ចប់ហើយបើយ៉ាងៗនេះ មិនរស់ទេ ជាតិនេះ! សាច់បង្កក សាច់គោខូចគុណភាព ១,៥០០គីឡូក្រាម និងសាច់គោ ក្របី និងគ្រឿងក្នុង ពុំមានឯកសារបញ្ជាក់ ១២,៦០០គីឡូក្រាម
រាជភ្នំពេញ៖ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បានបន្តត្រួតពិនិត្យទីតាំងស្តុកទុកសាច់បង្កកចំនួន២ ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ អគ្គនាយកដ្ឋាន ក.ប.ប. បានប្រកាសថា លទ្ធផលនៃការត្រួតពិនិត្យនេះ គឺទីតាំងទី១៖ បានសហការជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដី ដោយបានរកឃើញ ផលិតផលសាច់គោ ក្របី និងគ្រឿងក្នុង បង្កក រួមមាន៖ សាច់គោខូចគុណភាព ប្រមាណ ១,៥០០គីឡូក្រាម និងសាច់គោ ក្របី និងគ្រឿងក្នុង ពុំមានឯកសារបញ្ជាក់អំពីប្រភពច្បាស់លាស់ ចំនួន ១២,៦០០គីឡូក្រាម។ ផលិតផលខាងលើនេះ ត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. អនុវត្តនីតិវិធី កិបសៀល លើទូរបង្កកសាច់ទាំងនោះ ជាបណ្តោះអាសន្ន ដោយទុករយៈពេល ១សប្ហាហ៍ ឱ្យម្ចាស់ទីតាំងរកឯកសារមកបញ្ជាក់ ចំពោះមន្ត្រីជំនាញ។ ទីតាំងទី២ ត្រូវបានអគ្គនាយកដ្ឋាន ក.ប.ប. ប្រកាសថា មានកិច្ចសហការជាមួយអាជ្ញាធរដែនដី បានរកឃើញផលិតផល រួមមាន៖ សាច់គោ ក្របី និងគ្រឿងបំណែក ប្រមាណ ៦០,៥៧០គីឡូក្រាម មានឯកសារនាំចូលត្រឹមត្រូវ និងមានប្រភពមកពីប្រទេសឥណ្ឌា។ រីឯសាច់មាន់ បរិមាណ ១,៥០០គីឡូក្រាម ជាការបញ្ជាទិញនៅក្នុងស្រុក។ ទន្ទឹមនឹងនោះ មន្រ្តីជំនាញ បានធ្វើតេស្តបឋម និងដកយកគំរូផលិតផលខាងលើ បញ្ជូនទៅវិភាគនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប.។ យ៉ាងណាមិញ ដោយសារលក្ខខណ្ឌរក្សាទុក នៅមានកម្រិត (-3) (-7) និង(-11)អង្សារ និងការដឹកជញ្ជូន ពុំសមស្របតាមលក្ខណៈបច្ចេកទេស មន្រ្តីជំនាញ បានធ្វើការអប់រំណែនាំឱ្យកែតម្រូវ និងពិន័យអន្តរកាណ៍ តាមបទប្បញ្ញត្តិជាធរមាន៕ សម្រួលដោយ ដោយ ទៀង បុណ្ណរី