ព្រះសង្ឃមួយព្រះអង្គ ព្រះនាម ចន្ទ មុនី នៅខេត្តកំពង់ឆ្នាំង បាននិមន្តទៅកាន់ទឹកដីអង្គររយៈពេល៣ថ្ងៃនោះ ត្រូវបានគេរាយការណ៍ថា
រាជធានីភ្នំពេញ ៖ អំឡុងពេលចុងសប្តាហ៍កន្លងមកនេះ ចាប់ពីថ្ងៃទី២៨ រហូតដល់ទី៣០ ខែតុលា ឆ្នាំ២០២៣ ព្រះសង្ឃមួយព្រះអង្គ ព្រះនាម ចន្ទ មុនី នៅខេត្តកំពង់ឆ្នាំង បាននិមន្តទៅកាន់ទឹកដីអង្គរ។ រយៈពេល៣ថ្ងៃនោះ ត្រូវបានគេរាយការណ៍ថា បានទាញយកភ្ញៀវទេសចរជាតិបែបសាសនាប្រមាណជា២១ម៉ឺននាក់ នៅទឹកដីសៀមរាបអង្គររបស់យើង។ ប្រជាពលរដ្ឋខ្មែរ ទាំងក្មេង ទាំងចាស់ មកពីបណ្តារាជធានី និងខេត្តនានា បាននាំគ្នាទៅកាន់ខេត្តសៀមរាបយ៉ាងច្រើនកុះករ ដើម្បីបានទៅជួបព្រះសង្ឃ ព្រះធម្ម វនវាសី ចន្ទ មុនី ហៅ សង្ឃធុដង្គ នៅប្រាសាទអង្គរ និងទីកន្លែងផ្សេងៗទៀតនៅក្នុងក្រុងសៀមរាប។ បងប្អូនប្រជាពុទ្ធបរិស័ទទាំងនោះ បានចាត់ទុកថា ព្រះសង្ឃ ចន្ទ មុនី មានព្រះបារមីដ៏ខ្លាំងពូកែ ដែលគួរឲ្យជាទីគោរព។ វត្តមានប្រជាពលរដ្ឋច្រើនកកុញនៅប្រាសាទអង្គរវត្ត ក៏បានបង្កឱ្យមានសំរាមនៅពាសវាលពាសកាល ក្រោយពីការជួបជុំនោះរួច។ ការបោះចោលសំរាម កាកសំណល់ ចំណីអាហារដូច្នេះ ត្រូវបានគេលើកឡើងថា មកពីនៅប្រាសាទអង្គរវត្ត មិនមានដាក់ពង្រាយធុងសំរាមច្រើន ព្រោះវាមានផលប៉ះពាល់ដល់សោភ័ណ្ឌភាពប្រាសាទអង្គរ។ ដោយសារតែមិនមានធុងសំរាម ទើបប្រជាពលរដ្ឋបោះចោលសំរាមពាសវាលពាសកាលដូច្នេះ។ ដូច្នេះគេលើកឡើងថា អ្នកដើរលេងកម្សាន្ត និងប្រជាពលរដ្ឋដែលទៅជួបជុំចង់ជួបថ្វាយបង្គំព្រះសង្ឃ ចន្ទ មុនី មិនត្រូវយកសំរាមច្រើនទៅតាមខ្លួនទេ ហើយត្រូវតែនាំយកសំរាមទាំងនោះតាមខ្លួនវិញ ព្រោះកន្លែងបេតិកភណ្ឌ គឺជាកន្លែងព្រលឹងដូនតា បុព្វបុរសខ្មែរយើង មិនត្រូវបោះចោលសំរាមពាសវាលពាសកាលដូច្នេះឡើយ។ គេលើកឧទាហរណ៍ថា នៅស្រុកគេ សំរាមរបស់អ្នកណា គឺអ្នកនោះត្រូវដាក់ចូលហោប៉ៅរបស់គេ ឬក៏វេចខ្ចប់យកតាមខ្លួន ក្រោយទទួលទានរួច។ មិនដូច្នេះទេ ត្រូវវេចកាន់កាកសំណល់សំរាមទាំងនោះទៅរកកន្លែងបោះចោលសំរាមនៅគំនរសំរាម ឬនៅធុងសំរាមដែលនៅជិតៗនោះ។ ហើយក៏មានការលើកឡើងទៀតថា បើមានធុងសំរាមច្រើនដាក់ពង្រាយនៅតាមទីសាធារណៈ តាមប្រាង្គប្រាសាទ ដោយរចនាឱ្យមានបែបបទ គឺមិនប៉ះពាល់ដល់ប្រាង្គប្រាសាទបុរាណយើងទេ។ បើមានធុងសំរាមដាក់ពង្រាយច្រើនហើយ ពេលនោះប្រជាពលរដ្ឋខ្មែរយើងបោះចោលសំរាមក្រៅធុងសំរាមទៀត ទើបជាបញ្ហា។ ម្យ៉ាងទៀត អ្នកលក់ដូរ រួមទាំងអាជ្ញាធរ សមត្ថកិច្ច ដែលមើលការខុសត្រូវទីសាធារណៈ និងប្រាសាទបុរាណទាំងនោះ គួរតែចូលរួមអប់រណែនាំ និងចែកថង់ប្លាស្ទិក សម្រាប់ឱ្យប្រជាពលរដ្ឋទុកដាក់សំរាមយ៉ាងហោចណាស់ ក៏បានវេចខ្ចប់ដាក់មួយដុំដែរ។ អ្នកលក់ ក៏ត្រូវតែចូលរួមសម្អាតបរិស្ថាននៅកន្លែងលក់ដូររបស់ខ្លួន ដោយបោសសម្អាត និងវេចខ្ចប់សំរាម កាកសំណល់ទាំងនោះផងដែរ។ ទោះយ៉ាងណាក៏ដោយ ក្រោយការជួបជុំនោះ ហើយមានសំរាមនៅពាសវាលពាសកាល ក៏មានមន្ដ្រីអាជ្ញាធរជាតិអប្សរា អ្នកនាំភ្ញៀវ និងក្រុមយុវជន បានចូលរួមប្រមូលរើសសំរាមទាំងនោះ ដើម្បីសោភណ្ឌភាពប្រាង្គប្រាសាទយើងផងដែរ។ អស់ពីការជួបជុំមនុស្សច្រើន បង្កើតសំរាមពាសវាលពាសកាលហើយ ក៏នៅមានករណីអ្នកលក់ដូរខ្លះបានកា.ប់ភ្ញៀវមិនដាក់ទឹក។ នោះគឺទឹកបរិសុទ្ធ១ដប ដែលធ្លាប់តែលក់តម្លៃ១ពាន់រៀល បែរជាពេលមានមនុស្សច្រើនលក់ដល់ថ្លៃ១ដប១ដុល្លារ ឬ៤០០០រៀលទៅវិញ។ នេះគ្រាន់តែទឹកបរិសុទ្ធ១ដប ចុះនៅនំចំណីអាហារផ្សេងទៀត រួមទាំងសេវាដឹកជញ្ជូន តើអ្នកលក់ និងអ្នកផ្តល់សេវាដឹកជញ្ជូនដូច្នេះ ឡើងថ្លៃកម្រិតណា0x017d7។ នេះគឺជារឿងថ្មីមួយទៀត ដែលអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការលើក្រុមអ្នកលក់ដូរខិលខូចមួយចំនួននៅតំបន់អង្គរ ខណៈដែលអាជ្ញាធរ សមត្ថកិច្ច និងផ្នែកពាក់ព័ន្ធកំពុងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរ ក្រោយស្ងប់ស្ងាត់អស់រយៈពេលយូរតាំងពីមុនផ្ទុះជំងឺកូវីដ១៩ ទៅទៀត។ អំពីជំនឿរបស់ប្រជាពលរដ្ឋខ្មែរយើងមួយចំនួនវិញ! សូមជឿដោយបញ្ញា ដោយការត្រឹះរិះពិចារណាលើហេតុផល។ កុំគ្រាន់តែល្បីតាមគ្នាថា ព្រះសង្ឃនេះ ព្រះសង្ឃនោះ មានបារមីពូកែ ឬជាទេវតាដើរដី ក៏ផ្អើលតាមគ្នាជឿដែរ។ ជាក់ស្តែង អំឡុងពេលមនុស្សរាប់ម៉ឺននាក់ចូលរួមទទួលការនិមន្តដល់របស់ព្រះធម្ម វនវាសី ចន្ទមុនី នៅអង្គរវត្ត គឺឮតែគេនិយាយពីបារមីរបស់ព្រះអង្គ ដោយមិនមានឮអ្នកនិយាយថា ព្រះអង្គឲ្យឱវាទយ៉ាងណាទេ។ ដូច្នេះអ្នកខ្លះដែលពោលពាក្យថា ជ្រះថ្លានឹងព្រះអង្គណាស់ គួរតែនាំគ្នាទៅស្តាប់ឱវាទរបស់ព្រះអង្គតាមបែបធម៌ព្រះពុទ្ធ ជាជាងទៅឱ្យព្រះអង្គប្រោសព្រំ សុំសេចក្តីសុខ ឬក៏ទៅជួប ដើម្បីថតរូបបង្ហោះហ្វេសប៊ុក។ ម្យ៉ាងទៀត ចូរកុំភ្លេចថា ព្រេងវាសនា តែងតែរត់ទៅរកជនទាំងឡាយណាដែលខិតខំព្យាយាម មិនដេកទ្រមក់-ហួសពេលវេលា មិនកើតទុក្ខចំពោះសេចក្តីវិនាសអន្តរាយ ជនដែលមានសេចក្តីក្លាហាន អ្នកដឹងនូវឧបការៈគុណរបស់អ្នកដទៃ និងជាអ្នកមាននូវចិត្តល្អមាំមួន នៅក្នុងសន្តានដោយខ្លួនឯង មិនមែនមកពីទីលំនៅ ជាហេតុនោះទេ៕ សម្រួលដោយ ទៀង បុណ្ណរី