ឯកឧត្ដម ហ៊ុន ម៉ានី លើកទឹកចិត្តសមាជិក-សមាជិកាគណបក្សស្រុកឱរ៉ាល់ ឲ្យខិតខំដោះស្រាយកិច្ចការបន្ត ដោយរក្សាគោលជំហរគណបក្សប្រជាជន

ឯកឧត្ដម ហ៊ុន ម៉ានី អនុប្រធាន​ទី ១ ក្រុមការងារ​គណបក្ស​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ បាន​លើក​ទឹកចិត្ត​ដល់​សមាជិក-សមាជិកា​គណបក្ស​ស្រុក​ឱរ៉ាល់ ឲ្យ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​កិច្ចការ​បន្ត ដោយ​ថែរក្សា​នូវ​សាមគ្គី​ឯកភាព​ផ្ទៃក្នុង ទាំង​ទស្សនៈ និង​គោលជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។  ការ​លើក​ទឹកចិត្ត​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី អនុប្រធាន​ទី ១ ក្រុមការងារ​គណបក្ស​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ចុះ​ជួយ ស្រុក ឃុំ គណៈកម្មាធិការ​គណបក្ស សមាជិក-សមាជិកា​គណបក្ស​ស្រុក​ឱរ៉ាល់ ដើម្បី​តាមដាន​វឌ្ឍនភាព​ការងារ និង​ស្តាប់​នូវ​សំណូមពរ ក៏​ដូចជា​បញ្ហា​ប្រឈម​ដែល​ក្រុមការងារ​ជួបប្រទះ នៅ​ស្នាក់​ការ​គណបក្ស​ស្រុក​ឱរ៉ាល់ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២៣។   នា​ឱកាស​នោះ​ដែរ ឯកឧត្ដម ហ៊ុន ម៉ានី បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​សហការ​យ៉ាងសកម្ម​របស់​ក្រុមការងារ​ចុះ​ជួយ ស្រុក ឃុំ គណៈកម្មាធិការ​គណបក្ស សមាជិក សមាជិកា ដែល​រួមគ្នា​នាំ​មក​នូវ​ភាព​ជោគជ័យ​នា​ពេល​កន្លងមក ជាពិសេស​លទ្ធផល​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ ឆ្នាំ ២០២៣។ ទន្ទឹម​នោះ ឯកឧត្ដម ក៏​បាន​លើក​ទឹក​ចិត្ត​ដល់ សមាជិក-សមាជិកា ឲ្យ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​កិច្ចការ​បន្ត ដោយ​ថែរក្សា​នូវ​សាមគ្គី​ឯកភាព​ផ្ទៃ​ក្នុង ទាំង​ទស្សនៈ និង​គោលជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផង​ដែរ។  ជាមួយ​គ្នា​នោះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ ក្រុមការងារ​ចុះ​ជួយ ស្រុក ឃុំ គណៈកម្មាធិការ​គណបក្ស សមាជិក សមាជិកា ដែល​បាន​ចំណាយ​ពេលវេលា​មក​ចូលរួម​ប្រជុំ និង​ចូលរួម​ផ្តល់​មតិយោបល់ ចែករំលែក​បទពិសោធន៍​មក​កាន់​អង្គប្រជុំ។ បន្ថែម​នោះ ឯកឧត្ដម ក៏បាន​គូស​បញ្ជាក់​ថា ការ​ចែករំលែក​ទាំងនេះ ជា​មូលដ្ឋាន នៃ​ការ​កំណត់​ភាព​ឈ្នះ​តទៅ​មុខ​របស់​ស្រុក​ឱរ៉ាល់​ផ្ទាល់ ក៏ដូចជា​មេរៀន និង​បទពិសោធន៍​ល្អៗ ដែល​អាច​ចែករំលែក​ទៅកាន់​ស្រុក-ឃុំ ដទៃ​ទៀត ផង​ដែរ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង