រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ផែនការ​កសាង និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ​យ៉ាង​ហោច​ណាស់​៥​គម្រោង​

តាម​ឯកសារ​ដែល​ធ្លាយ​នៅ​ក្នុង​ឆ្នាំ​ក្រោយ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ផែនការ​កសាង និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ​យ៉ាង​ហោច​ណាស់​៥​គម្រោង​ធំ​ៗ ដែល​មាន​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ ។  ដូច្នេះ​ដី​នៅ​តាម​ផ្លូវ និង​ស្ពាន​ក្នុង​គម្រោង​នោះ អាច​នឹង​កាន់តែ​មាន​តម្លៃ​។ អ្នកមាន​ដី​ត្រូវ​ដឹង រឿង​នេះ​ហើយ​ប្រយ័ត្ន​លក់​ខុស​ថ្លៃ​។  ប្រភព​ដដែល​នោះ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​គម្រោង​អភិវឌ្ឍន៍ និង​ស្តារ​វិស័យ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​រូប​វ័​ន្ត​ចំនួន​១៦​គម្រោង គឺ​គម្រោង​ដែល​ទាក់ទង​នឹង​ផ្លូវ និង​ស្ពាន មាន​យ៉ាង​ហោច​ណាស់​ចំនួន​៥​គម្រោង​ធំ​ៗ ។  គម្រោង​ទាំងនោះ គឺ​មាន​ទី​១ គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ធ្លា​ម្អម ខេត្តពោធិ៍សាត់​-​ក្រុង​បាត់ដំបង និង​ពី​ក្រុង​សិរី​សោ​ភ័​ណ៌​-​ក្រុង​ប៉ោយ​ប៉ែ​ត ជំហាន​ទី​៣ ។ ទី​២ គឺ គម្រោង​ពង្រីក​កំណត់​ផ្លូវជាតិ​ល​ខេ​៦ ក្នុង​ខេត្តសៀមរាប ពោល​គឺ​ត្រពាំង​ធំ -​ស្លរ​ក្រាម ។ ទី​៣ គឺ គម្រោង​សាងសង់​ផ្លូវ​ខ្សែ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ត្រើយ​ខាងកើត​ទន្លេមេគង្គ​ដំណាក់កាល​ទី​១ ដោយ​មាន​ស្ពាន​២​កន្លែង​ឆ្លងកាត់​កោះដាច់ និង​ផ្លូវ​៣០ គម ។ ទី​៤ គឺ​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ ៧០ បេ ពោល​គឺ​ទន្លេ​បិទផ្លូវ​ជាតិ​លេខ​៧-​ស្រី​សន្ធរ​-​ព្រែក​តា​មា​ក់​-​ល្វាឯម​-​ពាម​រក៍ ផ្លូវជាតិ​លេខ​១១​។ និង​ទី​៥ គឺ​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ ៥០ សេ ពី​កំពង់ឆ្នាំង​ទៅ​កំពង់ធំ​។   ពាក់ព័ន្ធ​នឹង​គម្រោង​ទាំងនេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​បង្ហើប​ត្រួស​ៗ​ហើយ ជា​ពិសេស​គឺ​គម្រោង​ពង្រីក​កំណត់​ផ្លូវជាតិ​លេខ​៦ ក្នុង​ខេត្តសៀមរាប និង​គម្រោង​មួយ​ចំនួន​នៅ​ទិស​ខាងកើត​រាជធានី​ភ្នំពេញ ។  សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា នេះ​គឺជា​ទិស​ដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​គោល​គំនិត​នៃ​ការ​អភិវឌ្ឍន៍ ដើម្បី​បែងចែក​ផល​លាភ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ចំណែក​ស្មើ​ៗ​គ្នា ដោយ​គម្រោង​អភិវឌ្ឍន៍​ទាំងនេះ អាច​ផ្តល់​ផល​ជា​ច្រើន​តាំងពី​ការ​កម្សាន្ត ដឹក​ជញ្ជូន ធ្វើ​ដំណើរ និង​ការ​អភិវឌ្ឍន៍​ផ្សេង​ៗ រួម​ទាំង​ការងារ​ធ្វើ ពាណិជ្ជកម្ម អាជីវកម្ម​ឡើង ។​ល​។  ក្រៅពី​គម្រោង​សំខាន់​ៗ​ទាំងនេះ ក៏​នៅ​មាន​គម្រោង​កែ​លំអ​ផ្លូវ​ជនបទ​មួយ​ចំនួន​បន្ថែម​ទៀត នៅ​ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​ពង្រីក និង​ជំរុញ​កា​រត​ភ្ជាប់​នៅ​ក្នុង​ប្រទេស​កាន់តែ​មាន​ភាព​ងាយស្រួល និង​កាន់តែ​ធំ​ទូលាយ ។  ជា​ការ​ពិត ការ​ដាក់​ចេញ​នូវ​គម្រោង​ទាំងនេះ វា​គឺជា​ដំណឹង​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ភាគច្រើន ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ដែល​ជួប​គម្រោង​នោះ​ផ្ទាល់​អាច​នឹង​រងទឹក​ភ្នែក ដោយសារ​តែ​គម្រោង​ទាំងនោះ ត្រូវ​ប៉ះពាល់ ដី ផ្ទះ ចម្ការ និង​ជាទី​ជម្រក និង​ក៏​ជា​កន្លែង​រស់នៅ​អាស្រ័យ​ផល​ចិញ្ចឹមជីវិត ដូច្នេះ​អ្នក​ដែល​ពាក់ព័ន្ធ​ក៏​គួរតែ​រិះគិត​សំណង​ឲ្យ​ពួក​គាត់​អោយ​បាន​សមរម្យ ។  ក្រៅពី​នោះ នៅ​ក្នុង​ដំណាក់កាល​សាងសង់ ពលរដ្ឋ​នៅ​តាម​តំបន់​ទាំងនោះ ក៏​នឹង​រង​គ្រោះ ដោយសារ​តែ​ផល​រំខាន​ផ្សេង​ៗ ជា​ពិសេស​គឺ​ការ​ហុយ សម្លេង ផ្សែង ចេញពី​គ្រឿងចក្រ និង​ដំណើរការ​សាងសង់ ក៏​ដូច​ជា​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ ប៉ុន្តែ​ក្រោយ​ពេល​ដែល​គម្រោង​ទាំងនេះ​បញ្ចប់​នោះ ផលប្រយោជន៍​នឹង​ឃើញ​ផ្ទាល់​ៗ​តែ​ម្តង ។  ផលប្រយោជន៍​ដែល​នឹង​បាន​ទទួល​ក្រោយ​គម្រោង​នេះ​បញ្ចប់ គឺ​កា​រត​ភ្ជាប់​កាន់តែ​ច្រើន ដែល សម្រួល​​ដល់​ការ​ធ្វើ​ដំណើរ ការ​ដឹក​ជញ្ជូន​ផលានុផល កសិផល ចេញពី​កន្លែង​ផលិត​ទៅ​កាន់​ទីផ្សារ ដីធ្លី​ឡើងថ្លៃ ពោល​គឺ​នៅ​ពេល​ណា​ដែល​តំបន់​មាន​ផ្លូវ​ធំ​ទូលាយ តំបន់​នោះ​ក៏​នឹង​មានការ​អភិវឌ្ឍន៍​លឿន ដែល​នឹង​នាំ​ដល់​ទំនើប​កម្ម​សម្រាប់​សង្គម​ជីវភាព​របស់​ពលរដ្ឋ​ទាំងអស់​គ្នា ។  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង