តុលាការសម្រេចឃុំខ្លួនបុគ្គលក្លែងព្រះរាជសារព្រះមហាក្សត្រ និងបន្លំជាព្រះញាតិវង្ស
ភ្នំពេញ៖ ជនត្រូវចោទឈ្មោះ ហាក់ ឧត្តម ដែលត្រូវបានចាប់ខ្លួនពីបទក្លែងព្រះរាជសាររបស់ព្រះមហាក្សត្រ និងបន្លំជាព្រះញាតិវង្សនោះ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញអង្គភាពព័ត៌មាន ថា ចៅក្រមស៊ើបសួរលោក ហុក ពៅ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ០២៣ បានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ហាក់ ឧត្តមដាក់ពន្ធនាគារ បន្ទាប់ពីតំណាងអយ្យការបញ្ចប់ការស៊ើបសួរ និងបានចោទប្រកាន់ពីបទ ឆបោក បទក្លែងបន្លំឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង តាមមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៦២៩ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ។ សូមជំរាបជូនថា កាលពីពេលថ្មីៗកន្លងទៅនេះ មានព្រះរាជសារក្លែងក្លាយមួយត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម ដោយព្រះរាជសារនោះ និមន្ដ ព្រះធម្មវនវាសី ចន្ទ មុនី ដើម្បីទៅសម្ដែងធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនរបស់អង្គព្រះមហាក្សត្រ នៅស្រុកអង្គរជ័យ ខេត្តកំពត។ ក្រោយមកក្រសួងព្រះបរមរាជវាំង បានចេញមកបដិសេធព្រះរាជសារនោះ ហើយកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវជាបន្ដបន្ទាប់ ដើម្បីស្វែងរកប្រភពដែលក្លែងព្រះរាជសារនោះ។ ក្រោយបើកការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញបានឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអ្នកក្លែងព្រះរាជសាររបស់ព្រះមហាក្សត្រ ដែល ជនសង្ស័យឈ្មោះ ហាក់ ឧត្តម។ ក្រោយឃាត់ខ្លួនជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាខ្សែព្រះញាតិវង្សទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែង នៅម្តុំវិទ្យាល័យសម្តេចជាស៊ីមសន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោក នៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទ មុនី ទៅសម្តែងធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន។ ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្ន ចំពោះការចែករំលែកនូវព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលឲ្យខ្លួនក្លាយជាឈ្នាន់ បម្រើដល់ឧបាយកលរបស់ក្រុមជនឆបោក ព្រមទាំងត្រូវទទួលខុសត្រូវចំពោះច្បាប់ថែមទៀត៕ សម្រួលដោយ ទៀង បុណ្ណរី