ផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកជាំក្សាន្តជិត១៤គីឡូមម៉ែត្រ ដែលខូតខាតដោយជំនន់ទឹកភ្លៀង ត្រូវបានមន្ទីរសាធារណការខេត្តជួសជុលឡើងវិញ

ព្រះវិហារ៖ កំណាត់ផ្លូវខេត្តលេខ២៦២៧ ជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ តាមជើងភ្នំប្រាសាទព្រះវិហារប្រវែងជិត ១៣.៨០គីឡូម៉ែត្រ ក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត ត្រូវបានក្រុមការងារជួសជុល ថែទាំផ្លូវ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជួសជុល និងថែទាំឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ការជួសជុល ថែទាំឡើងវិញកំណាត់ផ្លូវខេត្តលេខ២៦២៧ ដែលជាផ្លូវយុទ្ធសាស្ត្រ ក្រវ៉ាត់ព្រំដែននាពេលនេះ គឺក្រុមការងារថែទាំផ្លូវថ្នល់​ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាន​ជួសជុល ថែទាំ ដោយធ្វើការកៀរសម្រួល ស្រោចទឹក កិនបង្ហាប់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផល នានារបស់ប្រជាពលរដ្ឋ ពិសេសសម្រាប់ប្រើប្រាស់ជាផ្លូវយុទ្ធសាស្ត្ររបស់កងទ័ព ក្នុងការការពារបូរណភាពដែនដី អធិបតេយ្យភាព មានភាពងាយផងដែរ។ ប្រធានមន្ទីរបានបញ្ជាក់ទៀតថា «កំណាត់ផ្លូវជាតិ ផ្លូវខេត្តមួយចំនួន ដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ត្រូវបានរងការខូចខាតដោយជំនន់ទឹកភ្លៀងនារដូវវស្សា ជាហេតុធ្វើឱ្យប្រជាពលរដ្ឋ ពិបាកធ្វើដំណើរឆ្លងកាត់ ក៏ដូចជាការដឹកជញ្ជូនកសិផលផងដែរ។ ប៉ុន្តែស្របពេលដែលមេឃចាប់ផ្តើមរាំងភ្លៀង ក្រុមការងាររបស់មន្ទីរបានចុះទៅធ្វើការជួសជុលភ្លាមៗ រួមមាន៖ កំណាត់ផ្លូវជាតិលេខ៩៤ ពីទីប្រជុំជនស្រុកឆែប ទៅព្រំដែនឡាវ ត្រូវបានជួសជុលរួច១០០ភាគរយ កំណាត់ផ្លូវជាតិលេខ៩៥ ពីទីប្រជុំជនស្រុកឆែប មកស្រុកជ័យសែន ត្រូវបានជួសជុលរួច១០០ភាគរយ និងផ្លូវជាច្រើនខ្សែទៀតកំពុងធ្វើការជួសជុលជាបន្តបន្ទាប់ផងដែរ»។ លោក សំ លាងទ្រី បានថ្លែងឱ្យដឹងថា ក្រោមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានយកចិត្តទុកដាក់ធ្វើការជួសជុល ថែទាំផ្លូវ ដែលគ្រប់គ្រងដោយមន្ទីរ ធ្វើយ៉ាងណាមិនឱ្យមានគ្រលុក សំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។  ជាមួយគ្នានេះលោក សំ លាងទ្រី បានថ្លែងអំពាវនាវបងប្អូនប្រជាពលរដ្ឋ សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យើង ប្រយោជន៍ឱ្យការប្រើប្រាសបានយូរអង្វែង ដោយកុំយកចំណីផ្លូវធ្វើអាជីវកម្មគ្រប់ប្រភេទ កុំចាក់ដីខ្ពស់ជាងផ្លូវ កុំចាក់ដីលុបប្រឡាយ ឬលូបង្ហូទឹកនៅតាមដងផ្លូវ ពិសេសកុំដឹកជញ្ជូនទំនិញគ្រប់ប្រភេទលើសទម្ងន់ដែលច្បាប់បានកំណត់ និងត្រូវបើកបរគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីចៀសវាងការកើតឡើងនូវករណីគ្រោះថ្នាក់ ចរាចរណ៍ជាយថាហេតុផ្សេងៗ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង