គួរឱ្យសោកស្តាយណាស់! ផ្សោតជាសត្វជិតផុតពូជពីភពផែនដី បន្តស្លា.ប់ដោយការប្រើឧបករណ៍ឆក់របស់អ្នកនេសាទខុសច្បាប់
ខេត្តស្ទឹងត្រែង៖ សត្វផ្សោតវ័យ៧ឆ្នាំមួយក្បាល បានងាប់ដោយសារតែឧបករណ៍ឆក់ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នេះបើយោងតាមការឱ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣..។ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃ១៥ ខែវិច្ឆិកាឆ្នាំ២០២៣ មានសត្វផ្សោត០១ក្បាល វ័យជំទង់ អាយុប្រមាណ៧ឆ្នាំ ភេទឈ្មោល ប្រវែង១,៩៤ម៉ែត្រ ទម្ងន់៦៥គីឡូក្រាម បានស្លាប់នៅភូមិកោះត្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ តាមរយៈការធ្វើកោសល្យវិច័យរបស់មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF សន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយសារឧបករណ៍ឆក់ ព្រោះមានស្នាមជាំដុំៗនៅផ្នែកក្បាល និងដងខ្លួន។ បន្ថែមលើនេះ រដ្ឋបាលជលផលបន្តថា ក្នុងឆ្នាំ២០២៣នេះ ផ្សោតកើតបាន៨ក្បាល និងស្លាប់៥ក្បាលក្នុងនោះ កូនផ្សោតស្លាប់២ក្បាល ជំទង់២ក្បាល និងស្លាប់ដោយចាស់ជរា១ក្បាល ។ ចំពោះបញ្ហានេះ រដ្ឋបាលជលផលនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសឆក់នេះ និងដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តល្មើស តាមច្បាប់ស្តីពីជលផល។ ទន្ទឹមនឹងនោះ រដ្ឋបាលជលផលក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមផ្ដល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍ឆក់ត្រី តាមរយៈលេខទូរសព្ទ៖ ០៩៧ ៦៦៦ ៤៩៩៩ /០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ /០១២ ៨៩៧ ៩៤៣។ ក្នុងនោះ រដ្ឋបាលជលផលនឹងមានផ្ដល់ជូននូវរង្វាន់លើកទឹកចិត្តផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី