ខណ្ឌរដ្ឋបាលជលផល ខេត្តព្រៃវែងចុះបង្ក្រាប និងដុតចោលឧបករណ៍នេសាទខុសច្បាប់
លោក កង សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកំពង់លាវ ខេត្តព្រៃវែង បានចុះពង្រឹងការអនុវត្ដច្បាប់ ផ្នែករដ្ឋបាល ជលផលកំពង់លាវ បានដឹកនាំសង្កាត់រដ្ឋបាលជលផលទួលតាកែវ ចុះត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើស ជលផល នៅចំណុចទំនប់វាលព្រះប្រាំភូមិតាកោ សង្កាត់តាកោ ក្រុងព្រៃវែង កាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា។ លោក កង វណ្ណារ៉ា បានឱ្យដឹងថា ការចុះអនុវត្តបាន១ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុងខុសច្បាប់ ត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទមាន លូស្បៃមុងចំនួន៣៤ មាត់ របាំងព្រួលស្បៃមុងប្រវែង១ ៧០០ ម៉ែត្រ បង្កោលចម្រឹងចំនួន៥៦០ ដើម និងចាក់លែងចម្រុះត្រីទម្ងន់ ១៥ គ.ក្រ ។ លោក ផុន ប្រជាពលរដ្ឋរស់នៅវាលព្រះប្រាំ បានសម្តែងការពេញចិត្តចំពោះការអនុវត្ត ការខិតខំប្រឹងប្រែងរបស់ ខណ្ឌរដ្ឋបាលជលដែលបានចុះបង្រ្កាបបទល្មើសនេសាទនេះ។ លោកបានបញ្ជាក់ថា បើបានចុះបង្កាប ញឹកញាប់បទល្មើសនេសាទនឹងលែងកើតមាន ហើយត្រី នឹងសំបូរឡើងវិញជាក់ជាមិនខាន។ សម្រួលដោយ ទៀង បុណ្ណរី