បទល្មើសនេសាទកើតមានព្រោងព្រាតស្អេកស្កះ មន្ត្រីជលផលដេកលក់អស់
ខេត្តព្រៃវែង ៖ បទល្មើសនេសាទឡុកស្បៃមុង កើតមានព្រោងព្រាតស្អេកស្កះនៅលើផ្ទៃបឹងនៃភូមិសាស្ត្រទឹកដីស្រុកពាមជរ ខេត្តព្រៃវែង តែមន្ត្រីជំនាញជលផលមិនធ្វើការបង្ក្រាប ទុកអោយបំផ្លិចបំផ្លាញមច្ឆាជាតិវិនាសហិនហោចអស់គ្មានសល់ទេ។ បើតាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា ឱ្យតែដល់រដូវទឹកឡើង បទល្មើសជលផលកើតមានស្អេកស្កះតាមទន្លេតូច ដៃព្រែក បឹងបួរ នៃទឹកដីខេត្តព្រៃវែង មានដូចជា ៖ ឡុកស្បៃមុងប្រវែងរាប់គីឡូដី, ឃ្នួស, ដាយត្រី.ស និងដាយបង្កង, ដាក់ស្បៃមុង ឬសាច់អួនក្រឡាញឹកកាត់ដៃទន្លេតូច ដោយប្រមូលផលក្នុងមួយថ្ងៃៗរាប់តោនជ្រកក្រោមស្លាកសហគមន៍ ប៉ុន្តែមិនដែលឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចមន្ត្រីជំនាញជលផលចុះបង្ក្រាបឱ្យមានប្រសិទ្ធភាពនោះឡើយ គឺបង្ក្រាបបានតែរបស់ប្រជាពលរដ្ឋដាក់ខ្លីៗ តូចៗ ក្បែរៗច្រាំង គឺប្រមូលយកទៅដុតកម្ទេចចោល រួចបង្ហោះធ្វើរបាយការណ៍ជូនថ្នាក់លើ ដើម្បីយកស្នាដៃ។ ចំណែកអ្នកដាក់ទ្រង់ទ្រាយធំៗ មានមេខ្យល់វិញ បើកទូកពង្វាង ឬតេទូរស័ព្ទប្រាប់ឱ្យពន្លិច ឬមួយក៏សារឡើងសិន ក្រោយពេលដែលកម្លាំងឡើងអស់ ក៏រៀបចំដាក់វិញ។ ដោយសារតែការបង្ក្រាបគ្មានប្រសិទ្ធភាព បណ្តែតបណ្តោយឱ្យមានបទល្មើសជលផលច្រើនបែបនេះហើយ ទើបមហាជនដាក់ការសង្ស័យថា បទល្មើសទាំងនោះ ត្រូវរ៉ូវគ្នាអស់ហើយ។ ជុំវិញបញ្ហាខាងលើនេះ ភ្នាក់ងារសារព័ត៌មានយើងខ្ញុំ មិនអាចទំនាក់ទំនងសុំការបំភ្លឺពីមន្ត្រីអនុវត្តច្បាប់បានទេ ដោយសារគ្មានលេខទូរស័ព្ទទាក់ទង៕ សម្រួលដោយ ទៀង បុណ្ណរី