ក្រុមហ៊ុនអ៊ីស្រាអែល​ស្នើ​​​រដ្ឋាភិបាលឱ្យទទួលយកកម្មករឥណ្ឌា១០​ម៉ឺន​នាក់​​ ដើម្បីជំនួសជនជាតិ​ប៉ាឡេស្ទីន​

អ៊ីស្រាអែល បានលុបចោលកិច្ចសន្យាការងារ និងមិនអនុញ្ញាតឱ្យជនជាតិប៉ាឡេស្ទីនប្រហែល៩ម៉ឺននាក់ បន្តការងារក្នុងប្រទេសអ៊ីស្រាអែលទៀតទេ ខណៈសមាគមក្រុមហ៊ុនសាងសង់អ៊ីស្រាអែល បាន​ស្នើរឱ្យរដ្ឋាភិបាលទទួលយកកម្មករ​ពីឥណ្ឌាប្រមាណ១០​ម៉ឺន​នាក់​ដើម្បីជំនួស…។  សមាគមក្រុមហ៊ុនសាងសង់អ៊ីស្រាអែល បានជំរុញឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនជួលកម្មករឥណ្ឌារហូតដល់ ១សែននាក់ ដើម្បីជំនួសចំនួនជនជាតិប៉ាឡេស្ទីនដែលត្រូវបានបញ្ឈប់មិនឱ្យធ្វើការងាររបស់ពួកគេក្នុងប្រទេសអ៊ីស្រាអែល ចំពេលភ្លើងសង្រ្គាមកំពុងបន្តឆាបឆេះរវាងយោធាអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។ លោក ហេម ហ្វីហ្គលីន (Haim Feiglin) ដែលជាអនុប្រធានសមាគមក្រុមហ៊ុនសាងសង់អ៊ីស្រាអែល បាននិយាយថា ពួកគេកំពុងចរចាជាមួយឥណ្ឌាក្នុងរឿងនេះ ហើយបច្ចុប្បន្នកំពុងរង់ចាំការសម្រេចចិត្តពីរដ្ឋាភិបាលអ៊ីស្រាអែលដើម្បីអនុម័ត។ លោកបន្តថា៖«យើងសង្ឃឹមថា នឹងចូលរួមជាមួយកម្មករឥណ្ឌាចន្លោះពី៥ម៉ឺននាក់ទៅ១សែននាក់ ដើម្បីធ្វើការលើវិស័យនេះ ហើយធ្វើឱ្យវិស័យនេះដំណើរការធម្មតា»។ យោងតាមរបាយការណ៍ មានជនជាតិប៉ាឡេស្ទីនប្រហែល៩ម៉ឺននាក់ ដែលធ្លាប់ធ្វើការនៅអ៊ីស្រាអែលមុនពេលសង្រ្គាមចាប់ផ្តើម។  ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យបន្តធ្វើការក្នុងប្រទេសអ៊ីស្រាអែលទៀតទេ បន្ទាប់ពីការវាយប្រហារដ៏ឃោរឃៅរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា។ ការមិនអនុញ្ញាតឱ្យជនជាតិប៉ាឡេស្ទីនបន្តការងារបាននាំឱ្យមានការថយចុះគួរឱ្យកត់សម្គាល់នៅក្នុងឧស្សាហកម្មសំណង់របស់អ៊ីស្រាអែល ខណៈវិស័យនេះកំពុងខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង។ គួរកត់សម្គាល់ថា ប្រទេសឥណ្ឌា និងអ៊ីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីខែឧសភាដើមឆ្នាំនេះ ដើម្បីអនុញ្ញាតឱ្យកម្មករឥណ្ឌាចំនួន៤ម៉ឺន២ពាន់នាក់ ធ្វើការនៅក្នុងរដ្ឋជ្វីហ្វក្នុងវិស័យសំណង់ និងការថែទាំ។ ការផ្លាស់ប្ដូរនេះត្រូវបានគេរំពឹងថា នឹងជួយអ៊ីស្រាអែលក្នុងការដោះស្រាយជាមួយនឹងការកើនឡើងនៃថ្លៃរស់នៅ ខណៈដែលកម្មករឥណ្ឌាត្រូវបានផ្តល់ប្រាក់ឈ្នួលទាបជាង។ ឥណ្ឌា​មាន​ប្រជាជន​ធ្វើការ​ច្រើន​ជាង​គេ​លើ​ពិភពលោក ហើយ​មាន​កម្មករ​ឥណ្ឌា​រាប់​ម៉ឺន​នាក់​កំពុង​ធ្វើ​ការ​នៅ​តំបន់មជ្ឈិមបូព៌ា។  រហូតមកដល់ពេលនេះ វាមិនច្បាស់ទេថា តើកិច្ចព្រមព្រៀងថ្មីនឹងត្រូវចុះហត្ថលេខា ឬថាតើពួកគេនឹងកែប្រែកិច្ចព្រមព្រៀង ដែលមានស្រាប់ ឬយ៉ាងណានោះទេ? ដោយសារកិច្ចព្រមព្រៀងចាស់អនុញ្ញាតឱ្យកម្មករត្រឹមតែ ៤២០០០នាក់ប៉ុណ្ណោះសម្រាប់ទាំងផ្នែកសំណង់ និងផ្នែកថែទាំ។ យោងតាមកិច្ចព្រមព្រៀងខែឧសភាឆ្នាំ២០២៣ ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក អ៊ីលី កូហេន (Eli Cohen) និងសមភាគីឥណ្ឌា លោក Dr S Jaishankar ដោយកម្មករចំនួន ៣៤០០០ នាក់នឹងចូលរួមក្នុងវិស័យសំណង់ និង៨០០០នាក់ទៀតសម្រាប់តម្រូវការថែទាំ៕  សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង