ខួប ១ ឆ្នាំ មានយានយន្តជាង ៤ លាន ៦ សែនគ្រឿង ប្រើប្រាស់ផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុ
ក្នុងរយៈពេល ១ ឆ្នាំនេះ មានយានយន្តសរុបចំនួន ៤ ៦៧៩ ២២២ គ្រឿង បានធ្វើដំណើរនៅលើផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ។ បើតាមក្រសួងសាធារណការនិងដឹកជញ្ជូន ផ្លូវល្បឿនលឿនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកបទពិសោធន៍នៃការធ្វើដំណើរថ្មី ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរជូន ដល់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេសផ្លូវមួយខ្សែនេះបានចូលរួមសម្រួលដល់ការដឹកជញ្ជូនទំនិញរវាង ប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលជំរុញឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន។ នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ នឹងមានការរៀបចំពិធីអបអរសាទរខួប ១ ឆ្នាំ នៃការដាក់ឲ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុ នៅទីតាំងស្ថានីយបង់ប្រាក់ទី ១ “ភ្នំពេញ” ក្រោមវត្តមានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ បានបើកឲ្យដំណើរការកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ខឺឈាង (Li Keqiang) អតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន អមដោយវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕ សម្រួលដោយ ទៀង បុណ្ណរី