បាក់អគារក្រោយប៉ុស្តិ៍ផ្សារកណ្តាល២ ពលរដ្ឋចោទអាជ្ញាធរខណ្ឌដូនពេញមិនយកចិត្តទុកដាក់នឹងសំណើពួកគាត់

រាជធានីភ្នំពេញ៖ ពលរដ្ឋចំនួន៣គ្រួសារ បានបង្ហាញអារម្មណ៍មិនពេញចិត្តហ្នឹងទង្វើរបស់អាជ្ញាធរខណ្ឌដូនពេញ ជាខ្លាំង ក្រោយបណ្តែតបណ្តោយឱ្យម្ចាស់ទីតាំងផ្ទះបុរាណមួយកន្លែងនៅខាងក្រោយប៉ុស្តិ៍ផ្សារកណ្តាល២ បន្តជួសជុលផ្ទះរហូតមានការបាក់ស្រុត ប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ កាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០២៣…។  ស្រ្តីម្នាក់នៅក្នុងហេតុការណ៍បាក់អគារផ្ទះបុរាណ ជាប់កំណាត់ផ្លូវ១៤៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្ដាញព័ត៍មាន ដោយសុំមិនបញ្ចេញឈ្មោះថា អ្នកស្រីតំណាងឱ្យពលរដ្ឋ១គ្រួសារក្នុងចំណោមពលរដ្ឋ៣គ្រួសារ ស្ថិតនៅជុំវិញផ្ទះដែលបាក់រលំ មានការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះអជ្ញាធរ ដែលមិនធ្វើតាមសំណើពួកគាត់។ ព្រោះមុនឈានដល់កើតមានករណីបាក់អគារនេះ ពួកគាត់បានស្នើរឱ្យអាជ្ញាធរចុះត្រួតពិនិត្យសំណង់ចំណាស់នោះរួចហើយ បន្ទាប់ពីម្ចាស់ផ្ទះបុរាណធ្វើការជួសជុលសំណង់ ដែលមានអាយុកាលយូរឆ្នាំមកហើយនោះ។  អ្នកស្រីអះអាងថា៖«ពួកខ្ញុំ[..]ព្រួយបារម្ភខ្លាំងណាស់តាំងពីបុរសម្ចាស់ផ្ទះនោះ ធ្វើការជួសជុលសំណង់ ហើយពួកខ្ញុំបាននាំគ្នាទៅរកអាជ្ញាធរឱ្យជួយឃាត់ដែរ បន្ទាប់ពីទទួលដំណឹងពីក្រុមវិស្វករថា សំណង់នេះអាចនឹងបង្កផលប៉ះពាល់នាពេលអនាគត បើនៅតែបន្តកែកុន តែអាជ្ញាធរបែរជាព្រងើយកន្តើយ ចំណែកព្រះរាជអជ្ញាវិញបែរជារុញច្រានសំណើរបស់ពួកគាត់ថែមទៀត។ លុះដល់យប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១០ៈ៣០នាទី សំណង់មួយនេះ បានបាក់រលំពិតមែន ក្រោយភ្លៀងមួយមេយ៉ាងធំ បណ្តាលឱ្យសង្កត់ប៉ះពាល់ដល់ផ្ទះរបស់ខ្ញុំ និងផ្ទះពលរដ្ឋ២គ្រួសារផ្សេងទៀត »។ ជាមួយគ្នានោះ ពលរដ្ឋនៅក្បែរនោះបន្ថែមថា ជុំវិញករណីដែលអជ្ញាធរឱ្យពួកគាត់ប្តូរទីតាំង គឺតាំងតែពីមុនពេលបាក់ស្រុតមកម្ល៉េះ មិនមែនថាពួកគាត់មិនចង់ប្តូទេ ប៉ុន្តែគឺដោយសារកត្តាជីវភាពទើបពួកគាត់មិនអាចប្តូរបាន ជាហេតុបង្ខំចិត្តបន្តនៅក្នុងតំបន់នេះតទៅទៀតទាំងភ័យព្រួយ។    គួរជម្រាបថា ការបាក់រលំសំណង់ចំណាស់នេះ មិនបានបង្ករបួសស្នាមដល់ប្រជាពលរដ្ឋទេ គ្រាន់តែប៉ះពាល់ដល់សំណង់អ្នកជិតខាងតែប៉ុណ្ណោះ។ ក្រោយកើតហេតុ គេឃើញមានវត្តមានលោកអភិបាលខណ្ឌដូនពេញ រួមទាំងមន្ត្រីជាប់ពាក់ព័ន្ធ បានចុះមកដល់ទីតាំងកើតហេតុ និងធ្វើការត្រួតពិនិត្យតំបន់នោះផងដែរ រួមទាំងស្នើសុំឱ្យអ្នកយកព័ត៌មាន ក៏ដូចជាពលរដ្ឋ នៅឆ្ងាយពីកន្លែងកើតហេតុសិន។ ដើម្បីអាជ្ញាធរ មានចំណាត់ការទៅលើបញ្ហានេះ តែមិនទាន់ដឹងថា មានចំណាត់ការបែបណានោះទេ៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង