱ្យរាជរដ្ឋាភិបាលកម្ពុជាចូលរួមដោះស្រាយ ក្នុងទិសដៅជំរុញឱ្យក្រុមហ៊ុនវិនិយោគពង្រីករោងចក្របន្ថែមទៀតនៅកម្ពុជា ព្រមទាំងអាចប្រែក្លាយជាមជ្ឈមណ្ឌលនៃឧត្តមភាពនៅក្នុងតំបន់ និងនៅលើពិភពលោក ដើម្បីបង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានប្រាប់ទៅក្រុមហ៊ុនអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងកិច្ចសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាដែលវិនិយោគិនជួបប្រទះ សំដៅរក្សាបាននូវសកម្មភាពវិនិយោគដែលមានស្រាប់ និងជំរុញឱ្យក្រុមហ៊ុនអាចពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា។ គួរកត់សម្គាល់ថា ក្រុមហ៊ុនផលិតកង់ XDS បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ២០១៩ លើកការដំឡើងនិងនាំចេញប្រភេទកង់ផ្សេងគ្នាទៅកាន់ទីផ្សារសំខាន់ៗរួមមានសហរដ្ឋអាម៉េរិក និងសហភាពអ៊ឺរ៉ុប។ ក្រុមហ៊ុននេះមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង ដែលមានទុនវិនិយោគប្រមាណ ១៩លានដុល្លារ និងបានបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណ ១.៦០០កន្លែង។ ក្រៅពីវិនិយោគនៅកម្ពុជា XDS Bicycle ក៏មានរោងចក្រផលិតនៅក្នុងប្រទេសក្បែរខាងកម្ពុជា គឺវៀតណាមផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី