សូមប្រុងប្រយ័ត្ន! ថ្ងៃនេះនឹងមានភ្លៀងធ្លាក់លាយឡំបាតុភូតផ្គររន្ទះនៅរាជធានី និងខេត្ត
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នឹងមានភ្លៀងធ្លាក់លាយឡំបាតុភូតផ្គររន្ទះនៅរាជធានីភ្នំពេញនិងខេត្តមួយចំនួនទៀត ។ យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រសួងធនធានទឹកបានឲ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនលាត សន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ខ្យល់ មូ សុងឦសានខ្សោយ។ ទន្ទឹមនឹងនេះ មានចរន្តខ្យល់ក្តៅហើយសើមពីសមុទ្រចិនខាងត្បូងនឹងបក់ពីទិសខាងកើត និងទិស អាគ្នេយ៍មកលើប្រទេសកម្ពុជា ។ ក្រសួងធនធានទឹកបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស នៅថ្ងៃទី៧ ខែ វិច្ឆិកា ២០២៣ នៅតំបន់វាលទំនាបសីតុណ្ហភាពអប្បបរមាពី២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣០-៣៤អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន ទិសខាងកើត និងទិសអាគ្នេយ៍ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតពីតិចទៅបង្ហូរលើរាជធានីភ្នំពេញ និងខេត្តមួយចំនួននៅក្នុង ភូមិភាគពាយ័ព្យ ភាគខាងត្បូង និងភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ដែលអាចគ្របដណ្ដប់លើផ្ទៃដីពី១០% ទៅ ៣០%។ ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បប រមាពី២២-២៤អង្សាសេនិងសីតុណ្ហភាពអតិបរមាពី៣០-៣៤អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី ។ ភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្ហូរលើខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ព្រះវិហារ និងស្ទឹងត្រែង ដែលអាចគ្របដណ្តប់ លើផ្ទៃដីពី១០% ទៅ២០%។ ដោយឡែក នៅតំបន់មាត់សមុទ សីតុណ្ហភាពអប្ប បរមាពី២៤-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣០-៣២អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី ។ភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ ដែលអាចគ្របដណ្ដប់លើផ្ទៃដីពី២០% ទៅ៣០%។ ក្រសួងបានឲ្យដឹងទៀតថា ចំណែកឯនៅលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ហើយខ្យល់បក់មកពីទិសខាងត្បូង និងទិសខាងកើតក្នុងល្បឿនពី១-៣ ម៉ែត្រនាទី និងរលកសមុទ្រមានកម្ពស់ពី០,៥-១ម៉ែត៕ សម្រួលដោយ ទៀង បុណ្ណរី