សម្តេចធិបតីហ៊ុនម៉ាណែត ៖ កម្ពុជាគ្រោងពង្រីកឲ្យប្រើបណ្ណព្រំដែន ដើម្បីទេសចរ ងាយចូលមកទស្សនាខេត្តសៀមរាប ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែន
ខេត្តសៀមរាប ៖ ថ្លែងចេញពីទឹកដីខេត្តសៀមរាប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថាកម្ពុជាគ្រោងពង្រីកឲ្យប្រើបណ្ណព្រំដែន ដើម្បីភ្ញៀវទេសចរ ងាយចូលមកទស្សនាខេត្តសៀមរាប ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែននោះទេ ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ «អាកាសយាន ដ្ឋានអន្តរជាតិ សៀមរាបអង្គរ» ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី បានឲ្យដឹងក្នុងជំនួបជាមួយថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន កាលពីកន្លងទៅ សម្ដេចបានចរចាជំរុញឲ្យមានជើងហោះហើរត្រង់ ពីតំបន់ទេសចរណ៍ក្នុងតំបន់អាស៊ាន មកកាន់កម្ពុជា ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ១៥០លានដុល្លារ ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ។ សម្ដេចក៏បានណែនាំឲ្យអាជ្ញាធរមានសម្ថកិច្ច ធ្វើយ៉ាងណាឲ្យសុវត្ថិភាព សន្តិសុខ នៅក្នុងតំបន់ជុំវិញព្រលានយន្តហោះខេត្តសៀមរាបថ្មីនេះ ក៏ដូចជានៅក្នុងខេត្តឲ្យដំណើរការទៅបានល្អធានា នូវសន្តិសុខ សុវត្ថិភាព ស្ថេរភាពជូនទេសចរនៅក្នុងខេត្ត ។ ជាមួយគ្នានោះដែរ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា «ជំរុញការភ្ជាប់ជើងហោះហើរត្រង់បន្ថែម ក្រសួងទេសចរណ៍ កំពុងធ្វើការខិតខំ ក្នុងតភ្ជាប់ជើងហោះហើរត្រង់បន្ថែម។ នៅក្នុងជំនួបរបស់ខ្ញុំ ជាមួយថ្នាក់ដឹកនាំអាស៊ាន យើងបានចរចាគ្នា ក្នុងការភ្ជាប់រវាង តំបន់ទេសចេណ៍ ពីបណ្ដាប្រទេសមួយចំនួន ក្នុងអាស៊ាន ពីវៀតណាម ពីឡាវ ពីហ្វីលីពីន ពីស៊ែប៊ូ ពីថៃ ពីភូកេត ពីដាណាង នៅវៀតណាម ខិតខំធ្វើយ៉ាងណាបង្កើនការហោះហើរ ត្រង់មកទីនេះ (ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ) ហើយសង្ឃឹមថា ឆ្នាំ២០២៤ យើងអាចឈានទៅដល់ការជំរុញទេសចរឲ្យមកតាមច្រកនៅទីនេះ» ។ ក្នុងឱកាសនោះដែរ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «កម្ពុជាគ្រោងពង្រីកឱ្យប្រើបណ្ណព្រំដែន ដើម្បីទេសចរ ងាយចូលមកទស្សនាខេត្តសៀមរាប ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែន (PASSPORT)នោះទេ» ។ សម្ដេចធិបតី បន្ថែមថា ការពង្រីកវិសាលភាពបណ្ណព្រំដែននេះ គឺក្រសួងការបរទេស និងក្រសួងមហាផ្ទៃ កំពុងធ្វើកិច្ចការងារនេះជាមួយភាគីថៃ ដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់ទេសចរ ក៏ដូចជាពលរដ្ឋថៃ ដែលមកខេត្តសៀមរាប ។ សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងបន្តថា កន្លងទៅយើងមានកិច្ចព្រមព្រៀងខេត្តជាប់ព្រំដែន ដែលពលរដ្ឋអាច ចូលទៅខេត្តជាប់ព្រំដែនរៀងៗខ្លួន មិនចាំបាច់ប្រើ PASSPORT ទេ ។ សម្ដេចថា ឥឡូវនេះ យើងចង់ពង្រីកវិសាលភាព ឲ្យមកដល់ខេត្តសៀមរាបតែម្ដង បានន័យថា ពលរដ្ឋថៃ ចូលមកខេត្តសៀមរាប មិនចាំបាច់មាន PASSPORT ទេ គឺមានត្រឹមបណ្ណព្រំដែន គឺចូលមកបានហើយ ៕ សម្រួលដោយ ទៀង បុណ្ណរី