បុរសជនជាតិចិនម្នាក់ បើករថយន្តលឿនជ្រុលទៅបុកបង្គោលភ្លើងបាក់១ដើម នៅខណ្ឌកំ
រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តលឿនពេក លុះមកដល់ត្រង់ចំណុចផ្លូវកោង បួងចង្កូតអត់ទាន់ ក៏ជ្រុលទៅបុកបង្គោលភ្លើង បាក់អស់១ដើម និងទ្រេត១ដើមទៀត រួចរថយន្តធ្លាក់ចូលក្នុងទឹកស្រែ ហើយបានរងការខូចខាតយ៉ាងដំណំ ប៉ុន្តែជាសំណាងល្អពុំបណ្ដាលឲ្យបុរសនោះរងរបួសធ្ងន់ធ្ងរឡើយ ។ ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ អ្នកឃើញហេតុការណ៍ បាននិយាយថា នៅមុនពេលកើតហេតុ បុរសជនជាតិចិនខាងលើ បានបើករថយន្តមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-0141 បើកបរក្នុងទិសដៅ ពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ផ្លូវកោងបួងចង្កូតមិនទាន់ ក៏ធ្លាក់ផ្លូវជ្រុលទៅបុកបង្គោលភ្លើងរដ្ឋ បាក់មួយដើមរលំកាត់ទទឹងផ្លូវ និងទ្រេតមួយដើម ហើយរថយន្តអត់ទាន់អស់ល្បឿន ក៏ធ្លាក់ចូលទៅក្នុងទឹកស្រែ ប៉ុន្តែសំណាងល្អ ពុំបណ្ដាលឲ្យបុរសជនជាតិចិនរូបនោះ រងរបួសឡើយ ។ ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍កំបូល រួមជាមួយមន្ត្រីអគ្គិសនី បានចុះទៅអន្តរាគមន៍ ឃាត់បុរសអ្នកបើកបររថយន្តខាងលើ ហើយប្រគល់ជូននគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ទូចយករថយន្តនោះ ទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕ សម្រួលដោយ ទៀង បុណ្ណរី