នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធក្លែងព្រះរាជសារក្នុងការនិមន្តព្រះភិក្ខុ វន វាសី

ជនសង្ស័យម្នាក់ដែលបានក្លែងព្រះរាជសារព្រះមហាក្សត្រ ដែលត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម នាពេលកន្លងមក ត្រូវបានកម្លាំងនគរបាលជាតិ ចាប់ឃាត់ខ្លួនបានហើយ ក្រោយការបើកប្រតិបត្តិការស្រាវជ្រាវប៉ុន្មានមកនេះ។  ការចាប់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ ក្រសួងព្រះបរមរាជវាំង បានចេញមកបដិសេធចំពោះការក្លែងបន្លំព្រះរាជសារ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានចែកចាយនៅតាមបណ្តាញទំនាក់ទំនងសង្គម និងដោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលផងនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ  បើកប្រតិបត្តិការស្រាវជ្រាវរកមុខជនល្មើស រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហាក់ ឧត្តម ភេទប្រុស កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។   ក្រោយឃាត់ខ្លួននេះ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន។ ជនសង្ស័យរូបនេះ បានរៀបរាប់ថា ខ្លួនបន្លំជាខ្សែព្រះញាតិវង្សទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែង​ នៅម្តុំវិទ្យាល័យសម្តេច ជា ស៊ីម សន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោកនៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្ម វន វាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនាក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាននេះ។ ប៉ុន្តែ ក្រោយការចែកចាយលិខិតជាសាធារណៈ ក្រសួងព្រះបរមរាជវាំង តាមរយៈសេចក្ដីប្រកាសរបស់ខ្លួន បានបដិសេធចំពោះលិខិតនេះ ហើយអះអាងថា ជាព្រះរាជសាក្លែងក្លាយ ដែលត្រូវបានចែកចាយដោយជនអនាមិក។     ជុំវិញករណីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវដល់សាធារណជនបង្កើនការប្រុងប្រយ័ត្នចំពោះការចែករំលែកនូវព័ត៌មាន ដែលមិនមានប្រភពច្បាស់លាស់ ដែលអាចបណ្តាលឱ្យខ្លួនក្លាយជាឈ្នាន់បម្រើដល់ឧបាយកលរបស់ក្រុមជនឆបោក ព្រមទាំងត្រូវទទួលខុសត្រូវចំពោះច្បាប់ថែមទៀត៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង