ព្រះសង្ឃមួយអង្គចងក ក្រោយសុំញោមសឹកមិនបានសម្រេច
ខេត្តបាត់ដំបង ៖ ព្រះសង្ឃមួយអង្គបានសម្រេចធ្វើអត្តឃាតដោយចងក កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី០១ វិច្ឆិកា នៅចំណុចភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ដែលប្រភពខ្លះថា សង្ឃអង្គនេះកំរោលចូល រីឯប្រភពខ្លះថា ខឹងសុំញោមសឹកមិនបាន ។ មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ព្រះសង្ឃដែលសម្រេចធ្វើអត្តឃាតព្រះនាម ផាន់ សុភី អាយុ២៤ឆ្នាំ គង់នៅវត្តស្វាយប្រគាប ស្ថិតក្នុងភូមិ ឃុំខាងលើ។ សង្ឃអង្គនេះ បានយកចំរៀកស្បង់ ចង.កជាប់នឹងដើមដង្កោនៅកណ្ដាលវាលស្រែ ចម្ងាយពីវត្តប្រហែល៣០០ម៉ែត្រ ។ លោក ស៊ីម ពិទូ នាយប៉ុស្ដិ៍នគរបាលឃុំឈើទាលបានឲ្យដឹងថា សពភិក្ខុ ផាន់ សុភី ត្រូវបានគេរកឃើញចងកនៅលើដើមឈើ ត្រង់ចំណុចខាងលើ ក្រោយពីសាចញាតិដើររកជាច្រើនម៉ោងមិនឃើញ។ លោកបាននិយាយថា បើតាមការអះអាងពីក្រុមគ្រួសារថា ពេលខ្លះ ភិក្ខុអង្គនេះ ធ្លាប់មានអាការៈដូចកំរោលចូល ។ មុនពេលកើតហេតុ ព្រះអង្គបានព្យាយាមសុំឪពុកម្ដាយសឹក តែត្រូវឪពុកបដិសេធថា មិនសឹកទេ រហូតមានការប្រទាំងប្រទឹសគ្នា ។ លោកនាយប៉ុស្ដិ៍បានប្រាប់ថា ក្រោយពីឪពុករារាំងមិនឲ្យសឹក ភ្លាមៗនោះ ស្រាប់តែសង្ឃអង្គនេះ ហាក់ខឹងខ្លាំងក៏ចេញអាការៈកំរោលចូល ហើយបងប្អូនតាមដេញចាប់ តែក្រោយមកក៏បាត់មិនឃើញលោកនៅក្នុងវត្តឡើយ ។ ពេលនេះ ក្រុមគ្រួសារ បានព្យាយាមដើររក តែរកឃើញ លុះពេលប្រទះឃើញ បែរជាសង្ឃអង្គនេះចងកស្លាប់នៅលើដើមដង្កោបាត់ទៅហើយ។ បើតាមប្រវត្តិខ្លះ ដែលក្រុមគ្រួសារបានដឹងប៉ុន្មានឆ្នាំមុន ភិក្ខុ ផាន់ សុភី ធ្លាប់បួសនៅវត្តមួយនៅឃុំស្នឹង ស្រុកបាណន់ ។ កាលនោះ ចៅអធិការប្រចាំវត្តនោះ ហាមមិនអនុញ្ញាតឱ្យភិក្ខុ ផាន់ សុភី មន្តចេញបិណ្ឌដូចសង្ឃដទៃទេ ដោយសារតែភិក្ខុអង្គនេះ មានអាការៈកំរោលចូល ហើយអាចបង្កបញ្ហាពេលមន្តបិណ្ឌ ។ ក្រោយមក លោកក៏មន្តមកគង់នៅ «វត្តស្វាយប្រគាប» ខាងលើ ក៏មានរឿងនេះកើតឡើងតែម្ដង ។ នេះបើតាមលោក ស៊ីម ពិទូ មេប៉ុស្ដិ៍ឈើទាលដែលបានការបំភ្លឺខ្លះៗពីក្រុមគ្រួសារ ។ យ៉ាងណា ក្រោយមន្ត្រីជំនាញសួរនាំ និងត្រូតពិនិត្យ សាកសពភិក្ខុ ផាន់ សុភី ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ៕ សម្រួលដោយ ទៀង បុណ្ណរី