ក្រុមក្មេងទំនើងឆ្លើយថា៖ «កាប់គឺដើម្បីកាត់សាញ»
ខេត្តកំពង់ឆ្នាំង ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហាញមុខក្រុមជនសង្ស័យជាក្មេងទំនើងចំនួន១០នាក់ ដែលបានធ្វើសកម្មភាពប្រើអំពើហិង្សា ធ្វើឲ្យខូចខាតដោយចេតនា និងលួចមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តឡើងនៅ២កន្លែងផ្សេងគ្នា នៅយប់ថ្ងៃតែមួយ គឺថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០២៣។ លោក ពេជ្រ រ៉ី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាក្រោយពីទទួលបានពាក្យបណ្ដឹង ពីគ្រួសារជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាឲ្យ លោក ដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ ចុះស្រាវជ្រាវនិងតាមឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន១០នាក់។ លោក ស្នងការរង បានលំអិតពីសកម្មភាពក្រុមក្មេងទាំងនោះថា៖ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុងក្មេងទំនើងទាំងនោះមានគ្នា ប្រមាណជាង១០ នាក់ ជិៈម៉ូតូ៥ ទៅ ៦ គ្រឿង ទៅធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ នៅចំណុចរង្វង់មូលនាងស្មូនឆ្នាំង ស្ថិតភូមិផ្លូវវាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បណ្តាល ឈ្មោះ ថន សុខខេន និង ឈ្មោះ ដាន់ វិបុល រស់នៅភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ រងរបួសធ្ងន់។ ក្នុងសកម្មភាពនោះដែរ ក្រុមជនសង្ស័យបានកាប់នឹងវាយម៉ូតូជនរងគ្រោះ ព្រមទាំងកាប់យកស្លាកលេខម៉ូតូជនរងគ្រោះយកទៅបាត់។ នៅយប់ថ្ងៃដដែលនោះដែរក្រុមក្មេងទំនើងដដែលនេះបានបន្តធ្វើសកម្មភាព ប្រើហឹង្សាដោយចេតនា នៅចំណុចផ្លូវលេខ ៥៣ ត្រង់ផ្លូវបំបែក ផ្លូវវាងក្រុង ក្នុងភូមិត្រោកនិងភូមិគល់គុប ដោយបានដេញកាប់ទៅលើជនរងគ្រោះឈ្មោះ ទន សុធាវី ភេទប្រុស អាយុ២១ឆ្នាំ នឹងឈ្មោះអុល សំភាស់ ភេទប្រុស អាយុ២៣ឆ្នាំ ទាំង2នៅភូមិគល់គប់ ប៉ុន្តែសកម្មភាពនោះ កាប់មិនត្រូវជនរងគ្រោះទេ តែក្រុមជនសង្ស័យបានកាប់ម៉ូតូជនរងគ្រោះទាំង២គ្រឿង បណ្ដាលឲ្យខូចខាតនិងកាប់យកស្លាកលេខម៉ូតូទាំង២គ្រឿងទៅបាត់។ លោក ពេជ្រ រ៉ី បានបន្តថា៖ ក្រោយធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ នៅថ្ងៃទី១៥ ខែវិច្ឆិកា សមត្ថកិច្ចព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់។ ដោយបានដកហូតវត្ថុតាង រួមមាន៖ ម៉ូតូ១ គ្រឿងនិង ស្លាកលេខម៉ូតូ ជនរងគ្រោះចំនួន៣ ។ បន្ទាប់មកនៅថ្ងៃទី១៦ ខែវិច្ឆិកា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់បន្ថែមទៀត ដោយដកហូតបាន ដាវចំនួន២ដើម។ ក្រោយធ្វើការសាកសួរក្រុមទាំង១០នាក់ បានឆ្លើយសារភាពថាពួកគេពិតជាបានកាប់ទៅលើជនរងគ្រោះទាំង២ករណីពិតមែន គឺនៅចំណុចស្មូនឆ្នាំងនិងនៅចំណុចផ្លូវបំបែកវាងក្រុង ។ចំពោះមូលហេតុ នៃសកម្មភាពទាំង២ករណី គឺកាប់ដើម្បីកាត់សាញ ព្រោះពួកគេគ្មានស្គាល់ជនជនរងគ្រោះ និងក៍គ្មានគំនុំអី្វនឹងគ្នាដែរ ។ ជនសង្ស័យទាំង១០នាក់ ត្រូវបានសមត្ថកិច្ចយកទៅធ្វើតេស្តរកមេរោគកូវីដនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងមុននឹងបញ្ជូនទៅកាន់តុលាការនៅព្រឹកនេះ៕ សម្រួលដោយ ទៀង បុណ្ណរី