ឃើ​ញ​ប្តី​ថតរូប​ជាមួយ​ក្មួយ​ស្រី​ជីទួតមួយ ប្រពន្ធ​ទប់ចិត្ត​មិន​បាន​ទាញ​កាំបិត​កាប់​

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​បញ្ជូន​យក​ទៅ​ព្យាបាល ក្រោយ ខណៈ​ដែល​ប្រពន្ធ​ឃើញ​ប្តី​ថតរូប​ជាមួយ​ក្មួយ​ស្រី​ជីទួតមួយ ហើយ​ទាស់​ពាក្យ​សម្តី រករឿង​វាយ​ប្រពន្ធ ក្លាយជា​ហិង្សា ប៉ុន្តែ​ត្រូវ​បាន​ប្រពន្ធ​ទាញ​យក​កាំបិត​ផ្គាក់​កាប់​បុរស​ជា​ប្តី​វិញ​។  ហេតុការណ៍​​​ខាងលើនេះ​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ភូមិ​តាំង​របង ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​ ។   នគរបាល​ស្រុក​ឱ​រ៉ា​ល់ បាន​និយាយ​ឲ្យ​ដឹង​ថា ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង បង្កដោយ​ឈ្មោះ អ៊ី សុ​ភ័​ណ្ឌ ហៅ កំ​ប្រ៉ុ​ក ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ត្រូវជា​ប្រពន្ធ​ បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ប្ដី​របស់​ខ្លួន​ឈ្មោះ អោម ឈួ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ (​ត្រូវ​មួយ​កាំបិត​ចំ​ស្មា ខាងឆ្វេង​) ហើយ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​ ។  នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​ប្រពន្ធ​ទាញ​កាំបិត​កាប់​ប្តី បណ្ដាល​មក​ពី​រឿង​ភ្លើង​ប្រច័ណ្ឌ ទើប​ឈាន​ទៅ​ដល់​កាប់​ប្តី​។  នគរបាល​បាន​បញ្ជាក់​បន្ថែម​ថា នៅ​មុន​ពេល​កើតហេតុ ប្រពន្ធ​ឃើញ​ប្ដី​ថតរូប​ជាមួយ​ក្មេង​ស្រី​ម្នាក់​ឈ្មោះ នី ដែល​ត្រូវជា​ក្មួយ​ស្រី​ជីទួតមួយ​របស់​ខ្លួន ស្រប​ពេល​នោះ​ប្ដី​បាន​មក​ឱប​លួងលោម​ប្រពន្ធ (​ជនសង្ស័យ​) តែ​ប្រពន្ធ​មិន​ឲ្យ​ឱប ក៏​កើត​ចិត្ត​ខឹង ហើយ​កើត​មាន​អំពើ​ហិង្សា​ប្ដី (​ជន​រង​គ្រោះ​) វាយ​ទៅ​លើ​ប្រពន្ធ ពេល​នោះ​ប្រពន្ធ​ក្រឡេក​ឃើញ​កាំបិ.ត​ផ្គាក់​នៅ​ក្បែរ ក៏​រត់​ទៅ​ទាញ​យក​កាំបិត​កាប់​ទៅ​កាប់​លើ​ប្ដី ត្រូវ​មួយ​កាំបិត​ចំ​ស្មា​ខាងឆ្វេង បណ្ដាល​ឲ្យ​រង​របួសធ្ងន់​តែ​ម្ដង​។  បច្ចុប្បន្ន ​ជនសង្ស័យ​ជា​ប្រពន្ធ ត្រូវ​បាន​នគរបាល​ឃាត់ និង​ដកហូត​វត្ថុ​តាង​​កាំបិត យក​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​  សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង