១០ ខែ ឆ្នាំនេះ កម្ពុជា មានរោងចក្របើកថ្មីជិត ២ ពាន់ ផ្តល់ការងារដល់កម្មករជិត ៩ ម៉ឺននាក់
នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៣ នេះ កម្ពុជា មានរោងចក្របើកថ្មីប្រមាណជិត ២ ពាន់រោងចក្រ ដែលអាចផ្តល់ការងារដល់កម្មករនិយោជិតប្រមាណជិត ៩ ម៉ឺននាក់ ខណៈរោងចក្រជាង ៨០០ បានបិទដំណើរការផងដែរ។ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១១ វិច្ឆិកានេះថា ចាប់ពីខែមករា រហូតមកដល់ខែតុលា ឆ្នាំ ២០២៣ នេះ មានរោងចក្រសហគ្រាសបើកថ្មីចំនួនសរុប ១៩៣៩ នាក់ ផ្តល់ការងារដល់កម្មករចំនួន ៨៨២៣៥ នាក់ ស្រី ៥៤០៤៨ ក្នុងនោះរោងចក្រកាត់ដេរ ១០៨ រោងចក្រ មានកម្មករ ៤៤៥២២ នាក់ ស្រី ៣៤៩២០ នាក់ និងក្រៅកាត់ដេរ ១៨៣១ រោងចក្រ មានកម្មករ ៤៣៧១៣ នាក់ ស្រី ១៩១២៨ នាក់។ លោកបានបន្តថា ទន្ទឹមនឹងបើកថ្មី ក៏មានរោងចក្របិទដំណើរការចំនួន ៨៥២ រោងចក្រ ដែលមានកម្មករ ៨៧៧៦០ នាក់ ស្រី ៦៦៥៨៥ នាក់ ក្នុងនោះមានរោងចក្រកាត់ដេរ ១០៨ មានកម្មករ ៧១៩៤៧ ស្រី ៥៩៨៩១ នាក់ និងក្រៅកាត់ដេរមាន ៧៤៤ រោងចក្រ មានកម្មករ ១៥៨១៣ នាក់ ស្រី ៦៦៩៤ នាក់។ លោកបានបញ្ជាក់ថា ដោយឡែកនៅក្នុងខែតុលានេះ មានរោងចក្រព្យួរការងារចំនួន ៧៧ រោងចក្រ មានកម្មករ ៣៥៣៨០ នាក់ ស្រី ២៧៥៤៩ នាក់ ក្នុងនោះរោងចក្រកាត់ដេរ ៦៦ រោងចក្រ មានកម្មករ ៣២២៤៣ នាក់ ស្រី ២៥៣៦០ នាក់ និងរោងចក្រក្រៅកាត់ដេរមាន ១១ រោងចក្រ មានកម្មករ ៣១៣៧ នាក់ ស្រី ២១៨៩ នាក់។ លោក កត្តា អ៊ន បានបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ កម្ពុជា មានរោងចក្រសហគ្រាសកើនឡើងដល់ចំនួន ១៧២៥១ និងមានកម្មករនិយោជិតសរុបចំនួនជិត ១,៥ លាននាក់ ក្នុងនោះរោងចក្រសហគ្រាសក្នុងវិស័យវាយនភណ្ឌ, កាត់ដេរ, ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប មានចំនួន ១.៣៣២ រោងចក្រ មានកម្មករនិយោជិតសរុបប្រមាណ ៨៤ ម៉ឺននាក់ ដោយទទួលបានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណជិត ៣ ពាន់លានដុល្លារ៕ សម្រួលដោយ ទៀង បុណ្ណរី