ប្រទេសកម្ពុជានឹង​មាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ​​លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ លាយ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។  យោង​តាម​សេចក្ដីជូនដំណឹង​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ របស់​ក្រសួង​ធនធានទឹក បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្រព័ន្ធ​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​បន្ត​មាន​ឥទ្ធិពល គ្របដណ្តប់​មក​លើ​ប្រទេស​កម្ពុជា ជាមួយនឹង​កម្លាំង​ខ្យល់មូសុង​ឦសាន បក់​ក្នុង​ល្បឿន​ពី​មធ្យម​ទៅ​បង្គួរ​។  ក្រសួង​បញ្ជាក់​ថា ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឱ្យ​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ ៖  ១- តំបន់​វាលទំនាប ៖ សីតុណ្ហភាព​អប្បបរមា ចាប់ពី ២៣°C -២៥°C និង​សីតុណ្ហភាព​អតិបរមា​ពី ៣០°C -៣២°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន ក្នុង​ល្បឿន​ចាប់ពី ៣​ម៉ែត្រ​-៥​ម៉ែត្រ​/​វិនាទី​។ នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នៅ​ភាគ​ខាងត្បូង អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ ដែល​អាច​គ្របដណ្តប់​លើ​ផ្ទៃដី​ចាប់ពី ១០% ទៅ ២០%​។  ២- តំបន់​ខ្ពង់រាប ៖ សីតុណ្ហភាព​អប្បបរមា​ចាប់ពី ២២°C -២៤°C និង​សីតុណ្ហភាព​អតិបរមា​ពី ២៩°C -៣១°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន ក្នុង​ល្បឿន​ចាប់ពី ៤​ម៉ែត្រ​-៦​ម៉ែត្រ​/​វិនាទី​។  ៣- តំបន់​មាត់សមុទ្រ ៖ សីតុណ្ហភាព​អប្បបរមា​ចាប់ពី ២៣°C -២៥°C និង​សីតុណ្ហភាព​អតិបរមា​ចាប់ពី ២៨°C -៣០°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ចាប់ពី ៣​ម៉ែត្រ​-៥​ម៉ែត្រ​/​វិនាទី​។ ហើយ​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ ដែល​អាច​គ្របដណ្តប់​លើ​ផ្ទៃដី​ចាប់ពី ១០% ទៅ ២០%​។  ចំណែកឯ​នៅ​លើ​ផ្ទៃសមុទ្រ​វិញ មាន​ភ្លៀង​ធ្លាក់​លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ក្នុង​កម្រិត​ចាប់ពី​ខ្សោយ​ទៅ​មធ្យម និង​រលក​សមុទ្រ​មាន​កម្ពស់​ចាប់ពី ០,៧៥​ម៉ែត្រ​-១,៥០​ម៉ែត្រ​៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង