ទឹកហូរច្រោះផ្ដាច់វិថីព្រះនរោត្ដមសីហមុនី(អតីតផ្លូវកូម៉ៃ)ក្នុងតំបន់អង្គរ
ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរាបានកែសម្រួលផ្លូវ និងលូទឹក នៅតាមបណ្ដោយវិថីព្រះនរោត្ដមសីហមុនី (អតីតផ្លូវកូម៉ៃ) ស្ថិតក្នុងតំបន់អង្គរជាបណ្ដោះអាសន្ន ក្រោយពីទឹកហូរច្រោះដាច់ប្រវែងជាង៣ម៉ែត្រ ស្ថិតនៅខាងត្បូងកសិណ្ធុអង្គរ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប កាលពីល្ងាចថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ក្នុងនោះដែរ លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានទឹកព្រៃឈើនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី១៧ខែ វិច្ឆិកា នេះថា ផ្លូវមួយខ្សែនេះបានសាងសង់ឡើងតាំងពីសម័យបារាំងដែលមកដល់ពេលនេះ មានអាយុកាលជាច្រើឆ្នាំមកហើយ ដែលធ្វើឱ្យលូទឹកមានអាយុកាលទ្រុឌទ្រោម ទើបធ្វើឱ្យទឹកហូរច្រោះដីបណ្ដាលឱ្យដាច់ផ្លូវប្រវែងប្រមាណ៣ម៉ែត្រ ។ លោកបន្ដថា ក្រោយពីផ្លូវបានបាក់ដាច់ភ្លាមៗ ក្រុមការងារអាជ្ញាធរជាតិអប្សរាបានទប់ស្កាត់មិនឱ្យទឹកហូរបន្ថែមទៀត ដើម្បីរក្សាទុកទឹកក្នុងក្នុងបារាយណ៍ និងមិនឱ្យទឹកហូរសង្កត់ស្រូវប្រជាពលរដ្ឋនៅក្នុងបារាយណ៍ផង ។ លោកបន្ដទៀតថា ក្រុមការងារកំពុងជុសជុលបណ្ដោះអាសន្ន ដោយចាក់ដីថ្មបំពេញកន្លែងបាក់ដាច់ ដើម្បីឱ្យធ្វើចរាចរណ៍ឡើងវិញជាបណ្ដោះអាសន្ន ខណៈដែលផ្លូវនេះមានគម្រោងធ្វើទ្វារទឹកថ្មីនាពេលខាងមុខ។ លោកបន្ថែមថា កន្លែងទ្វារទឹកនៅវិថីមួយនេះនឹងធ្វើឡើងតាមស្ដង់ដារត្រឹមត្រូវដោយមានប្រវែងប្រហែលពីរម៉ែត្រ សម្រាប់បើកបិទទឹកទុកក្នុងបារាយណ៍ ។ សូមបញ្ជាក់ថា ផ្លូវកូម៉ៃត្រូវបានប្ដូរឈ្មោះជាវិថីព្រះនរោត្ដមសីហមុនី ក្នុងអំពេលការកសាងហេដ្ឋារចនាសម្ព័នផ្លូវថ្នល់៣៨ខ្សែ ក្នុងក្រុងសៀមរាបកន្លងមក ។ លោកបញ្ជាក់ទៀតថា វិថីនេះតភ្ជាប់ពីវិថីស៊ីវុត្ថាត្រង់ចំណុចភ្លើងស្តុបអតីតពហុកីឡដ្ឋានខេត្តសៀមរាប ក្រុងសៀមរាប ឆ្ពោះទៅដល់ចំណុចកសិន្ធុទឹកអង្គរវត្ដពីខាងត្បូង ដោយឆ្លងកាត់បារាយណ៍ទឹកមួយកន្លែងដែលមានឈ្មោះថា បារាយណ៍«យសោធ» ត្រង់ចំណុចទឹកហូរច្រោះដីបាក់ផ្លូវនេះ ៕ សម្រួលដោយ ទៀង បុណ្ណរី