សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែតលុបឈ្មោះ វរសនីយឯក ទៀវ ម៉ារឌី ចេញពីក្របខណ្ឌ ព្រោះមិនគោរពវិន័យកងរាជអាវុធហត្ថ
តាមរយៈអនុក្រឹត្យស្ដីពីការលុបឈ្មោះនាយទាហានចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលុបឈ្មោះ វរសេនីយឯក ទៀវ ម៉ារឌី ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។ បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្ដមសេនីយត្រី អេង ហ៊ី ចំពោះមូលហេតុដែលនាំឱ្យរាជរដ្ឋាភិបាលប្រើវិធានការក្ដៅលុបឈ្មោះចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ គឺដោយសារតែ បុគ្គល ទៀវ ម៉ារឌី មិនគោរពច្បាប់ និងវិន័យ។ លោក អេង ហ៊ី បញ្ជាក់ថា “ឧត្ដមសេនីយត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលបានរាយការណ៍មកតាមឋានានុក្រមសុំថ្នាក់លើដើម្បីសម្រេច”។ ជាជំហានបន្ទាប់ពីទទួលបានការរាយកាណ៍ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល លោក អេង ហ៊ី បានឱ្យដឹងថា “ថ្នាក់លើក៏កាត់ឈ្មោះបុគ្គលនោះ (បុគ្គល ទៀវ ម៉ារឌី) ឱ្យមកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស”។លោក អេង ហ៊ី បន្ថែមថា បន្ទាប់ពីកាត់ឈ្មោះឱ្យមកបំពេញការងារនៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធងហត្ថ ប៉ុន្តែបុគ្គលនោះនៅតែមិនគោរពច្បាប់ស្ដីពីលក្ខន្តិកនៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅ និងបទបញ្ជាផ្ទៃក្នុងកងរាជអាវុធហត្ថដដែល។ ពីព្រោះតែការមិនគោរពបទបញ្ជា និងវ័ន័យនេះហើយទើបរាជរដ្ឋាភិបាលលុបឈ្មោះចេញពីក្របខណ្ឌតែម្ដង។ ជាការកត់សម្គាល់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រើវិធានការក្ដៅលើការបង្រ្កាបមន្ត្រីដែលអសកម្មក្នុងការបំពេញការងារ មន្ត្រីដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដូចជា លោក វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងបក្សពួក៤រូប លោក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ,លោក យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច រួមជាមួយដៃគូរ៤នាក់ទៀត និងនគរបាលខេត្តព្រៃវែងចំនួន១១រូបជាដើម៕ សម្រួលដោយ ទៀ បុណ្ណរី