សមត្ថកិច្ចចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីជាង១០០នាក់
ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មនុស្សប្រុសស្រីចំនួន១០៧នាក់ ត្រូវបានឃាត់ខ្លួន ដោយសង្ស័យថា ប្រើប្រាស់គ្រឿ.ងញៀ.ន ខណៈពេលដែលកម្លាំងជំនាញចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង យីហោ «SKY.KTV» បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិអូរជ្រៅ សង្កាត់ក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំផ្ទាល់ពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ព្រមទាំងកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង យីហោ «SKY.KTV» ដែលសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿ.ងញៀ.ន។ លោកបានបញ្ជាក់ថា ប្រតិបត្តិការចូលបង្ក្រាបទីតាំងខារ៉ាអូខេយីហោ «SKY.KTV» ខាងលើនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន១០៧នាក់ (ស្រី៤០នាក់) ក្នុងនោះមានជនបរទេសចំនួន៤២នាក់ (ស្រី០៧នាក់), ជនជាតិឥណ្ឌូនេស៊ីចំនួន២១នាក់ (ស្រីម្នាក់), ជនជាតិវៀតណាមចំនួន១៥នាក់ (ស្រី០២នាក់), ជនជាតិចិនចំនួន០៣នាក់ (ស្រីម្នាក់) និងជនជាតិថៃចំនួន០៣នាក់។ ព្រមទាំងដកហូតវត្ថុតាង មានដូចជា ៖ ម្ស៉ៅស.ថ្លាចំនួន០៦ថង់ និង១កូនថង់តូច, ថ្នាំកញ្ចប់ពណ៌ក្រហម (រូបសេះ) ១កញ្ចប់, ពណ៌ក្រហម (រូមទំពាំងបាយជូរ) ១កញ្ចប់, ពណ៌លឿងចំនួន១០កញ្ចប់, ពណ៌ទឹកក្រូច១កញ្ចប់ និងថ្នាំពណ៌ក្រហមអក្ស (LV) ១កញ្ចប់ផងដែរ។ លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ទៀតថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង១០៧នាក់ខាងលើ មានទាំងខ្មែរ និងជនជាតិបរទេស ត្រូវបាននាំខ្លួនយកសាកសួរ និងធ្វើតេស្តស្វែងរកសាធាតុញៀ.ន ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់ ចំណែកទីតាំងរ៉ាអូខេយីហោ «SKY.KTV» វិញ ត្រូវបានបិទទ្វារជាបណ្តោះអាសន្នសិន៕ សម្រួលដោយ ទៀង បុណ្ណរី