ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាធ្លាក់ចុះ នាំឱ្យប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញធ្លាក់ចុះដូចគ្នា

រាជធានីភ្នំពេញ៖ នៅ៩ខែឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តភ្នំពេញទទួលបានប្រាក់ចំណូលសរុបជាង២៦លានដុល្លារអាម៉េរិក។ ចំនួននេះធ្លាក់ចុះជាង៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ការធ្លាក់ចុះប្រាក់ចំណូលរបស់កំពង់ផែដ៏សំខាន់មួយក្នុងចំណោមកំពង់ផែសំខាន់ៗផ្សេងទៀតរបស់កម្ពុជា គឺដោយសារតែការធ្វើពាណិជ្ជកម្មរបស់កម្ពុជា បានធ្លាក់ចុះដូចគ្នាដែរ។  របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ របស់កំពង់ផែស្វយ័តភ្នំពេញបង្ហាញថា ប្រាក់ចំណូលសរុបរបស់ខ្លួននៅ៩ខែមកនេះ មានជាង២៦លានដុល្លារអាម៉េរិកធ្លាក់ចុះជាង៦ភាគរយ ខណៈប្រាក់ចំណេញសុទ្ធមានជាង៧លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះជិត៣៥ភាគរយ បើធៀបនឹងប្រាក់ចំណូល និងចំណេញក្នុងពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ ការណ៍នេះ មិនមែនជារឿងចម្លែក មិនចម្លែកគឺនៅត្រង់ថា កំពង់ផែជាទីនាំទំនិញចេញចូលមួយដ៏ធំ បើសិនជាការធ្វើពាណិជ្ជកម្មធ្លាក់ចុះ នោះទាំងចំណូល និងប្រាក់ចំណេញរបស់កំពង់ផែ នឹងធ្លាក់ចុះទៅតាមនោះដូចគ្នា។ ជាក់ស្តែង កម្ពុជាមានទំហំពាណិជ្ជកម្មជាមួយអន្តរជាតិ សម្រេចបានប្រមាណជាង៣៨,៦៦ពាន់លានដុល្លារ រយៈពេល១០ខែ ឆ្នាំ២០២៣នេះ ពោលគឺបន្តធ្លាក់ចុះជាង៣,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលកាលនោះមានជាង៣៩,៩ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ គួរជម្រាបថា ពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិ បានធ្លាក់ចុះអស់ជាច្រើនខែជាប់ៗគ្នាមកហើយ ចាប់តាំងពីដើមឆ្នាំ២០២៣មក។  មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងអ្នកជំនាញសេដ្ឋកិច្ចធ្លាប់បានអះអាងជារឿយៗថា ការធ្លាក់ចុះនេះ គឺកត្តាចម្បងគេដោយសារការបញ្ជាទិញពីប្រទេសទីផ្សារធំៗរបស់កម្ពុជា ធ្លាក់ចុះដូចគ្នា។ ការបញ្ជាទិញធ្លាក់ចុះនេះទៀតសោត គឺដោយសារស្ថានភាពសេដ្ឋកិច្ចជារួម នៅទូទាំងពិភពលោកមានភាពមិនច្បាស់លាស់ តម្រូវការផលិតផលមានតិចជាងមុន អ្នកចាយវាយមានការគិតគូរជាងមុន គួបផ្សំនឹងអស្ថិរភាពភូមិសាស្ត្រនយោបាយ ដែលអូសទាញសេដ្ឋកិច្ច បង្កដោយសង្គ្រាមនៅអ៊ុយក្រែន និងចុងក្រោយនេះ ជម្លោះក្នុងតំបន់មជ្ឍឹមបូព៌ារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលរុញឱ្យពិភពអារ៉ាប់ទាំងមូលជាជម្រុកផលិតប្រេងពិភពលោកកំពុងក្ដៅគគុក។ សូមជម្រាបថា ការនាំចេញទំនិញសំខាន់ៗមានដូចជា៖ សម្លៀកបំពាក់ ផលិតផលកាត់ដេរផ្សេងៗ ស្បែកជើង គ្រឿងបង្គុំអគ្គិសនី ទោចក្រយាន កៅស៊ូ និងអង្ករ។ ហើយទីផ្សារធំៗរួមមាន៖ សហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងកាណាដា ខណៈទំនិញនាំចូលសម្រាប់បម្រើតម្រូវការក្នុងស្រុកសំខាន់ៗមានដូចជា​៖ វត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ ប្រេងឥន្ធនៈ សម្ភារ និងបរិក្ខារសំណង់ យានយន្តម្ហូបអាហារ និងភេសជ្ជៈ ដែលនាំចូលមកពីប្រទេសសំខាន់ៗដូចជា ចិន វៀតណាម ថៃ សិង្ហបុរី និងឥណ្ឌូណេស៊ី៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង