រមណីយដ្ឋានបឹងស្នោ ជាកន្លែងទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរមើលថ្ងៃរៀបអស្ដង្គត និងទស្សនាហ្វូងបក្សីរាប់ពាន់ក្បាល
ខេត្តឧត្តរមានជ័យ៖ រមណីយដ្ឋានបឹងស្នោ ជាកន្លែងទាក់ទាញមួយយ៉ាងសំខាន់សម្រាប់ឱ្យភ្ញៀវទេសចរ មកអង្គុយលំហែមើលថ្ងៃរៀបអស្ដង្គត និងបានទស្សនាហ្វូងបក្សាបក្សីរាប់ពាន់ក្បាលនៅកណ្ដាលបឹងគួរឱ្យសប្បាយរីករាយ ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ទីរួមខេត្តឧត្តរមានជ័យ មានទំហំ១៤០០ម៉ែត្រ x ៩១០,៩ម៉ែត្រ…។ ក្រសួងទេសចរណ៍ បានគូសបញ្ជាក់យ៉ាងដូច្នេះថា តាមប្រវត្តិរមណីយដ្ឋានបឹងស្នោ ប្រជាជនក្នុងស្រុកនេះបាននិយាយតៗគ្នាថា កាលពីដើមឡើយបឹងនេះមានដើមស្នោដុះយ៉ាងច្រើនសន្ធឹកសន្ធាប់នៅផ្នែកខាងជើង និងខាងកើត។ ម្យ៉ាងវិញទៀត នៅចំកណ្ដាលបឹងសម្បូរទៅដោយ ដើមកក់ ដើមភ្លង់ និងដើមឈូក ដែលអាចផ្ដល់ជម្រកដល់ពពួកមច្ឆា និងសត្វស្លាបជាច្រើនប្រភេទមានដូចជា៖ ទោម ប្រវឹក កុក ។ល។ បន្ថែមលើសនេះ ក្រសួងបន្តថា ដោយមានការជួយជ្រោមជ្រែងពីអាជ្ញាធរខេត្ត និងបងប្អូនប្រជាពលរដ្ឋ ទើបបានរៀបចំជីកបឹងឱ្យជ្រៅ ដើម្បីរក្សាទឹកទុកនៅរដូវប្រាំង សម្រាប់ប្រជាជនប្រើប្រាស់ហើយ បានរៀបចំសួនច្បារដាំដើមឈើព័ទ្ធជុំវិញយ៉ាងស្រស់ស្អាត មានខ្យល់អាកាសបរិសុទ្ធ និងតុបតែងលម្អដាក់រូបចម្លាក់ជាច្រើនតាមសួនច្បាររួមមាន៖ ដំរី សេះ ហង្ស នាគ ក្ងោក សម្រាប់ប្រជាជននៅក្នុងមូលដ្ឋានក៏ដូចជាទេសចរបានទស្សនាកម្សាន្តផងដែរ។ ជារៀងរាល់ឆ្នាំទីតាំងនេះ មានតួនាទីសំខាន់ណាស់ដោយរដ្ឋបាលខេត្ត និងមន្ទីរនានាជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋខេត្តឧត្ដរមានជ័យ តែងតែរៀបចំព្រឹត្តិការណ៍បុណ្យអុំទូក សំពះព្រះខែ អកអំបុក ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនា និងស្នាក់នៅឱ្យបានច្រើនក្នុងខេត្តឧត្តរមានជ័យ៕ សម្រួលដោយ ដោយ ទៀង បុណ្ណរី