បន្លែដាំ​ដំណាំបន្ទាប់បន្សំលើដីជុំវិញផ្ទះ ផ្លាស់ប្តូរជីវភាព​គ្រួសារ​មួយ​ចាកផុត​ពី​ភាពក្រីក្រ

ពលរដ្ឋមួយគ្រួសារ​ដែលអ្នកភូមិដឹងថាជាក្រុមគ្រួសារមួយមាន​ជីវភាពក្រីក្រ តែបាន​ខិតខំកែច្នៃមុខរបរតាមរយៈការដាំដុះ​ដំណាំជុំវិញផ្ទះ​ដើម្បីរកចំណូល​​លើកស្ទួយ​ជីវភាព​រស់នៅប្រចាំថ្ងៃ។  ក្នុងវ័យ ៦៣ ឆ្នាំ អ្នកស្រី វណ្ណថា រស់នៅភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ជាមួយកូនស្រី​ ២ នាក់ទៀត។ ស្រ្តី​រូបនេះ​បាន​ឲ្យ​ដឹង​ថា ដោយសារតែភាពក្រីក្រ​បានជំរុញឲ្យអ្នកស្រីនិងក្រុមគ្រួសារ បានកែប្រែដីភូមិ​ដែលមិនមានទំហំធំប៉ុន្មាន​​ឲ្យក្លាយជាដីដែលមានផលប្រយោជន៍ ផ្តល់សេដ្ឋកិច្ចគ្រួសារវិលជុំតាមរយះ​ការ​ដាំដុះ​បន្លែចម្រុះនៅលើដីជុំវិញ​ផ្ទះ។   ស្រ្តីរូបនេះ​បាន​បន្ត​ថា សម័យនេះមិនដូចសម័យ ប៉ុល ពត ដែលបានបិទសិទ្ធិ​គ្រប់ច្រកល្អក​សូម្បីតែដំណាំដាំដោយខ្លួនឯងក៏គ្មានសិទ្ធិ​យកទៅបរិភោគ។ បច្ចុប្បន្នបើក្រខ្សត់អត់មានសេដ្ឋកិច្ចផ្គត់ផ្គង់ក្នុងគ្រួសារ គឺដីលំនៅឋានម្នាក់ៗនេះហើយជាប្រភពចំណូលនៃសេដ្ឋកិច្ចគ្រួសារ បើទោះបីមិនមានបានហូរហៀ​ក៏បានធ្វើឲ្យជីវភាព​គ្រួសារមិនធ្លាក់ក្នុងរណ្តៅ​អត់​ឃ្លាននិងក្រីក្រពេកនោះដែរ​។  ក្នុងសកម្មភាពកំពុងដើរប្រមូលផលដំណាំ ដើម្បីយកទៅលក់លើទីផ្សារប្រចាំថ្ងៃ លោកស្រី ខន ធឿន ជា​កូន​ស្រី​អ្នកស្រី វណ្ណថា បានផ្តល់បទសម្ភាសដល់​កម្ពុជាថ្មីថា នៅព្រឹកនេះ​មាន​ម៉ូយនៅផ្សារបានកុម្មង់​ឲ្យអ្នកស្រីកាត់និងបេះបន្លែ ៣ មុខក្នុងនោះមានផ្លែត្រប់ពុតញង ផ្លែសណ្តែកគួ និងផ្លែម្ទេស ក្នុងមួយមុខៗ ១០ គីឡូក្រាម។  ដំណាំ​ដាំដុះ​ក្នុង ១ ខែ ស្រ្តី​រូប​នេះ​យ៉ាងហោចក៏អាច​ប្រមូលផលចូលទីផ្សារបានពី ៣ ទៅ ៤ បើគិតជាប្រាក់ចំណូលប្រចាំ​ខែ​ក៏បានគ្រាន់បើដែរ។  ស្រ្តី​រូបនេះ​បន្តទៀតថា កាលពីព្រឹកមិញត្រូវថ្ងៃទី ០៨ ខែវិច្ឆិកា អ្នកស្រីលក់បានជាង ១០ មុឺនរៀលលើបន្លែ ៣ មុខ ហើយ​ក្នុងនោះផ្លែត្រប់ពុតញង បើលើកឲ្យម៉ូយ ១ គីឡូក្រាមបាន ៣ ពាន់រៀល បើលក់ខ្លួនឯងបាន​ពី​ចន្លោះ ៤-៥ ពាន់រៀលក្នុង១ គីឡូក្រាម ហើយម្ទេសក៏បានគួរសមដែរ។  “បើនិយាយទៅដំណាំខ្ញុំនិងម៉ែខ្ញុំនាំគ្នាដាំនេះ គឺចម្រុះតាមតម្រូវការជាបន្លែប្រចាំថ្ងៃ អាចលក់បានរាល់ថ្ងៃ ព្រោះយើងដាំឆ្លាស់​ពេលគ្នា បើលក់អស់មួយសារមួយសាទៀតវាបានហុចផលដែរ ហើយពេលខ្លះមួយខែ​យ៉ាង​ហោច​ក៏ម៉ូយកុម្ម៉ង់​ទិញបាន ៣ ដងឬ ៤ ដងដែរ”។ នេះបើតាម​អ្នក​ស្រី ខន ធឿន។   និយាយពី​ជីវភាពអ្នកស្រី​​បាន​អះអាង​ថា​បានប្រសើរជាងមុន​ដែល​​រកមួយ​ថ្ងៃបានមួយថ្ងៃ តាម​រយះ​ដើរស៊ីឈ្នួល​គេ ដូចជាកាច់ ផ្លែពោត ដកដំឡូង ចិញ្ច្រាំឡូង ជាដើម។ តែពេលនេះ​​អ្នក​ស្រី​អត់ដើរសុីឈ្នួលគេទៀតផង រយះពេលជិត ១ ឆ្នាំនេះ គឺមើលថែនិងដាំបន្លែដោយខ្លួនឯង ដោយមុខរបរនេះគ្រាន់បើដែរឲ្យតែយើងឧស្សាហ៍​គឺគ្រាន់បើជាងដើរសុីឈ្នួលគេផង៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង