ព្រះមហាក្សត្រលើកទឹកចិត្តឱ្យបន្តអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអភិរក្ស និងស្រាវជ្រាវបុរាណវិទ្យានៅកម្ពុជា
ខេត្តសៀមរាប៖ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញព្រះទ័យគាំទ្រ និងលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលកម្ពុជា បន្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអភិរក្ស និងស្រាវជ្រាវបុរាណវិទ្យាតាមគ្រប់រូបភាព និងគ្រប់ទម្រង់ក្រោយកិច្ចសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ពិសេសប្រទេសជប៉ុន ដែលតែងតែជួយជ្រោមជ្រែងកម្ពុជាក្នុងវិស័យមួយនេះ។ ព្រះទ័យរបស់មហាក្សត្រ ត្រូវបានលើកឡើងអំឡុងពេលដែលទ្រង់ស្តេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ព្រះរាជសុន្ទរកថារបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី មានព្រះរាជ្យបន្ទូលថា៖«ខ្ញុំ[..]សូមលើកទឹកចិត្ត និងគាំទ្រ ឱ្យបន្តការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជា តាមគ្រប់រូបភាព និងគ្រប់ទម្រង់ជាមួយស្ថាប័ននានានៃប្រទេសជប៉ុន ព្រមទាំងជាមួយដៃគូជាតិ និងអន្តរជាតិ ស្របតាមចក្ខុវិស័យនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ស្មារតីនៃចក្ខុវិស័យ១០ឆ្នាំទៅមុខទៀត និងយន្តការអាយស៊ីស៊ី(ICC) អង្គរ-សំបូរព្រៃគុក និងអនុលោមទៅតាមកិត្តិនាមជាប្រទេសកំពុងឈានមុខគេ ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុងនាមអង្គរជាទីតាំងបុរាណវិទ្យាដ៏ធំជាងគេរបស់យូណេស្កូ សម្រាប់កិច្ចការបណ្ដុះបណ្តាលធនធានមនុស្ស សម្រាប់វិស័យបេតិកភណ្ឌវប្បធម៌»។ ក្រៅពីនោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត» គឺជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រសម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២។ ព្រះករុណាបន្តមានព្រះរាជបន្ទូលយ៉ាងដូច្នេះថា៖«ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត នៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រសម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រតម្លៃជាសាកលពិតប្រាកដ»។ ព្រះមហាក្សត្រ ក៏មានព្រះរាជបន្ធូលរំឭកដល់ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានយកព្រះទ័យទុកដាក់ ចំពោះការថែរក្សាសម្បត្តិវប្បធម៌ជាតិ ជាពិសេសប្រាសាទអង្គរវត្ត ដែលព្រះអង្គតែងតែនាំភ្ញៀវជាថ្នាក់ដឹកនាំប្រទេសជាច្រើន មកទស្សនាប្រាសាទអង្គរវត្ត។ សូមជម្រាបថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី៤វិច្ឆិកា។ ប៉ុន្តែស្ពានហាលនេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវឯកទេសសម្រាប់អ្នកទេសចរប៉ុណ្ណោះ ពោលគឺចាត់ទុកជាផ្លូវដើរចូល ហើយរក្សាស្ពានបណ្ដែតទឹកនៅដដែល ដោយដាក់សម្រាប់ជាផ្លូវសម្រាប់ដើរចេញពីប្រាសាទអង្គរវត្ត៕ សម្រួលដោយ ទៀង បុណ្ណរី