ធនាគារពិភពលោក៖ អាកាសធាតុប្រែប្រួលអាចមានឥទ្ធិពលមិនល្អថែមទៀត ដល់សេដ្ឋកិច្ចកម្ពុជា
ការព្យាករណ៍អាកាសធាតុបង្ហាញថា ទឹកជំនន់ និងការកើនឡើងនៃកម្តៅនៅថ្ងៃខាងមុខ នឹងបង្កហានិភ័យដល់សេដ្ឋកិច្ចកម្ពុជាកាន់តែអាក្រក់ទៅៗ ប្រសិនបើគេមិនចាត់វិធានការរកដំណោះស្រាយត្រឹមត្រូវណាមួយ ទៅលើផលប៉ះពាល់ទាំងនេះទេ។ នេះបើតាមរបាយការណ៍អាកាសធាតុ និងការអភិវឌ្ឍកម្ពុជារបស់ធនាគារពិភពលោក ដែលចេញផ្សាយនៅថ្ងៃអង្គារទី៣១តុលា ឆ្នាំ២០២៣។ របាយការណ៍ដដែលបានរៀបរាប់ថា៖«បើគ្មានវិធានការសម្របខ្លួន និងកាត់បន្ថយហានិភ័យបានត្រឹមត្រូវទេ ការប្រែប្រួលអាកាសធាតុអាចប៉ះពាល់រហូតដល់ទំហំ៩ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា នៅឆ្នាំ២០៥០ ហើយវានឹងទៅរុញឱ្យភាពក្រីក្រកើនឡើងរហូតដល់៦ភាគរយនៅឆ្នាំ២០៤០»។ ប្រទេសកម្ពុជា ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងរួចទៅហើយ ដោយការប្រែប្រួលអាកាសធាតុ ហើយរបាយការណ៍បានបន្ថែមថា ភាពប្រែប្រួលនៃរបបទឹកភ្លៀងកំពុងបង្កឱ្យមានគ្រោះរាំងស្ងួតកាន់តែញឹកញាប់ ខណៈពេលដែលភ្លៀងរដូវវស្សាបានចូលមកដល់ តែបែរជាមានទឹកជំនន់កាន់តែញឹកញាប់ និងខ្លាំងក្លាទៅវិញ។ ជាក់ស្តែងរបាយការណ៍បានកត់សម្គាល់ ពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរកាលពីឆ្នាំ២០១៥ និង២០១៦ បានប៉ះពាល់ដល់ខេត្តចំនួន១៨ ក្នុងចំណោម២៥ខេត្តក្រុង និងប៉ះពាល់ដល់ប្រជាជនជាង២,៥លាននាក់។ ក្នុងនោះការខាតបង់ផលិតកម្មស្រូវ ដែលបណ្តាលមកពីគ្រោះរាំងស្ងួតទាក់ទងនឹងបាតុភូត El Nino ក្នុងឆ្នាំ២០១៩ ត្រូវបានគេប៉ាន់ប្រមាណថា មានទឹកប្រាក់១០០លានដុល្លារអាម៉េរិក។ គួរបញ្ជាក់ថា នៅក្នុងខែកញ្ញា ឆ្នាំ២០២២ ភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំចុងក្រោយ បណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្តចំនួន១៤ ជាមួយនឹងគ្រួសារចំនួន៨ម៉ឺន៥ពាន់រងផលប៉ះពាល់ និងការបាក់ដីដែលនាំឱ្យមានការជម្លៀសប្រជាជនចំនួន៥ពាន់គ្រួសារ។ គួរជម្រាបថា កម្ពុជាបានសន្យាថា នឹងសម្រេចបាននូវអព្យាក្រិតកាបូនត្រឹមឆ្នាំ២០៥០។ ប៉ុន្តែដើម្បីសម្រេចបាននូវគោលដៅដ៏មានមហិច្ឆតានេះ គឺទាមទារឱ្យមានការផ្លាស់ប្ដូរជាច្រើន រួមមាន៖ ការកាប់បំផ្លាញព្រៃឈើ កែប្រែវិស័យថាមពល ការដឹកជញ្ជូន និងឧស្សាហកម្មទៅរកការបញ្ចេញកាបូនទាប។ របាយការណ៍ធនាគារពិភពលោកបានកត់សម្គាល់ពីកត្តាអំណោយផលដែរថា ការចំណាយកាន់តែថោកទៅលើបច្ចេកវិទ្យាថាមពលស្អាតទូទាំងពិភពលោក រួមទាំងថាមពលពន្លឺព្រះអាទិត្យ បង្ហាញពីឱកាសបន្ថែមទៀតសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ ក្នុងការសម្រេចឱ្យបានអព្យាក្រិតកាបូន។ ជាក់ស្តែង តម្លៃបន្ទះសូឡានៅកម្ពុជាបានធ្លាក់ចុះអស់ជិត១៣ភាគរយហើយ ចាប់ពីឆ្នាំ២០១៦មក ខណៈតម្លៃរបស់វាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះបន្ថែមទៀត។ នេះជាការបើកផ្លូវដល់កម្ពុជា ក្នុងការប្រើប្រាស់ថាមពលបៃតងកាន់តែច្រើន៕ សម្រួលដោយ ទៀង បុណ្ណរី