មជ្ឈមណ្ឌលសូត្រខ្មែរ ស្រាវជ្រាវផលិត​សរសៃសូត្រ​ទទួលបានជោគជ័យ

លោកបណ្ឌិត ម៉ី កល្យាណ ស្ថាបនិកមជ្ឈមណ្ឌលសូត្រខ្មែរ សម្តែងក្តីរំភើប ដែលការងារប្រឹងប្រែងអស់រយៈពេលជាង ២០ឆ្នាំ មកនេះ ទទួលបានជោគជ័យលើការផលិតសរសៃសូត្រខ្មែរ ដោយបង្កើតបានជាអត្តសញ្ញាណ វ​ប្បធម៌ខ្មែរ ជាពិសេសបានបង្កើតការងារដល់ស្ត្រីនៅតំបន់ជនបទ ស្របតាមគោលនយោបាយរបស់ជាតិផងដែរ។លោកបណ្ឌិត ម៉ី កល្យាណ បានប្រាប់កម្ពុជាថ្មីថា« ខ្ញុំចាប់ផ្តើមធ្វើកិច្ចការស្រាវជ្រាវនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយរកពូជដង្កូវនាងល្អៗមកចិញ្ចឹម និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះបានប្រមាណជាង ១០០នាក់​ហើយ ក្នុងរយៈពេល៥ឆ្នាំមកនេះ ជាពិសេសយើងធ្វើការងារនេះនៅខេត្តមណ្ឌលគិរី ដោយបានបង្កើតការ​ងារដល់ស្រ្តីជន​ជាតិភាគតិចផងដែរ»។  ស្ថាបនិកមជ្ឈមណ្ឌលសូត្រខ្មែរ បានលើកឡើងថា កិច្ចការងារនេះ ចែកចេញជាគន្លាក់ៗ ពោលគឺដំណាក់កាលនៃការ​ស្រាវជ្រាវបែបជីវៈវិទ្យាអំពីការលូតលាស់របស់ដង្កូវនាងឱ្យធំ កុំឱ្យឈឺ បន្ទាប់មកយកទៅចិញ្ចឹមនៅមណ្ឌលគិរី ដែលមានអាកាសធាតុត្រជាក់សមល្មមឱ្យដង្កូវនាងរស់នៅបានល្អ ហើយមនក៏ស្រួលដាំ ដោយការងារនេះ ចាប់ផ្តើមកាលពី ៣ឆ្នាំមុន។   នៅពេលទទួលបានសរសៃសូត្រត្រូវបន្តយកទៅត្បាញនៅខេត្តតាកែវ ដោយបានរួមចំណែកបង្កើតការ​ងារដល់​ស្រ្តីវ័យចំណាស់ដែលមានបទពិសោធន៍ធ្វើកិច្ចការនេះជាយូរមកហើយ។ ក្រោយត្បាញហើយ នឹងធ្វើជាផលិត​ផលសម្រាប់ឡើងទីផ្សារ។លោកបណ្ឌិត ម៉ី កល្យាណ បានបន្តថា ខ្មែរយើងត្រូវការសរសៃសូត្រនេះដើម្បីប្រើការ ដូចនេះត្រូវតែពង្រឹង​វត្ថុធាតុ​ដើមសរសៃសូត្រ ដើម្បីផលិតចេញជាវត្ថុផ្សេងៗ ក្នុងគោលដៅបង្កើតការងារ និងទាក់ទាញទេសចរ ជាដើម។ បើតាម​លោកបណ្ឌិត ម៉ី កល្យាណ ផលិតផលនេះ មានរហូតមិនចេះអស់នោះទេ ដរាបណាមានដី មានធាតុអាកាសល្អ មានដង្កូវនាង មន និងមានធនធានបច្ចេកទេស។  បើទោះជាពេលនេះ ការផលិតសូត្ររបស់កម្ពុជា មិនទាន់មានកំណើនល្អយ៉ាងណាក្តី តែបេសកកម្មនៃការស្រាវ​ជ្រាវរបស់មជ្ឈមណ្ឌលសូត្រខ្មែរ និងក្រុម Samamegg បាននិងកំពុងយកចិត្តទុកដាក់ខ្លាំង និងមានសុទិដ្ឋិយមថា នឹងផលិតបានសរសៃសូត្រជាបន្តបន្ទាប់កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។  កម្ពុជា នាំចូលផលិតផលសូត្រប្រមាណ ៤០០តោន ក្នុងមួយឆ្នាំៗ ដោយចំណាយថវិកាអស់ប្រមាណ ៥០លាន​ដុល្លារអាមេរិក ដើម្បីផលិតកែច្នៃទៅជាផលិតផលសម្រេច សម្រាប់នាំចេញទៅកាន់ទីផ្សារធំៗ រួមមាន ប្រទេសថៃ វៀតណាម ចិន និងជប៉ុនជាដើម៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង